រាជធានីភ្នំពេញ ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានរិះគន់យ៉ាងខ្លាំងទៅលើក្រុមអ្នកនយោបាយប្រឆាំងដែលនៅតែមិនយល់ទាក់ទិននឹងទំហំនៃផ្ទៃដី ដើម្បីបំភ្លឺជនអគតិដែលនៅតែបន្តមួលបង្កាច់សភាពការណ៍ ។ ប៉ុន្តែអត្ថបទគោលនេះបានបោះពុម្ពចេញហើយ ម៉េចក៏មិនមើល… ? ខ្ញុំនិយាយអំពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានរិះគន់ទៅលើក្រុមអ្នកនយោបាយប្រឆាំងបែបនេះនាព្រឹកថ្ងៃទី២៥ កញ្ញា ឆ្នាំ២០១២ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៃសាកលវិទ្យាល័យជាតិគ្រប់គ្រងចំនួន៥.៤៧៣នាក់ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា បញ្ហាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញមិនមែនអ្នកណាក៏ចេះតែធ្វើទេ គឺនិយាយអំពីការសិក្សាទាក់ទងនឹងវិសោធនកម្មរដ្ឋធម្មនុញ្ញ ។ ប៉ុន្តែមានអ្នកនយោបាយរបស់បក្សប្រឆាំងម្នាក់បានលើកឡើងថា រដ្ឋធម្មនុញ្ញអត់មានដាក់ផ្ទៃដីផង ចាំបាច់ទៅធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញធ្វើអ្វី ។ ទាក់ទិននឹងការលើកឡើងរបស់អ្នកនយោបាយប្រឆាំង សម្តេចតេជោបានរិះគន់ថា នេះចំជាមិនដឹង ប្រភេទភ្លើណាស់ធ្វើយ៉ាងម៉េចឱ្យតែគេជេរ រួចដល់ពេលគេជេររិះគន់ តាំងខ្លួនឯងថាគេហ្នឹង …។
សម្តេចមានប្រសាសន៍ថា សូមផ្តាំទៅបើលេងកុំខឹង បើខឹងកុំលេង នៅពេលដែលថាទៅវិញ បែរជាថាគេគំរាម បំបិទសិទ្ធិ បើខ្លួនឯងនិយាយគ្មានដឹងអីអីុចឹងមិនឱ្យគេថា? សម្តេចមានប្រសាសន៍ថា ធ្វើនាយករដ្ឋមន្ត្រីមិនស្គាល់រដ្ឋធម្មនុញ្ញយ៉ាងម៉េចនឹងកើត ។ នៅក្នុងអត្ថបទនោះគេបាននិយាយថា មុនពេលការវាស់វែងហើយស្រេច យើងនៅប្រើប្រាស់ផ្ទៃដី១៨១.០៣៥ គីឡូម៉ែត្រក្រឡាសិន ។ បើមានតម្រូវការចាំបាច់ ត្រូវធ្វើវិសោធនកម្មឬទេ? ពាក់ព័ន្ធនឹងបញ្ហានេះគឺស្ថិតនៅត្រង់ថា ប្រទេសកម្ពុជាមានព្រំដែនជាមួយ៣ប្រទេស ព្រំដែនខាងកើតកម្ពុជាត្រូវប្រើផែនទីខ្នាត១/១០០.០០០ បោះពុម្ពដោយក្រុមភូមិសាស្ត្រឥណ្ឌូចិនមុនឆ្នាំ១៩៥៣ នៅក្នុងរដ្ឋធម្មនុញ្ញគឺអត់បានដកចេញទេ ហើយគេពុំយកនៅឆ្នាំ១៩៣៣ទេ ។
បើសិនជាចងដៃខ្លួនឯងគឺនៅឆ្នាំ១៩៣៣ ហើយយើងកំពុងតែអនុវត្តនូវការចរចាដែលពាក់ព័ន្ធជាមួយមុនឆ្នាំ១៩៥៣ គឺមានកន្លែងមួយនៅឆ្នាំ១៩១៤ដែលប្រើប្រាស់កិច្ចព្រមព្រៀងវៀតណាមលើព្រំដែនគោក ដែលបានចែងថា ផែនទីខ្នាត១/១០០.០០០បោះពុម្ពដោយក្រុមភូមិសាស្ត្រឥណ្ឌូចិន មុនឆ្នាំ១៩៥៤ ឬកាលបរិច្ឆេទកៀកបំផុតនៅឆ្នាំ១៩៥៤ ។
ផែនទីខាងកើតអត់មានអ្នកណាគេដូរទេ ។ កុំចេះតែថា តើមានបានមើលទេ ផែនទីជាមួយប្រទេសថៃមិនមែនខ្នាត១/១០០.០០០បោះពុម្ពដោយក្រុមភូមិសាស្ត្រឥណ្ឌូចិនឯណា គឺផែនទីខ្នាង១/២០០.០០០ដែលបោះពុម្ពឆ្នាំ១៩០៤-១៩០៧ឯណោះ ។ បើសិនជាអស់លោកគិតផលប្រយោជន៍ជាតិពិតប្រាកដមិនគប្បីធ្វើរបងផ្ទះតែម្ខាងទេ នេះគឺអស់លោកចង់បំពេញចន្លោះប្រហោងស្តីអំពីបញ្ហាការធ្វើរបងផ្ទះតែម្ខាង ឯព្រំដែនជាមួយឡាវប្រើប្រាស់ផែនទីខ្នាត១/១០០.០០០ បោះពុម្ភដោយក្រុមប្រឹក្សាឥណ្ឌូចិនមុនឆ្នាំ១៩៥៣ដែរ ។ ឥឡូវសូមមើលក្នុងរដ្ឋធម្មនុញ្ញ តើមានអ្វីជាអាថ៌កំបាំង បញ្ហាដែលយើងត្រូវគិតទាំងអស់គ្នាគឺនៅត្រង់ហ្នឹង ។ ប៉ុន្តែបើសិនជាស្រឡាញ់ជាតិពិតប្រាកដ គួរតែគិតទាំងខាងកើត ទាំងខាងលិច ទាំងខាងជើង ព្រោះព្រំដែនខ្មែរគឺមិនមែនតែជាមួយនឹងវៀតណាមទេ គឺមានព្រំប្រទល់ជាមួយថៃ និងជាមួយឡាវដែរ ក្រៅពីនោះមានព្រំដែនទឹកទៀត ។ សម្តេចតេជោ មានប្រសាសន៍ថា ខ្ញុំយល់ មិនបាច់ដាក់ផ្ទៃដីចូលទេ ទោះបីជាលើកថា វិសោធនកម្មរដ្ឋធម្មនុញត្រូវធ្វើប្រជាមតិ ខ្ញុំអត់ខ្លាចទេ បើសិនជាមានការចាំបាច់ត្រូវធ្វើប្រជាមតិ ខ្ញុំយល់ដែរតើ ។
ពេលខ្ញុំធ្វើនយោបាយ ខ្ញុំហូបអំបិលច្រើនជាងអស់លោកហូបបាយ កូនចារកម្ម កាន់តែរើកាន់តែតឹងក ហេតុអីក៏មិនមើលអត្ថបទគោលនោះ មិនមែនអ្នកណាចេះតែកែបានទេ រដ្ឋធម្មនុញ គឺត្រូវធ្វើសំណើបែបបទ បន្ទាប់មកព្រះមហាក្សត្រត្រូវសួរទៅក្រុមប្រឹក្សាធម្មនុញ្ញ គេហាមប៉ះពាល់ដល់របបរាជានិយមអាស្រ័យធម្មនុញ្ញ និងរបបប្រជាធិបតេយ្យសេរីពហុបក្ស គេហាមកែចំណុចនេះ ។
ឥឡូវនេះ ខាងផ្នែកអ្នកច្បាប់របស់យើងកំពុងតែសិក្សានៅឡើយទេ តែខ្ញុំមានការចាំបាច់ត្រូវនិយាយដើម្បីបំភ្លឺដល់អ្នកហ្នឹង ព្រោះអ្នកនេះនៅបន្តដើរតទៅទៀត ។ គេអត់មានការចាំបាច់ដាក់ទឹកដីនៅក្នុងរដ្ឋធម្មនុញ្ញហ្នឹងទេ គេដាក់ផែនទី កុំល្ងង់ពេក ។ ពួកនេះទៅនិយាយម្តងរួចហើយ ទៅនិយាយនៅខេត្តតាកែវទៀត ។ ធម្មតាទេសម្តីអ្នកឯងថាឱ្យខ្ញុំ ខ្ញុំថាឱ្យវិញ ហើយខ្ញុំជេរទៅទៀត ព្រោះវាមានចេតនាតែម្តង ។
សម្តេចបានលើកសំណួរថា តើព្រំដែនជាមួយថៃជាផែនទីខ្នាត១/១០០.០០០បោះពុម្ពដោយក្រុមភូមិសាស្ត្រឥណ្ឌូចិនឆ្នាំ១៩៣៣-១៩៥៣ មែនឬមិនមែន? បើឆ្លើយថាមិនមែនមានន័យថា យើងរាល់ថ្ងៃនេះមានព្រំដែនតែជាមួយវៀតណាម និងឡាវទេ ព្រោះការបោះពុម្ពដូចគ្នាខ្នាតផែនទីដូចគ្នា ។
ប៉ុន្តែប្រើជាមួយថៃអត់បានទេ ក្នុងពេលដែលយើងចុះMOUឆ្នាំ២០០០ ជាមួយថៃ គឺប្រើខ្នាត១/២០០.០០០ ។ ដូច្នេះមានន័យថា កម្ពុជាដាក់ផែនទីតែម្ខាង ។ បើអស់លោកជាមនុស្ស អស់លោកជាជនជាតិកម្ពុជា គិតទឹកដី អស់លោកគួរពិនិត្យមើលឱ្យច្បាស់ ហើយពិនិត្យសម្តីខ្ញុំឱ្យច្បាស់ ។
នៅពេលមុនយើងមានការវាស់វែងរួចរាល់ យើងប្រើជាបណ្តោះអាសន្ន១៨១.០៣៥គីឡូម៉ែត្រការ៉េ។ អីុចឹង ភាពជាក់លាក់របស់វាស្ថិតនៅលើផែនទី ដូចជាដីរបស់កសិករដែលយើងបានចុះទៅវាស់វែងនោះ គឺយើងក៏ត្រូវដឹងព្រំប្រទល់ថាខាងកើតត្រឹមណា ខាងលិចត្រឹមណា ខាងជើងត្រឹមណា ខាងត្បូងត្រឹមណា ស្រុកខ្មែរក៏ដូចគ្នាដែរ ។ ប៉ុណ្នឹងហើយមិនស្រងល់ នៅតែជ្រើមមកទៀត យូរៗគេថាឱ្យម្តងមុខក្រាស់មែនមួយនេះ ច្បាស់ជាមុខក្រាស់ ឥឡូវគេលែងទុកចិត្តហើយមាន២នាក់ ។
សម្តេចបានបញ្ជាក់ថា សូមប្រជាពលរដ្ឋមើលឱ្យមែនទែន តើយើងពិតជាបានបោះបង្គោលតែម្ខាងទេ ម្ខាងទៀតអត់…គឺបោះទាំង២ ហើយបើយើងប្រើតែម្ខាងគឺប្រើអត់មានន័យអ្វី ផែនទីរបស់យើងជាមួយថៃគឺផែនទីបោះពុម្ពតាំងពីឆ្នាំ១៩០៧-១៩០៩ ផ្អែកលើអនុសញ្ញា-សន្ធិសញ្ញាបារាំង-សៀម១៩០៤-១៩០៧ឯណោះ ឱ្យវាយល់ ។ មិនតែត្រឹមហ្នឹងទេ វានៅមានបញ្ហាអធិបតេយ្យដែនសមុទ្រទៀត យើងកំពុងសិក្សាវាមិនទាន់បានអីផងវាទៅទៀតហើយ ។
ខ្ញុំអត់ចេញឈ្មោះទេ ប៉ុន្តែគេស្គាល់មុខពួកអស់ហ្នឹង ។ ម្សិលមិញមើលកាសែត ឃើញគណបក្សណាគេពហិកាមិនចូលរួមបោះឆ្នោត ។ ទាក់ទងនឹងរឿងនេះ សម្តេចមានប្រសាសន៍ថា បើអីុចឹងក៏ស្រួលដែរ បក្សនានាត្រៀមខ្លួនឱ្យហើយទៅសំឡេងឆ្នោតណាដែលមិនបោះឱ្យគណបក្សប្រជាជន បោះឱ្យគណបក្សដែលគេចូលរួមទៅ..យី,ចាញ់គេទៅខឹងអាប៊ីត..ម្យ៉ាងរបស់គេដែរ តែវាជាសិទ្ធិរបស់គេដែរ តែច្បាប់គឺច្បាប់ អត់មានយកឆន្ទៈនយោបាយមកលេងច្រឡូកច្រឡំជាមួយទេ ច្បាប់មានហើយ ។
ប្រហែលជារកលុយចិញ្ចឹមប្រពន្ធអត់បានទេច្រើនយ៉ាងនេះហើយទៅរួច ។ មួយទៀតប្រុងបោកអាមេរិកាំងដើម្បីរកខ្មែរណាម្នាក់ការហើយយកទៅអាមេរិក ។ ទៅរៃអង្គាសខ្មែរនៅក្រៅប្រទេសយកមកចិញ្ចឹមប្រពន្ធចុងនៅស្រុកខ្មែរ ។ ខ្ញុំមិនថាឱ្យអ្នកណាទេ អ្នកណាមានខ្លួន ខ្វះលុយបោះឆ្នោតពហិកាទៅ មិនចូលរួមបោះឆ្នោតកោតទៅរួច ។
កាលពីលើកមុនខ្ញុំបញ្ជាក់នៅទីនេះអំពីបញ្ហាដីលើស គឺដីខ្មែរនៅក្នុងព្រំដែនរបស់ខ្លួនតែប៉ុណ្ណឹង គ្រាន់តែវិធីវាស់វែងកាលពីជំនាន់បារាំងគឺវិធីវាស់វែងខេត្តមួយៗ គេយកមកផ្គុំ ហើយមានកំណត់តួលេខអគ្គលេខាធិការបារាំងទៅអគ្គទេសាភិបាលបារាំង ផ្ទៃក្រឡាមួួយទៅ..ឥឡូវហ្នឹងផ្ទៃដី វាអត់ទៅណាទេវានៅដដែល ព្រំដែនវានៅដដែលប៉ុន្តែការវាស់វែងរបស់យើងទំហំផ្ទៃដីវាមានច្រើនជាង១៨១.០៣៥គីឡូម៉ែត្រក្រឡានោះ ។ ឯផ្ទៃដីយើងអត់ត្រូវដាក់ក្នុងរដ្ឋធម្មនុញ្ញទេ ក្នុងរដ្ឋធម្មនុញ្ញត្រូវការតែផែនទីប៉ុណ្ណោះ ដោយសារជុំវិញប្រទេសយើងអត់ប្រើផែនទីមួយទេប្រើផែនទីដល់ទៅ២ ៕
ចែករំលែកព័តមាននេះ