កីឡាករធីអូ វ៉លខុត អាយុ២៣ឆ្នាំ ខ្សែបម្រើក្លិបកាំភ្លើងធំ Arsenal ដែលត្រូវបញ្ចប់កិច្ចសន្យាជាមួយក្លិបនៅរដូវកាលក្រោយនោះមិនទាន់រកកិច្ចព្រមព្រៀងធ្វើការបន្តកិច្ចសន្យាថ្មីបានជាហេតុធ្វើឱ្យលេចឮដំណឹងថា កីឡាកររូបនេះនឹងត្រូវចាកចេញពីទឹកដីអេមីរ៉ាត ស្តេឌៀម របស់ Arsenal ខណៈលោកអាសេនវេងហ្គឺ គ្រូបង្វឹកជនជាតិបារាំងបានបញ្ជាក់ថា ត្រូវការបន្តកិច្ចសន្យាជាមួយកីឡាកររូបនេះឱ្យបានឆាប់បំផុត ។
ជាចុងក្រោយកីឡាករវ៉លខុត បានចេញមុខបញ្ជាក់ដោយផ្ទាល់ថា ខ្លួនមានសេចក្តីសុខជាមួយក្លិប និងសម្រេចចិត្តលេងឱ្យក្លិប Arsenal ជាបន្តដើម្បីក្លាយជាកីឡាករប្រវត្តិសាស្ត្រដូចរៀមច្បងកីឡាករធៀរី ហង់រី ។ កីឡាករវ៉លខុត បានបញ្ជាក់ដូច្នេះថា «ខ្ញុំត្រូវការក្លាយជាកីឡាករប្រវត្តិសាស្ត្ររបស់ក្លិប Arsenal ដូចកីឡាករធៀរី ហង់រី ដែលមកលេងឱ្យក្លិបនេះតាំងពីអាយុ២២ឆ្នាំ ដូច្នេះខ្ញុំត្រូវការដើរតាមគន្លងរបស់គាត់ ខណៈខ្ញុំអាចលេងក្នុងខ្សែប្រយុទ្ធល្អផងនោះ គឺជារឿងដ៏សំខាន់សម្រាប់ខ្ញុំ ទោះបីបច្ចុប្បន្នខ្ញុំលេងនៅខ្សែបម្រើក៏ដោយ ប៉ុន្តែក៏មានឱកាសលេងនៅខ្សែប្រយុទ្ធដែរ អាស្រ័យលើពេលវេលាប៉ុណ្ណោះ» ។
ស្របពេលជាមួយគ្នានេះកីឡាករខាងលើបានបញ្ជាក់បន្តទៀតថា «កត្តាប្រាក់មិនមែនជាបញ្ហាចម្បងដែលធ្វើឱ្យខ្ញុំមិនទាន់ចុះហត្ថលេខាបន្តកិច្ចសន្យាទេ ព្រោះខ្ញុំមិនមែនជាមនុស្សលោភលន់ និងមិនធ្លាប់ជាមនុស្សអាចបន្តកិច្ចសន្យាបានដោយសារប្រាក់ឡើយ ។ ប្រសិនបើខ្ញុំចង់បានប្រាក់ប្រហែលជាផ្លាស់ចេញតាំងពីរដូវកាលនេះ ប៉ុន្តែវាស្ថិតនៅលើការសម្រេចទាក់ទងនឹងបាល់ទាត់ច្រើនជាង» ៕
ចែករំលែកព័តមាននេះ