រាជធានីភ្នំពេញ ៖ ថ្វីដ្បិតមិនបានទទួលចំណាត់ថ្នាក់ដូចការគ្រោងទុកពីការប្រកួតបង្ហាញក្បាច់គុនលើកទី២របស់ខ្លួននៅក្នុងប្រទេសកូរ៉េ ប៉ុន្តែកីឡាល្បុក្កតោកម្ពុជា បែរជាទទួលភ្លើងខៀវយ៉ាងពិសេសពីបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ី ។ប្រទេសជាច្រើនកំពុងទាក់ទង និងយល់ព្រមឲ្យក្បាច់គុនរបស់ខ្មែរមួយនេះ មានមុខចូលបង្ហាត់សិស្សគុននៅក្នុងប្រទេសពួកគេក្នុងពេលឆាប់ៗខាងមុខនេះ ។
លោកគ្រូតាក្រមាមាសក្បាច់គុនល្បុក្កតោសាន គឹមស៊ាន ប្រធានកិត្តិយសសហព័ន្ធកីឡាល្បុក្កតោកម្ពុជាមួយជីវិត និងជាប្រធានបណ្ឌិត្យសភាល្បុក្កតោកម្ពុជា បានប្រាប់កោះសន្តិភាពកាលពីម្សិលមិញថា មានមូលហេតុជាច្រើនដែលធ្វើឲ្យល្បុក្កតោកម្ពុជា មិនមានលទ្ធភាពទទួលចំណាត់ថ្នាក់លេខ២ដូចកាលចូលរួមក្នុងឆ្នាំ២០១០ ។ ហេតុផលនោះ គឺបណ្ដាប្រទេសដែលជាគណៈកម្មការរៀបចំ គេបែរជាប្ដូរការផ្ដល់ពិន្ទុទៅលើភាពគគ្រឹកគគ្រេងនៃការសម្ដែងក្បាច់គុន ច្រើនជាងកំណត់លើស្នៀតល្អៗដូចមុនទៅវិញ។
កម្ពុជាបរាជ័យលើកនេះ មិនមែនមានន័យថា ល្បុក្កតោកម្ពុជាអន់ជាងគេនោះទេ ប៉ុន្តែអ្វីដែលសំខាន់ គឺកម្ពុជាមានការសម្ដែងតែ៤នាក់លើឆាក ដែលមើលទៅគឺហាក់ដូចជាសោះកក្រោះ មិនខុសពីអ្នកចម្រៀងឡើងឆាកគ្មានអ្នករាំអមនោះទេ ។ លោកបញ្ជាក់ថា បណ្ដាប្រទេសដែលទទួលបានចំណាត់ថ្នាក់ក្នុងឆ្នាំនេះ រួមមានលេខ១ប្រទេសកូរ៉េ លេខ២ប្រទេសវៀតណាម ដែលកាលពីឆ្នាំមុនបានត្រឹមលេខ៣ និងលេខ៣ប្រទេសប្រេស៊ីល ។
បើកត់សម្គាល់លើជ័យជម្នះនេះវិញ គឺប្រទេសទាំងនេះគេសម្ដែងបានល្អព្រោះតែភាពគគ្រឹកគគ្រេងម្យ៉ាងគត់ ដោយសារមួយប្រទេសៗមានគ្នាយ៉ាងហោចជាង១០នាក់ឡើងទៅ ។ មានប្រទេសខ្លះដូចជាកូរ៉េ និងប្រេស៊ីល គឺបានទាំងនាំយកវង់ភ្លេងរបស់ពួកគេមកសម្ដែងអមក្នុងពេលបញ្ចេញស្នៀតគុនបុរាណនោះទៀតផង ទើបមើលទៅគេល្អជាងកម្ពុជា ។ លោកបញ្ជាក់ថា ការកំណត់ចំណាត់ថ្នាក់សម្រាប់ការសម្ដែងក្បាច់គុនឆ្នាំនេះ គេផ្តោតតែលើប្រទេសណា ដែលបង្ហាញភាពរស់រវើកនៃក្បាច់គុនបានល្អ ហើយធ្វើឲ្យអ្នកទស្សនា និង គណៈកម្មការរំភើប និងចាប់អារម្មណ៍ប៉ុណ្ណោះ អីុចឹងហើយទើបល្បុក្កតោកម្ពុជា មិនជាប់លេខពីការប្រកួតដែលមានការចូលរួមដល់ទៅ១៦ប្រទេសលើកនេះ ។
លោកមិនតូចចិត្តទេ ដោយសារតែយល់ថា នោះមកពីកម្ពុជាពុំមានលទ្ធភាពបញ្ជូនកីឡាករឲ្យដល់១០នាក់ ឬជាង១០នាក់ ដើម្បីបង្ហាញក្បាច់គុនឲ្យមានភាពគគ្រឹកគគ្រេងដូចប្រទេសមួយចំនួន ។ លោកមានគម្រោងស្វះស្វែងរកជំនួយឧបត្ថម្ភ ឲ្យមានលទ្ធភាពបញ្ជូនកីឡាករទៅឲ្យបានច្រើនសម្រាប់ការប្រកួតឆ្នាំក្រោយ ដោយក្នុងនោះលោកក៏មានមហិច្ឆតានាំយកវង់ភ្លេងរបស់ខ្មែរ ទៅបង្ហាញក្នុងពេលចូលប្រកួតនោះផងដែរ ។ ទោះយ៉ាងណា ទន្ទឹមនឹងការបរាជ័យនេះក៏ល្បុក្កតោកម្ពុជាបានទទួលចំណាប់អារម្មណ៍ច្រើនពីប្រទេសធំៗមួយចំនួននៅអាស៊ី ដែលមើលឃើញពីលក្ខណៈពិសេសរបស់កីឡានេះ ។
លោកសាន គឹមស៊ាន បញ្ជាក់ថា គ្រាន់តែការសម្ដែងរបស់កម្ពុជា ត្រូវបញ្ចប់លើឆាកភ្លាម មានអ្នកទស្សនា និងតំណាងប្រទេសមិនតិចទេ បានស្នើឲ្យកម្ពុជា ធ្វើការបង្ហាញក្បាច់គុនដូចគ្នាដដែលៗទៀត នៅលើវាលស្មៅមួយខាងក្រៅសាលមហោស្រពព្យុងយុ ដោយមានអ្នកកាសែត និងអ្នកទស្សនាយ៉ាងច្រើនចោមរោមលើកទឹកចិត្ត។ ជាមួយនឹងចំណាប់អារម្មណ៍នេះ លោកទទួលបានការទាក់ទងយ៉ាងពិសេសមួយនោះគឺបណ្ដាប្រទេសមួយចំនួនសុំឲ្យលោកបញ្ជូនអ្នកជំនាញផ្នែកល្បុក្កតោទៅបង្ហាត់ដល់កូនសិស្សរបស់គេ ដើម្បីឲ្យជនជាតិរបស់ពួកគេស្គាល់ពីមរតកដ៏អស្ចារ្យមួយនេះរបស់ខ្មែរ។ ប្រទេសដែលចង់ហាត់រៀនក្បាច់គុនល្បុក្កតោពីកម្ពុជានោះរួមមាន ហ្វ៊ីលីពីន ឥណ្ឌា ម៉ាឡេស៊ី កូរ៉េ និងវៀតណាម ។
លោកមានប្រសាសន៍ថា បណ្ដាប្រទេសទាំងនេះបានជជែកពិភាក្សាជាមួយលោករួចហើយ ក្នុងពេលលោកស្នាក់នៅប្រទេសកូរ៉េ ។ កិច្ចពិភាក្សានោះ គឺពួកគេបានបើកភ្លើងខៀវឲ្យក្បាច់គុនល្បុក្កតោកម្ពុជាមានមុខឈរជើងដោយចំហនៅក្នុងប្រទេសរបស់ពួកគេ ដូចគ្នានឹងក្បាច់គុនតៃក្វាន់ដូ និងក្បាច់គុនល្បីៗមួយចំនួនរបស់ជប៉ុនដែរ។ គោលបំណងនៃកិច្ចពិភាក្សានោះ គឺទី១-ពួកគេសុំការអនុញ្ញាតបញ្ជូនជនជាតិរបស់ពួកគេ មកហ្វឹកហាត់ក្បាច់គុនល្បុក្កតោនៅកម្ពុជា និងទី២-ស្នើឲ្យកម្ពុជាបញ្ជូនអ្នកជំនាញផ្នែកល្បុក្កតោពីកម្ពុជា ទៅបង្ខឹកដល់សិស្សគុនរបស់ពួកគេ ដើម្បីឲ្យក្បាច់គុនខ្មែរមួយនេះកាន់តែមានគេស្គាល់។
លោកសាន គឹមស៊ាន បញ្ជាក់ថា ពេលនេះ ខាងសហព័ន្ធ ក៏ដូចខាងគណៈកម្មាធិការជាតិកីឡាអូឡាំពិកកម្ពុជា កំពុងត្រៀមបើកអង្គប្រជុំមួយ ដើម្បីស្វែងរកចម្លើយឆ្លើយតបនឹងសំណើនៃបណ្ដាប្រទេសទាំងនេះឲ្យបានឆាប់ ។ លោកនិយាយថា ប្រសិនបើកិច្ចប្រជុំពិតជាសម្រេចបញ្ជូនអ្នកជំនាញពីកម្ពុជា ទៅកាន់ប្រទេសទាំងនោះមែន នោះមានន័យថា ល្បុក្កតោកម្ពុជា នឹងត្រូវសាយភាយកាន់តែទូលាយនៅក្នុងសង្គមអាស៊ី ។ ប៉ុន្តែអ្វីដែលលោករំពឹងទុកមុន គឺផែនការអនុញ្ញាតឲ្យគ្រូៗ និងសិស្សគុនមកពីប្រទេសពួកគេ មានលទ្ធភាពមកទទួលការហ្វឹកហាត់នៅកម្ពុជាជាមុន ។
អីុចឹងហើយ ទើបខាងសហព័ន្ធ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ត្រូវតែបើកការប្រជុំជាបន្ទាន់ ដើម្បីស្វែងរកលទ្ធភាពរៀបចំទីតាំងហ្វឹកហាត់នៅក្នុងសហព័ន្ធល្បុក្កតោទាំងមូល ឲ្យមានស្ដង់ដាជាមុនសិន មុននឹងឆ្លើយតបទៅកាន់បណ្ដាប្រទេសអាស៊ីដែលបានស្នើ កុំឲ្យប្រទេសកម្ពុជាខ្មាសអន្តរជាតិ ព្រោះតែល្បុក្កតោកម្ពុជាល្បី តែទីតាំងហាត់មិនសមរម្យ ៕
ចែករំលែកព័តមាននេះ