រាជធានីភ្នំពេញ ៖ កាលពីថ្ងៃសៅរ៍ ទី២២ កញ្ញា សប្តាហ៍កន្លងទៅនៅសង្វៀនទូរទស្សន៍បាយ័នបឹងស្នោ កីឡាករ កែវ វិរៈ ដែលជាសិស្សច្បងកីឡាករ តក់ សោភ័ណ្ឌ បានជួបរឿងស៊យផ្ទួនៗមិនអាចស្តារមុខមាត់វិញបាន ព្រោះធ្លាប់់ជាជើងខ្លាំងអង្រួនសង្វៀនប្រដាល់រហូតមានអ្នកគាំទ្រច្រើនគួរសម បែរជាចាញ់ក្រោមដៃអ្នកថ្មីម្តងហើយម្តងទៀត ។
ទំនងខ្លាចបាត់បង់ប្រជាប្រិយភាពកីឡាករ កែវ វិរៈ មកពីក្លិបគជសារកីឡា បានប្រាប់ពីមូលហេតុដែលនាំឱ្យរូបលោកចេះតែចាញ់កីឡាករ តក់ សោភ័ណ្ឌ មកពីក្លិបអេភូថងកីឡា តាមរយៈកោះសន្តិភាពនាពេលនេះថា ៖ «ឱ្យតែចំវគ្គខ្ញុំឡើងរេញប៉ះជាមួយ តក់ សោភ័ណ្ឌ ខ្ញុំស៊យអត់មានពេលហ្វឹកហាត់ដិតដល់ប៉ុន្មានទេ ដែលផ្ទុយពីអ្នកប្រដាល់ដទៃដែលជិតដល់ពេលប្រកួតទោះគូល្បី មិនល្បី ក៏គេត្រូវការហាត់បំប៉នជាប្រចាំដើម្បីទប់ទល់គូប្រកួត»។
កែវ វិរៈ ដែលខំបកស្រាយលាងជម្រះភាពទន់ខ្សោយរបស់ខ្លួនបានប្រាប់ទៀតថា ដោយមិនគិតរឿងចាញ់កាលពីពេលថ្មីៗនេះ លោកធ្វើមិនបានល្អតាំងពីមួយឆ្នាំមុនមកម៉្លេះ ព្រោះតែលោកងាកមកចាប់មុខរបរលេងភ្លេងសម័យដល់យប់ៗពេក គ្មានពេលសម្រាកគ្រប់គ្រាន់ ហើយឆ្លៀតមកហាត់ប្រដាល់ទាំងត្រដាបត្រដួស ព្រោះតែមិនអាចកាត់ផ្តាច់បានដោយសារតែមានចិត្តស្រឡាញ់ ។ អីុចឹងហើយបានជាលោកចេះតែអន់ទៅៗ ខណៈដែលកីឡាករមួយចំនួនមិនថាតែ តក់ សោភ័ណ្ឌ ឬអ្នកណាឡើយ ឱ្យតែខំយកចិត្តទុកដាក់ហាត់រៀនតាមគ្រូពន្យល់នោះនឹងមានការកើនឡើងវិជ្ជាគុនជាក់ជាមិនខាន ។ ដូច្នេះហើយទើបកីឡាករ តក់ សោភ័ណ្ឌ ដែលបានហ្វឹកហាត់ដិតដល់នោះតែងតែឈ្នះលោកដែលមិនបានហ្វឹកហាត់ដិតដល់ ។
លោកនិយាយទៀតថា «ខ្ញុំចាញ់លើកទី៤នេះមែន តែខ្ញុំសប្បាយចិត្តព្រោះតែខ្ញុំវាយបានល្អច្រើនជាងមុនដោយអាចកំដរដៃគូបានដល់ប្រាំទឹកពេញ ហើយមានពេលខ្លះដៃគូខ្ញុំស្លន់ស្លោខ្លាចកណ្តាប់ដៃខ្ញុំម្តងៗដែរ ។ កុំតែភ្លាត់ស្នៀតនៅទឹកទីប្រាំបន្តិចដែលបណ្តោយឱ្យ តក់ សោភ័ណ្ឌ ទាត់ជើងក្រោមដួលច្រើនដងពេក ខ្ញុំពិតជាអាចសាងស្នាដៃល្អនាថ្ងៃនោះបាត់ហើយ ។ រីឯមហាជនដែលមកទស្សនាផ្ទាល់ក៏ជឿលើរូបខ្ញុំដែរ ព្រោះចាប់ពីទឹកទី២ដល់ទឹកទី៤ ខ្ញុំវាយសន្ធាប់បានច្រើនធ្វើឱ្យមានសំឡេងទះដៃអបអរយ៉ាងកងរំពង មិនអន់ប៉ុន្មានដែរ»។
ទោះជាយ៉ាងណា កីឡាករ កែវ វិរៈ បានរំសាយចិត្តសោកសៅបន្តិចក្រោយពីបានពន្យល់មូលហេតុប្រាប់ដល់អ្នកនិយមចូលចិត្តលោក ហើយលោកសន្យាថា នឹងប្រឹងប្រែងហ្វឹកហាត់ឱ្យអស់ពីលទ្ធភាពដោយមិនដេកតូចចិត្តរឿងអតីតកាលឡើយ ព្រោះលោកមានជំនឿថាថ្ងៃក្រោយលោកនឹងបានសងសឹកកីឡាករ តក់ សោភ័ណ្ឌ បានសម្រេចមិនខាន ដើម្បីបានស្ថិតក្នុងបញ្ជីកីឡាករល្បីឈ្មោះក្នុងពិភពប្រដាល់ដូចដើមវិញ ៕
ចែករំលែកព័តមាននេះ