ខេត្តបន្ទាយមានជ័យ ៖ យុវសិស្ស៣នាក់បានរងរបួសធ្ងន់និងស្រាល ដោយសារជិះម៉ូតូមួយគ្រឿងទៅបុករថយន្តយីឌុបពេញទំហឹង ខណៈរថយន្តនោះបម្រុងបត់ទៅខាងឆ្វេងដៃ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៤ កញ្ញា នៅលើកំណាត់ផ្លូវជាតិលេខ៥៦ ខាងជើងផ្សារចំការគរ ប្រមាណ៣០០ម៉ែត្រស្ថិតនៅភូមិផ្សារថ្មី ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ជនរងគ្រោះត្រូវបានប្រជាពលរដ្ឋបញ្ជូនទៅកាន់មន្ទីរពេទ្យឯកជនមួយនៅក្បែរនោះ ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកនីស្សាន់ ពណ៌ខៀវលាយខ្មៅ ធ្វើដំណើរពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុរថយន្តបម្រុងបត់ទៅខាងឆ្វេងដៃ រំពេចនោះស្រាប់តែគេឃើញអ្នកបើកបរម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរី២០១២ ពណ៌ខ្មៅ ជិះគ្នា៣នាក់បើកបរក្នុងទិសដៅបញ្ច្រាសគ្នាពីជើងទៅត្បូងយ៉ាងលឿនហើយជ្រុលទៅបុកចំហៀងរថយន្តពេញទំហឹងបណ្តាលឱ្យអ្នកបើកបរដួលបោកទៅនឹងថ្នល់បែកក្បាលហូរឈាមរងរបួសធ្ងន់ និងអ្នករួមដំណើរ២នាក់ទៀតរងរបួសស្រាល ។ យុវជនទាំង៣នាក់ត្រូវបានប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យវិសាលសុខ តែក្រោយមកអ្នករងរបួសធ្ងន់ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យមិត្តភាពកម្ពុជាជប៉ុន ស្រុកមង្គលបុរីបន្តទៀត ។
តាមប្រភពព័ត៌មានពីនគរបាលចរាចរខេត្តបានបញ្ជាក់ឱ្យដឹងថា អ្នករងរបួសធ្ងន់ឈ្មោះឆេង គឹមឡាក់ អាយុ១៨ឆ្នាំ ជាសិស្ស និងអ្នករួមដំណើរ២នាក់រងរបួសស្រាលមានឈ្មោះហា អាយុ១៨ឆ្នាំ ជាសិស្ស និងម្នាក់ទៀតឈ្មោះ តូ អាយុ២១ឆ្នាំ អ្នកទាំង៣រស់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។បន្ទាប់ពីកើតហេតុអ្នកបើករថយន្តបានរត់គេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ។ រថយន្តនិងម៉ូតូត្រូវបាននគរបាលចរាចរនាំយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ