រាជធានីភ្នំពេញ ៖ អំណោយជាថវិកានិងសម្ភារផ្ទះបាយព្រមទាំងគ្រឿងឧបភោគបរិភោគជាច្រើនទៀតត្រូវបានព្រះចៅអធិការវត្តជ្រោយបុទុមហៅវត្តព្រែកជ្រៃ ឧបត្ថម្ភដល់គណៈអភិបាលខណ្ឌដង្កោនិងអនុសាខាកាកបាទក្រហមខណ្ឌ សម្រាប់ទុកជួយដល់ប្រជាពលរដ្ឋក្រីក្រ និងជនរងគ្រោះដោយប្រការផ្សេងៗនៅក្នុងខណ្ឌ ។
ពិធីប្រគល់និងទទួលអំណោយខាងលើនោះបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១២ នៅក្នុងវត្តខាងលើនោះដែលមានទីតាំងស្ថិតនៅក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានលោក នុត ពុធដារ៉ា ជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាអភិបាលខណ្ឌដង្កោ បានដឹកនាំមន្ត្រីក្រោមឱវាទទៅទទួល ហើយព្រះភិក្ខុ សុវណ្ណបញ្ញោ នូ សាំង ព្រះចៅអធិការវត្តជ្រោយបុទុមហៅវត្តព្រែកជ្រៃ និងព្រះសង្ឃនៅក្នុងវត្តជាអ្នកប្រគល់ជូន ។
អំណោយដែលព្រះសង្ឃបរិច្ចាគដល់គណៈអភិបាលខណ្ឌដង្កោនាពេលនោះ រួមមាន សម្ភារ ផ្ទះបាយ១០ឈុត អង្ករ៥រយគីឡូក្រាម មី១០កេសតូច និង១០កេសធំ ទឹកស៊ីអីុវ៥យួរ ទឹកត្រី៥យួរ ត្រីខ១កេស ទឹកដោះគោ១កេស ទឹកក្រូច៥កេស ទឹកបរិសុទ្ធ៥កេស តែ១បាវ និងថវិកាចំនួន១លានរៀល ដែលសម្ភារថវិកានិងគ្រឿងឧបភោគបរិភោគខាងលើសរុបជាទឹកប្រាក់ចំនួន៦លានរៀល ។
នៅក្នុងឱកាសនោះលោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ បានថ្លែងនូវអំណរគុណយ៉ាងខ្លាំងចំពោះព្រះតេជគុណ សុវណ្ណបញ្ញោ នូ សាំង និងព្រះសង្ឃនៅក្នុងវត្តជ្រោយបុទុមហៅវត្តព្រែកជ្រៃ ដែលបានបរិច្ចាគនូវធនធានខាងលើឧបត្ថម្ភដល់សាលាខណ្ឌ ជាពិសេសដល់អនុសាខាកាកបាទក្រហមខណ្ឌដង្កោទុកដើម្បីជួយដល់ជនក្រីក្រជួបការខ្វះខាត និងអ្នកដែលជួបគ្រោះថ្នាក់ផ្សេងៗនៅក្នុងខណ្ឌ ។
លោកអភិបាលខណ្ឌបានសន្យាថា ក្រោយពីទទួលអំណោយនេះដល់ដៃ លោកនឹងយកទៅទុកដាក់ឱ្យបានស្រួលបួលនិងនាំយកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រជួបការលំបាកទាំងអស់នៅក្នុងខណ្ឌទាំងមូល មិនឱ្យព្រះចៅអធិការនិងព្រះសង្ឃនៅក្នុងវត្តនោះខកព្រះទ័យឡើយ ។ លោកក៏បានកោតសរសើរនូវទឹកព្រះទ័យរបស់ព្រះអង្គ ដែលខិតខំប្រមូលនូវេទយ្យទានខាងលើនេះគ្រប់ទីកន្លែងសន្សំបានមួយចំនួនធំរួចហើយបរិច្ចាគទុកសម្រាប់ជួយដល់ជនរងគ្រោះបន្តបែបនេះ ពិតជាចូលរួមនៅក្នុងសង្គមដ៏ប្រសើរបំផុត ។
ព្រះតេជគុណសុវណ្ណបញ្ញោ នូ សាំង បានមានសង្ឃដីកាថា នេះគឺជាអំណោយបន្តិចបន្តួចប៉ុណ្ណោះដែលជាការចែករំលែកដើម្បីជួយគ្នាទៅវិញទៅមកក្នុងពេលជួបការលំបាកខ្វះខាត។ម្យ៉ាងទៀតការបរិច្ចាគនេះគឺធ្វើឡើងទៅតាមលទ្ធភាពដែលព្រះអង្គមានដើម្បីផ្សារភ្ជាប់គ្នារវាងវិស័យពុទ្ធចក្រនិងអាណាចក្រដែលមិនអាចកាត់ផ្តាច់ពីគ្នាបាននេះ ឱ្យកាន់តែមានភាពស្អិតរមួតខ្លាំងឡើងថែមទៀត ៕
ចែករំលែកព័តមាននេះ