ខេត្តព្រះសីហនុ ៖ កម្មករស៊ីឈ្នួលកាប់ឆ្ការព្រៃធ្វើកន្លែងសង់ផ្ទះ៤នាក់ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋានស្រុកស្ទឹងហាវ នាំខ្លួនមកសាកសួរនៅអធិការដ្ឋានកាលពីវេលាម៉ោង៣ រសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១២ ។ ការនាំខ្លួននេះបន្ទាប់ពីពួកគេបានធ្វើសកម្មភាពកាប់ឆ្ការព្រៃអាកាស្សា ដើម្បីសង់ផ្ទះនៅលើដីស្របច្បាប់របស់អ្នកដទៃ ។
លោកវរសេនីយ៍ត្រី រស់ កី អធិការនគរបាលស្រុកស្ទឹងហាវ និងលោកអនុសេនីយ៍ឯក ចាន់ ភារម្យ អធិការរងទទួលបន្ទុកស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ បានឱ្យដឹងថា មនុស្សទាំង៤នាក់ដែលសមត្ថកិច្ចនាំខ្លួនមកសាកសួរ ១.ឈ្មោះ សាំង ថន ភេទប្រុស អាយុ៤៥ឆ្នាំ មានស្រុកកំណើតភូូមិព្រែកថ្មី ឃុំជ្រៃធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ២.ឈ្មោះ ថន វណ្ណះ ភេទប្រុស អាយុ២៣ឆ្នាំ (ជាកូនឈ្មោះខាងលើ) ៣.ឈ្មោះ គៀង មីុន ភេទប្រុស អាយុ៥៧ឆ្នាំ មានស្រុកកំណើតភូមិព្រៃវល្លិ ឃុំឡុកមៀង ស្រុកតាកូវ ខេត្តតាយីុង ប្រទេសវៀតណាម ។ បច្ចុប្បន្នស្នាក់នៅភូមិគិរីវ័ន្ត ឃុំស្ទឹងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ និង ៤.ឈ្មោះ គៀង ក្លយ ភេទប្រុស អាយុ១៨ឆ្នាំ (ត្រូវជាកូនឈ្មោះខាងលើនេះ) ។
លោកអនុសេនីយ៍ឯកចាន់ ភារម្យ អធិការរងទទួលបន្ទុកស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌបញ្ជាក់ឱ្យដឹងថា ការនាំខ្លួនអ្នកទាំង៤ខាងលើមកសាកសួរ គឺធ្វើឡើងទៅតាមពាក្យបណ្តឹងរបស់លោកជាម ផែន ជាម្ចាស់ដីបានដាក់ពាក្យបណ្តឹងនៅអាជ្ញាធរស្រុកស្ទឹងហាវសុំជួយអន្តរាគមន៍ ដោយចោទអ្នកទាំង៤នាក់ខាងលើថា បានចូលទៅទីតាំងដីខ្លួនស្ថិតនៅ ចំណុចអន្ទុងស ក្នុងភូមិរិទ្ឋី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ រួចនាំគ្នាធ្វើសកម្មភាពដើរដកកូនអាកាស្សាដែលទើបនឹងដាំ និងកាប់ឆ្ការដើមអាកាស្សាធំៗនៅលើដីនោះ ។ ពេលនោះអាជ្ញាធរស្រុកក៏បានស្នើកម្លាំងនគរបាលអធិការដ្ឋានស្រុកស្ទឹងហាវចុះទៅអញ្ជើញបុគ្គលទាំង៤នាក់ខាងលើមកកាន់អធិការដ្ឋានដើម្បីធ្វើការសាកសួរ ។ អ្នកទាំង៤បាននិយាយថា ពួកគេជាកម្មករស៊ីឈ្នួលកាប់ឆ្ការព្រៃសង់ផ្ទះឱ្យឈ្មោះយ័ន ម៉ាលីនី ភេទស្រី មានទីលំនៅឯរាជធានីភ្នំពេញ ដោយទទួលបានថ្លៃពលកម្មក្នុង១ថ្ងៃជាទឹកប្រាក់ក្នុងម្នាក់ៗ២០.០០០រៀល ។ ពួកគេពុំបានដឹងថា ដីនេះមានម្ចាស់គ្រប់គ្រងទេស្មានថាជាដីលោកស្រីយ័ន ម៉ាលីនី ។
លោកអធិការរងបន្ថែមទៀតថា ក្រោយពេលសាកសួរ មនុស្សទាំង៤នាក់ខាងលើត្រូវបានធ្វើការអប់រំនិងតម្រូវឱ្យមានអ្នកធានាបានវិលត្រឡប់ទៅលំនៅឋានវិញ និងសុំឱ្យពួកគេ ចូលរួមសហការជាមួយអាជ្ញាធរនិងសមត្ថកិច្ចនៅពេលដែលមានករណីចាំបាច់ ។ ដោយឡែកបុគ្គលដែលជាប់ពាក់ព័ន្ធក្នុងការជួលកម្មករឱ្យមកដកកូនអាកាស្សាកាប់ឆ្ការព្រៃអាកាស្សារំលោភលើម្ចាស់កម្មសិទ្ធិស្របច្បាប់នោះពេលនេះម្ចាស់កម្មសិទ្ធិកំពុងតែរៀបចំសំណុំរឿងដាក់ចូលសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការទៅតាមនីតិវិធីនៃច្បាប់។ បើតាមការអះអាងពីអ្នកច្បាប់បាននិយាយថា ករណីខាងលើនេះ អាចជាប់ចោទពីបទរំលោភចូលកាន់កាប់ដោយហិង្សាលើកម្មសិទ្ធិស្របច្បាប់របស់អ្នកដទៃ និងពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃដោយចេតនា ៕
ចែករំលែកព័តមាននេះ