ខេត្តកំពង់ស្ពឺ ៖ កុមារា២នាក់ ជាបងប្អូនជីដូនមួយនឹងគ្នាពេលម្តាយឪពុកពួកគេមិននៅផ្ទះបានបបួលគ្នាទៅងូតទឹកលេងនៅត្រពាំងក្រោយផ្ទះរបស់ខ្លួនបណ្តាលឱ្យលង់ទឹកស្លាប់ទាំង២នាក់ទើបម្តាយឪពុករកឃើញ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី២១ កញ្ញា នៅក្នុងភូមិព្រៃជ្រំ ឃុំទឹកល្អក់ ស្រុកគងពិសី ។
លោកអធិការរងនៃអធិការដ្ឋាននរគបាលស្រុកគងពិសីបានរៀបរាប់ថា នៅក្នុងភូមិព្រៃជ្រំ ឃុំទឹកល្អក់នៅថ្ងៃទី២១ កញ្ញា វេលាម៉ោង២ និង៣០នាទីរសៀល មានកុមារា២នាក់ជាបងប្អូនជីដូនមួយនឹងគ្នាលង់ទឹកស្លាប់ ម្នាក់ឈ្មោះរី សុខហេង អាយុ១ឆ្នាំ ជាកូនរបស់ឈ្មោះជួន វណ្ណី ជាឪពុក និងម្តាយឈ្មោះពៅ មួយគា និងម្នាក់ទៀតឈ្មោះវង់ រិទ្ធិស័ក្តិ អាយុ៦ឆ្នាំ ជាកូនរបស់ឈ្មោះពៅ សុខា ជាឪពុក និងម្តាយឈ្មោះព្រំ ឡុង ។ ពេលអ្នកអាណាព្យាបាលមកពីធ្វើការងារដកស្ទូងរួចត្រឡប់មកផ្ទះ ក៏បាត់កូនទាំងពីរនាក់ (ផ្ទះនៅក្បែរគ្នា) ក៏ឆោឡោនាំគ្នាដើររកកូន ទើបដឹងថា កូនលង់ទឹកស្លាប់បាត់ទៅហើយ ។
សមត្ថកិច្ចមូលដ្ឋានបានពិនិត្យថា ពិតជាស្លាប់ដោយលង់ទឹកត្រពាំងក្រោយផ្ទះដែលទឹកជម្រៅត្រឹមតែលើជង្គង់ប៉ុណ្ណោះ ។ សពក្មេងប្រុសទាំងពីរនាក់ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យឪពុកម្តាយធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ