ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារឿន ចាន់​​ ឈ្នះពិន្ទុ ផាន់​ គ្រាន់ ក្រោម​​សំឡេង​​ប្រតិកម្ម​​

13 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​ ៖ ខុសពីកីឡាករភាគច្រើន ដែលទទួលជ័យជម្នះក្រោម​សំឡេង​ទះ​ដៃ​បន្ទរ​លើក​ទឹកចិត្តកីឡាករជើងខ្លាំងសារឿន ចាន់ មកក្លិបសម្រែករាជសីហ៍បង្ក្រាបគ្រឿងញឿន បែរ​ជាបានលទ្ធផល​ឈ្នះ​កីឡាករ​ ផាន់ គ្រាន់ មក​ពីក្លិប​ព្រះខ័នរាជ ដោយ​សំឡេង​រិះ​គន់​ទៅ​វិញ។ អ្នកទស្សនាដោយផ្ទាល់មិនតិចឡើយ ដែល​សម្ដែងប្រតិកម្មថា លទ្ធ​ផលចាញ់​ឈ្នះ​នាឱ​កាស​​នោះមិនមាន​

រាជ​ធានីភ្នំពេញ​ ៖ ខុសពីកីឡាករភាគច្រើន ដែលទទួលជ័យជម្នះក្រោម​សំឡេង​ទះ​ដៃ​បន្ទរ​លើក​ទឹកចិត្តកីឡាករជើងខ្លាំងសារឿន ចាន់ មកក្លិបសម្រែករាជសីហ៍បង្ក្រាបគ្រឿងញឿន បែរ​ជាបានលទ្ធផល​ឈ្នះ​កីឡាករ​ ផាន់ គ្រាន់ មក​ពីក្លិប​ព្រះខ័នរាជ ដោយ​សំឡេង​រិះ​គន់​ទៅ​វិញ។ អ្នកទស្សនាដោយផ្ទាល់មិនតិចឡើយ ដែល​សម្ដែងប្រតិកម្មថា លទ្ធ​ផលចាញ់​ឈ្នះ​នាឱ​កាស​​នោះមិនមាន​ភាព​យុត្តិធម៌ទេ​ ។        

មិនខុសពីការតាំងចិត្តរបស់កីឡាករ ផាន់ គ្រាន់ មែន​​​​​​ទើប​​ពេល​ប្រកួត​នៅ​លើ​សង្វៀន​បឹង​​ស្នោ​​របស់​ទូរទស្សន៍បាយ័នកាលពីថ្ងៃ​អាទិត្យ ទី២៣ កញ្ញា នោះ គឺលោក​នៅតែ​អាច​ទប់​ស្នៀត​របស់កីឡាករ សារឿន ចាន់ និងបាន​វាយ​សង្រ្គប់​​​លើរៀមច្បងរូបនេះ​ស្ទើរ​​រក​ពេល​តដៃ​គ្មាន ។ កីឡាករ ផាន់ គ្រាន់ ត្រូវគេមើ​ល​ឃើញ​ថា ចាញ់ប្រៀបគូប្រកួតបន្តិចដោយ​សារ​តែ​លោក​​វាយ​ដើរ​ថយក្រោយ ​ហើយ​បណ្ដោយ​ឲ្យ​កីឡាករ​ សារឿន ចាន់​ដេញវាយ​ជាប់រហូតចាប់​តាំង​ពីទឹកទី១ឈានចូលមកដល់ ។

គូប្រកួត​ទាំង​ពីរនេះ ដ្បិតថាទើបតែជួបប្រកួតគ្នាលើកទី១ ប៉ុន្តែពួកគេវាយ​សម្រុកគ្នាទៅវិញ​ទៅមក​ដោយ​មិន​សំចៃដៃឡើយ ដោយ​ម្នាក់​ៗ​ប្រឹង​បញ្ចេញ​ស្នៀត​​ញាក់សាច់ដាក់គ្នាធ្វើឲ្យ​អ្នក​ទស្ស​នា​​ផ្ទាល់​ជក់​ចិត្តស្រែកបន្ទរ​ចង់​រញ្ជូយ​សង្វៀន​ប្រដាល់​ទៀតផង ។ ចាប់តាំងពីទី២មក គេ​ចាប់​អារម្មណ៍​ថា កីឡាករសារឿន ចាន់ ត្រូវម៉ាត់ និង​ទ្រម​កម្លាំង​ទាត់ធាក់ក្រោមដៃកីឡាករ ផាន់ គ្រាន់​ច្រើន ប៉ុន្តែកីឡាករ សារឿន ចាន់ ក៏បញ្ចេញ​ស្នៀត​កែង និងអុកជង្គង់សង្រ្គប់​លើកីឡាករ ផាន់ គ្រាន់ វិញ​ដែរ​ ធ្វើឲ្យសិស្សប្អូនរូបនេះ ពិបាក​​សម្ញែង​ក្បាច់នាគវាត់​កន្ទុយដូច​ដែល​លោក​ធ្លាប់ប្រើដើម្បីផ្ដួលគូប្រកួតនោះផងដែរ ។ ការ​ប្រកួត​រ​វាង​កីឡាករ​ទាំងពីរ បើមើល​មួយ​ភ្លែត​គឺ​កីឡាករ សារឿន ចាន់ ដែល​ជាអ្នក​​ដេញ​វាយ​មាន​​ប្រៀបជាង ប៉ុន្តែបើនិយាយ​ពីការ​វា​យ​ចូល​វិញ​ គឺកីឡាករ ផាន់ គ្រាន់ ត្រូវគេ​មើល​ឃើញ​ថា​ម៉ាត់​ចូល​ចំៗគោលដៅបានល្អ ។​

អីុ​ចឹង​ហើយ​ទើប​គ្រាន់​តែមានការប្រកាសថា កីឡាករ សារឿន ចាន់ ​ឈ្នះ​ពិន្ទុកីឡាកររូបនេះភ្លាមក៏មាន​សម្រែក​រិះ​គន់ ពីសំណាក់​អ្នក​ទស្សនាផ្ទាល់ក្នុងពេ​ល​ដែល​ពួក​គេ​ស្ទុះដើរចេញពីសង្វៀនប្រដាល់ ដើម្បី​​​ទៅ​ផ្ទះ​វិញ​តែម្ដង ។ អ្នកទស្សនា​ជា​ច្រើន​នាំ​គ្នា​បន្លឺ​សំឡេង​ខ្លាំងៗប្រណាំង​នឹងសំឡេង​មេក្រូ​ថា ​ជារឿង​មិន​សមឡើយ ដែល​បង្គោល​ខៀវ​គឺកីឡាករ ផាន់ គ្រាន់ គ្នាខំវាយ​ធ្វើឲ្យ​បង្គោល​ក្រហម​ចង់​ទក់​សាច់​ម្ដងៗប៉ុណ្ណឹង​​ហើយ​ ស្រាប់​តែ​ឲ្យ​​ចាញ់បែបនេះ។ សំឡេងនេះ ត្រូវគេ​ឮ​យ៉ាង​អឺង​កង​ក្នុង​ពេល​អ្នក​ទស្ស​នា​ស្ទុះងើប​ចេញពី​សង្វៀន និងក្នុង​ពេល​ពួក​គេប្រជ្រៀត​គ្នា​ដើរ​ចេញមកខាងក្រៅ ។

ដក​ស្រង់​សម្ដីរិះ​គន់​ពី​អ្នក​ទស្សនាទាំងនោះ ពួក​គេ​និយាយ​ថា «អាខៀវ​(ផាន់​​​​​​​​​​ គ្រាន់)វាយ​អាក្រហម​​ប៉ុណ្ណឹងហើយនៅឲ្យ​អាក្រហម​ឈ្នះ​ទៀត អីក៏អយុត្តិធម៌ម៉្លេះ​!»។ មិនមែន​ត្រឹម​តែ​អ្នក​ទស្សនាជាបុរសប៉ុណ្ណោះទេ ដែល​លើក​ឡើង​បែប​​នេះ ពោល​គឺសូម្បី​តែអ្នក​ទស្សនា​ជានា​រី​ក្មេងក៏ដើរបណ្ដើរ និយាយ​រិះ​គន់​បណ្ដើរថា នោះ​ជា​ការកាត់​ក្តី​​មិន​សមទ​ំនង​​សោះ ​។ ស្រី្ត​ម្នាក់​ដែល​បីកូន​បណ្ដើរ ដើរ​ប្រជ្រៀត​​គេឯង​មក​ខាង​ក្រៅបណ្ដើរនិយាយថា អត់សមសោះដែល​អាក្រហម(សារឿន ចាន់) ត្រូវអាខៀវ(ផាន់ គ្រាន់) វាយ​ឡើង​​ផ្ងាកៗ​ប៉ុណ្ណឹង​ទៅហើយ នៅ​ឲ្យអាក្រហមឈ្នះ​ទៀត​ ។​ ​ទោះយ៉ាងណា ប្រឆាំង​តបនឹងការរិះគន់នេះ ក៏មានអ្នក​ទស្សនា​មួយក្រុម​ទៀតទទួល​យក​លទ្ធផល​ដែល​បាន​ប្រកាសនេះផងដែរ ដោយ​ពួកគេដើរបណ្ដើរ ឆ្លើយ​តប​ទៅកាន់​ក្រុម​អ្នករិះ​គន់​បណ្ដើរ​ថា ប្រហែល​មក​ពីបង្គោល​ខៀវ ផាន់ គ្រាន់ វា​យ​លុក​បានច្រើន ប៉ុន្តែមិន​សូវ​ត្រូវ​ចំគោល​​ដៅ​ហើយទើប​​ចាញ់​បង្គោល​ក្រហម​បែប​ហ្នឹង ។

ក្រុមអ្នក​ប្រកាន់​ទស្សនៈ​ស្របនឹង​លទ្ធ​ផល​នេះនិយាយ​ថា «គេឲ្យអាក្រហម(សារឿន ចាន់) ឈ្នះ​អីុ​ចឹង​ក៏ត្រូវដែរ ព្រោះវាប្រកួត​ដេញរហូត ហើយ​អាខៀវ ដ្បិតថាវាយបានច្រើន តែមិន​សូវ​ត្រូវ​ឯណា គឺត្រូវតែដៃអាក្រហមហ្នឹង!»។ ទោះ​បី​យ៉ាង​​ណា​ សំឡេង​ចម្រូងចម្រាសនេះគេស្ដាប់​ឮ​ពេញៗ​ត្រចៀកថា សំឡេង​រិះ​គន់​ច្រើន​ជាង​សំឡេង​ស្រប ខណៈដែលអ្នកទស្សនាភាគច្រើន ហាក់មិន​ទទួល​យកការ​កំណត់​ឲ្យ​កីឡាករ​ សារឿន ចាន់ ឈ្នះពិន្ទុ​កីឡាករផាន់ គ្រាន់ ​នោះ​ឡើយ ។

លោកនាង ស៊ីវត្ថា អ្នករៀប​ចំការ​ប្រកួត​ប្រដាល់មិនឃើញ​បង្ហាញ​មុខ​ក្នុង​ពេល​ប្រកួត​នោះឡើយ ប៉ុន្តែយោង​តាម​មន្ត្រី​អ្នក​ផ្ដល់​ពិន្ទុ​បាន​អះអាងថា ការកំណត់ឲ្យ សារឿន ចាន់ ឈ្នះ​ពិន្ទុ​កីឡាករ ផាន់ គ្រាន់ គឺជារឿង​យុត្តិ​ធម៌​ផ្អែក​តាម​បច្ចេកទេសដែលបាន​កំណត់​ឡើង ។ លោក​បញ្ជាក់​ថា អ្នកគាំទ្រកីឡាករ ផាន់ គ្រាន់ ​និយា​យ​​​អីុ​ចឹង​​​​ចេះតែ​​​បានហើយ ប៉ុន្តែធាតុ​ពិត​គេ​មើល​បច្ចេក​ទេសប្រកួត និងការវាយលុក គឺមិន​មែន​​ឲ្យតែ​វាយ​បានច្រើនទាត់បានច្រើនកំណត់​ថា​ជាអ្នកឈ្នះនោះឡើយ ។​ ​ទោះ​​បី​ជា​យ៉ាង​ណា អ្នក​ទស្សនា​ដោយ​ផ្ទាល់​មួយច​ំនួន​ធំនៅ​តែ​យល់​ថា កីឡាក​រ​ផាន់ គ្រាន់ មិនសមនឹងចាញ់ទេ ។     

ដោយឡែក នាថ្ងៃអាទិត្យនោះដែរ កីឡាករ​រឿន ស្មាច់ មកពីក្លិប​កងរាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ ត្រូវសន្លប់​ក្នុង​ទឹក​ទី៣​ក្រោម​ដៃ​កីឡា​ករ​ស៊ីន ជីវ័ន មកពីក្លិបរកា​ខ្នុរគ្រឿងញៀន ។ កីឡា​ករ សួស យ៉ាត មកពីក្លិបទ័ពជើងទឹក ឈ្នះ​ពិន្ទុ​កីឡាករឯម ពិភ័ត មក​ពីក្លិបគ្រុឌមានជ័យ។ កីឡាករពេជ្រ សំពៅ មកពីក្លិបខេមរ​ភូមិន្ទ ផ្ដួល​កីឡាករស្រិល ទ្រី មកពីក្លិបគជសារកីឡា ឲ្យ​សន្លប់ក្នុង​ទឹកទី៥ និងការ​ប្រកួត​គូចុង​ក្រោយ​គឺ​រវាងកីឡាករព្រំ វី មកពីក្លិបស្រុក​ស្ទោង​ខេត្ត​កំពង់ធំ សន្លប់ក្រោមដៃកីឡាករគួន ប៊ុនហ៊ីម ម​ក​ពី​ក្លិប​ពន្លឺសាមគ្គីក្នុងទឹកទី២ ៕