រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបន្ទាប់ពីរថយន្តមួយគ្រឿងបើកបុកពីក្រោយពេញទំហឹង ខណៈពេលកំពុងធ្វើដំណើរស្របទិសគ្នា ហើយរថយន្តត្រូវសមត្ថកិច្ចឃាត់បានភ្លាមៗដែរ ។ឧប្បត្តិហេតុនេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៣ កញ្ញា លើកំណាត់ផ្លូវជាតិលេខ៤ត្រង់ចំណុចជិតផ្លូវដែក ស្ថិតក្នុងភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
គ្រោះថ្នាក់ចរាចរណ៍នោះកើតឡើងរវាងរថយន្តម៉ាកសាំយ៉ុង ប្រភេទទេសចរណ៍១២កៅអីពណ៌ស អ្នកបើកបរមិនត្រូវបានគេស្គាល់ឈ្មោះនោះទេ រថយន្តនេះបានបើកបុកម៉ូតូមួយគ្រឿងម៉ាកស្គូពីពណ៌ខៀវ បើកបរដោយយុវជនម្នាក់មិនស្គាល់អត្តសញ្ញាណបណ្តាលរងរបួសធ្ងន់ធ្ងរ ។
តាមប្រភពព័ត៌មានពីមន្ត្រីសមត្ថកិច្ចបានឲ្យដឹងថា តាមការសាកសួរសាក្សីនៅកន្លែងកើតហេតុជាជំហានដំបូងបានដឹងថា មុនពេលកើតហេតុរថយន្តនិងម៉ូតូបើកបរធ្វើដំណើរស្របទិសគ្នាពីកើតទៅលិចដោយម៉ូតូបើកមុខ ។ លុះពេលទៅដល់ចំណុចកើតហេតុរថយន្តបានបើកបុកម៉ូតូពីក្រោយបណ្តាលឱ្យអ្នកបើកម៉ូតូដួលនៅកណ្តាលផ្លូវ ចំណែកម៉ូតូបានខ្ទាតទៅក្នុងគុម្ពសង្កែមាត់ប្រឡាយចិញ្ចើមផ្លូវ ឯរថយន្តបានបើកហួសទៅមុខចម្ងាយប្រមាណ៥០ម៉ែត្រក៏ត្រូវសមត្ថកិច្ចឃាត់បាន ។
ប្រភពខ្លះទៀតនិយាយថា រថយន្តនិងម៉ូតូបើកបរបញ្រ្ចាសទិសគ្នាគឺរថយន្តបើកក្នុងទិសដៅពីកើតទៅលិច ឯម៉ូតូស្គូពីបើកក្នុងទិសដៅពីលិចទៅកើតពេលទៅដល់ចំណុចកើតហេតុម៉ូតូបានបត់ឆ្វេងឆ្លងផ្លូវចូលទៅចាក់សាំងក្នុងស្ថានីយប្រេងឥន្ធនៈក៏ត្រូវរថយន្តបុកតែម្តង ។ ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅវាស់វែងរួចយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋានរង់ចាំស្រាវជ្រាវបន្ត ៕
ចែករំលែកព័តមាននេះ