ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តា​ធនា​គារ​កណ្តាល​អាស៊ី​និង​អឺរ៉ុប​នាំ​​គ្នា​​សង្គ្រោះ​សេដ្ឋ​កិច្ច

12 ឆ្នាំ មុន

​ការ​ចាក់​បញ្ចូល​ទឹក​ប្រាក់​ជំរុញ​សេដ្ឋ​កិច្ច​ទៅ​ក្នុង​ទីផ្សារ​ហិរញ្ញ​វត្ថុ​របស់​បណ្តា​ធនា​គារ​កណ្តាល​ធំ​ៗ​នានា​កំពុង​បង្កើត​ឱ្យ​មាន​ឥទ្ធិ​ពល​ដូមីណូ ឬ​ស្ថាន​ភាព​រាល​ដាល​នៅ​ជុំ​វិញ​ពិភព​លោក ដែល​ញ៉ាំង​ឱ្យ​រដ្ឋា​ភិបាល​នានា​រាប់​ចាប់​ពី​ប្រទេស​ប្រេស៊ីល ដល់​តួកគី នាំ​គ្នា​ចាត់​វិធាន​ការ​រក្សា​សាច់​ប្រាក់​មិន​ឱ្យ​ប៉ះ​ពាល់​ដល់​រូបិយ​ប័ណ្ណ​របស់​ខ្លួន ។

​ការ​ចាក់​បញ្ចូល​ទឹក​ប្រាក់​ជំរុញ​សេដ្ឋ​កិច្ច​ទៅ​ក្នុង​ទីផ្សារ​ហិរញ្ញ​វត្ថុ​របស់​បណ្តា​ធនា​គារ​កណ្តាល​ធំ​ៗ​នានា​កំពុង​បង្កើត​ឱ្យ​មាន​ឥទ្ធិ​ពល​ដូមីណូ ឬ​ស្ថាន​ភាព​រាល​ដាល​នៅ​ជុំ​វិញ​ពិភព​លោក ដែល​ញ៉ាំង​ឱ្យ​រដ្ឋា​ភិបាល​នានា​រាប់​ចាប់​ពី​ប្រទេស​ប្រេស៊ីល ដល់​តួកគី នាំ​គ្នា​ចាត់​វិធាន​ការ​រក្សា​សាច់​ប្រាក់​មិន​ឱ្យ​ប៉ះ​ពាល់​ដល់​រូបិយ​ប័ណ្ណ​របស់​ខ្លួន ។

កាល​ពី​ថ្ងៃ​ពុធ ទី​១៩ កញ្ញា កន្លង​ទៅ ធនា​គារ​ជប៉ុន​បាន​ក្លាយ​ជា​ធនា​គារ​ចុង​ក្រោយ​ដែល​បន្ធូរ​បន្ថយ​គោល​នយោ​បាយ​រូបិយ​វត្ថុ ។ ធនា​គារ​នេះ​ធ្វើ​ដូច្នេះ​គឺ​បន្ទាប់​ពី​ធនា​គារ​កណ្តាល​ធំ​២​របស់​ពិភព​លោក​បាន​ចាប់​ផ្តើម​កម្ម​វិធី​សង្គ្រោះ​សេដ្ឋ​កិច្ច​គ្មាន​កាល​កំណត់ ។ កិច្ច​ប្រឹង​ប្រែង​របស់​ធនា​គារ​កណ្តាល​ជប៉ុន គឺ​ដើម្បី​ជំរុញ​សេដ្ឋ​កិច្ច​ក្នុង​ប្រទេស​របស់​ខ្លួន​ដែល​ស្ទើរ​តែ​ផុត​ដង្ហើម តាម​រយៈ​ការ​ចាក់​បញ្ចូល​ទឹក​ប្រាក់​បន្ថែម​ក្នុង​ទីផ្សារ​ហិរញ្ញ​វត្ថុ​ ក៏​ដូច​ជា​ទម្លាក់​ថ្លៃ​ប្រាក់​យ៉េន​ដើម្បី​សង្គ្រោះ​ការ​នាំ​ចេញ​ក្រៅ​ប្រទេស ។ ធនា​គារ​នេះ​បន្ថែម​ទំហំ​កម្ម​វិធី​ទិញ​ទ្រព្យ​សកម្ម​រហូត​ដល់​៨០​លាន​​លាន​យ៉េន​ ស្មើ​នឹង​១​លាន​លាន​ដុល្លារ​ពី​ទឹក​ប្រាក់​ពី​មុន​ចំនួន​៧០​លាន​លាន​យ៉េន ហើយ​ពង្រីក​កម្ម​វិធី​នេះ​ចំនួន​៦​ខែ​រហូត​ដល់​ដំណាច់​ឆ្នាំ​២០១៣ ។

គួរ​បញ្ជាក់​ថា កាល​ពី​ដើម​ខែ​នេះ​ធនា​គារ​កណ្តាល​អឺរ៉ុប​បាន​ត្រៀម​ខ្លួន​ទិញ​បំណុល​ពី​ប្រទេស​ដែល​ជាប់​បំណុល​វ័ណ្ឌ​.ក​នៅ​អឺរ៉ុប ដែល​អាច​ជួយ​ប្រទេស​ទាំង​នោះ​ក្នុង​ការ​ត្រួត​ពិនិត្យ​តម្លៃ​ប្រាក់​កម្ចី​របស់​គេ ។ ចំណែក​ធនា​គារ​កណ្តាល​អាមេ​រិក​កាល​ពី​សប្តាហ៍​មុន​បាន​ប្រកាស​គម្រោង​ទិញ​សញ្ញា​ប័ណ្ណ​ដែល​មាន​ទឹក​ប្រាក់​៤០​ពាន់​លាន​ដុល្លារ​ក្នុង​១​ខែម្តង​រហូត​​ដល់​​សេដ្ឋ​កិច្ច​ក្នុង​ប្រទេស​​ងើប​ឡើង​វិញ ។ បណ្តា​ក្រុម​វិនិ​យោគិន​រំពឹង​ថា ធនា​គារ​កណ្តាល​អង់​គ្លេស​ក៏​នឹង​ប្រកាស​វិធាន​ការ​បន្ថែម​ដើម្បី​ជំរុញ​កំណើន​សេដ្ឋ​កិច្ច​ផង​ដែរ ។ ក្រុម​អ្នក​វិនិ​យោគ​កត់​សម្គាល់​ឃើញ​ថា គ្រាន់​តែ​ឬ​ដំណឹង​ពី​ការ​ចេញ​វិធាន​ការ​ពី​ធនា​គារ​កណ្តាល​ស្តីពី​ការ​បន្ធូរ​បន្ថយ​រូបិយ​វត្ថុ​ភ្លាម​ស្រាប់​តែ​ផ្សារ​ហ៊ុន និង​ការ​វិនិ​យោគ​នានា​ចាប់​ផ្តើម​ឡើង​ស្រឺត​ភ្លាម ជាក់​ស្តែង​សន្ទស្សន៍​ផ្សារ​ហ៊ុន Standard & Poor 500 កើន​1,7%​កាល​ពី​ថ្ងៃ​ពុធ។

ក្រោយ​ពី​មាន​វិធាន​ការ​ពី​សំណាក់​ធនា​គារ​កណ្តាល​អាមេ​រិក ប្រាក់​រៀល (real) របស់​​ប្រេស៊ីល​ឡើង​ថ្លៃ​០,៧% ខណៈ​ដែល​ប្រាក់​ប៉េសូ​របស់​ម៉ិក​ស៊ិក​ឡើង​ថ្លៃ​២,៧% កាល​ពី​សប្តាហ៍​មុន ។ ចំណែក​ប្រាក់​ស្លូទី (Zloty) របស់​ប៉ូឡូញ​កើន​៤,៣% ហើយ​ប្រាក់​វ៉ុន​របស់​កូរ៉េ​ខាង​ត្បូង​កើន​១,៦% ។ កាល​ពី​ថ្ងៃ​ចន្ទ ប្រទេស​​េប្រស៊ីល​បាន​ចាត់​វិធាន​ការ​ដើម្បី​បង្ការ​មិន​ឱ្យ​មាន​រលក​នៃ​ការ​បន្ធូរ​បន្ថយ​រូបិយ​វត្ថុ​របស់​ធនា​គារ​កណ្តាល​អាមេ​រិក​ប៉ះ​ពាល់​ដល់​រូបិយ​វត្ថុ​របស់​ខ្លួន ដោយ​បង្កើត​អ្វី​ដែល​ហៅ​ថា ការ​បង្វែរ​ការ​ដោះ​ដូរ​ប្រាក់​ដុល្លារ​ដើម្បី​ការ​ពារ​ប្រាក់​រៀល​របស់​ខ្លួន​មិន​ឱ្យ​ឡើង​ថ្លៃ។ កាល​ពី​ថ្ងៃ​ចន្ទ នេះ​ដែរ ប្រទេស​ប៉េរូ ក៏​បាន​ចេញ​វិធាន​ការ​អន្តរា​គមន៍​សំដៅ​ទម្លាក់​ថ្លៃ​ប្រាក់​សូល (Sol) របស់​ខ្លួន ខណៈ​ដែល​ប្រទេស​តួកគី​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​ច្រើន​ជាង​ការ​រំពឹង​ទុក។ ដូច​គ្នា​ដែរ ក្រុម​មន្ត្រី​នៅ​កូរ៉េ​ខាង​ត្បូង​ ថៃ សិង្ហ​បុរី និង​ហ្វ៊ីលី​ពីន បាន​ចេញ​នូវ​ការ​ក្រើន​រំលឹក​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ឡើង​ថ្លៃ​រូបិយ​​ប័ណ្ណ​របស់​ខ្លួន​ដែរ ក្រោយ​ពី​មាន​សេចក្តី​ប្រកាស​របស់​ធនា​គារ​កណ្តាល​អាមេ​រិក​រួច​មក ៕