ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋរស់នៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ដែលមានផ្ទះនៅក្បែរច្រាំងទន្លេបាសាក់កំពុងមានការព្រួយបារម្ភពីការបាក់ច្រាំងដល់លំនៅឋានពួកគាត់ ដោយសារតែកាណូតបូមខ្សាច់ធំៗកំពុងធ្វើសកម្មភាពក្នុងទន្លេបាសាក់យ៉ាងសកម្មខាងកើតភូមិដើមមៀន នៅក្បែរៗច្រាំង ។
អ្នកភូមិដើមមៀននិយាយថា ខណៈទឹកទន្លេបាសាក់កំពុងជន់ឡើងខ្លាំង ស្រាប់តែក្រុមហ៊ុនបូមខ្សាច់យកកាណូតធំៗមកសម្រុកបូមខ្សាច់យ៉ាងសកម្មធ្វើឱ្យពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំងខ្លាចបាក់ច្រាំងដល់ផ្ទះរបស់គាត់ចូលទៅក្នុងទន្លេ ព្រោះកាណូតបូមខ្សាច់ទាំងនោះបូមឡើងរញ្ជួយដីនៅក្បែរៗច្រាំងទន្លេលាន់ឮកងរំពងរំខានដល់ការរស់នៅរបស់ពួកគាត់ ។ អ្នកភូមិបានឱ្យដឹងទៀតថា ក្រុមហ៊ុនធ្វើអាជីវកម្មបូមខ្សាច់ខាងលើមានឈ្មោះលឹម ធាឫទ្ធិ ជាប្រធានក្រុមហ៊ុន បានធ្វើអាជីវកម្មបូមខ្សាច់នៅចំណុចខាងលើច្រើនឆ្នាំមកហើយគឺបូមនៅកន្លែងដដែលៗ ជិតទីតាំងស្តុកខ្សាច់របស់ខ្លួនក្នុងភូមិដើមមៀននេះតែម្តង ។
ដោយសារតែការបូមនៅកន្លែងដដែលនិងក្បែរច្រាំងកន្លងមកបានធ្វើឱ្យច្រាំងទន្លេនៅទីនេះឡើងចោត និងបាក់រអិលចូលទៅក្នុងទន្លេជាអន្លើៗ មិនតែប៉ុណ្ណោះមានផ្ទះថ្មរបស់អ្នកភូមិខ្លះបានប្រេះស្រាំដោយសារស្រុតដីផងដែរ ។ ហេតុដូច្នេះហើយបានជាពួកគាត់មានការព្រួយបារម្ភខ្លាំងណាស់មិនដឹងជាការបូមខ្សាច់នេះមានរយៈពេលប៉ុន្មានឆ្នាំទៀត ទើបដូរចេញពីទីតាំងដែលកំពុងត្រូវប៉ាន់ខ្លាំងនោះទេ ព្រោះនៅជាប់រាជធានីភ្នំពេញ មានម៉ូយទិញច្រើន និងងាយស្រួលលួចដឹកពេលយប់ចូលទៅក្នុងរាជធានីភ្នំពេញ ។
ប្រជាពលរដ្ឋនៅត្រើយខាងកើតទន្លេបាសាក់ជិតកន្លែងបូមខ្សាច់ស្ថិតក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក៏មានការព្រួយបារម្ភខ្លាំងដោយភ័យខ្លាចបាក់ច្រាំងដូចប្រជាពលរដ្ឋនៅត្រើយខាងលិចភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅផងដែរ ។
ទាក់ទិននឹងការបូមខ្សាច់នៅចំណុចខាងលើនេះ លោកតុប សំអាត ប្រធានការិយាល័យឧស្សាហកម្ម រ៉ែ និងថាមពលក្រុងតាខ្មៅ បានប្រាប់អ្នកយកព័ត៌មានថា ចំណុចបូមខ្សាច់ខាងលើនេះគឺមានច្បាប់ត្រឹមត្រូវដែលម្ចាស់អាជ្ញាប័ណ្ណមានឈ្មោះលោកលឹម ស៊ីណា មានអាជ្ញាប័ណ្ណបូមខ្សាច់ទំហំ៣ហិកតា ហើយបានលក់បន្តទៅឱ្យឈ្មោះលឹម ធាឫទ្ធិ ជាអ្នកបូមខ្សាច់ធ្វើអាជីវកម្មនាពេលនេះ ។ ប្រជាពលរដ្ឋបានលើកឡើងទៀតថា បើអាជ្ញាប័ណ្ណបូមខ្សាច់ទំហំតែ៣ហិកតា ហើយបូមជាយូរឆ្នាំមកហើយនោះ សមត្ថកិច្ចជំនាញគួរតែបញ្ចប់អាជ្ញាប័ណ្ណនេះហើយ ឬគប្បីធ្វើការត្រួតពិនិត្យផ្នែកបច្ចេកទេសពីការបូមយកខ្សាច់នេះផងដើម្បីធានាថាមិនមានបញ្ហាអាក្រក់ណាមួយកើតឡើង ៕
ចែករំលែកព័តមាននេះ