ខេត្តព្រៃវែង ៖ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២២ កញ្ញា ២០១២ កម្លាំងនគរបាលមួយក្រុមដែលដឹកនាំដោយលោកវរសេនីយ៍ត្រី ចាន់ ណារិទ្ធ អធិការនគរបាលក្រុងព្រៃវែង បានធ្វើការចុះបង្ក្រាបមេខ្លោងជួញដូរគ្រឿងញៀនដ៏ធំមួយដែលកំពុងសម្ងំលាក់ខ្លួននៅក្នុងបន្ទប់ផ្ទះសំណាក់យីហោកូននាគ ដែលមានទីតាំងស្ថិតក្នុងភូមិ២ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ។
ប្រតិបត្តិការឡោមព័ទ្ធបង្ក្រាបបទល្មើសគ្រឿងញៀននៅចំកណ្តាលក្រុងព្រៃវែងនេះ បានធ្វើឱ្យប្រជាពលរដ្ឋនៅក្រុងព្រៃវែង មានការភ្ញាក់ផ្អើល និងនាំគ្នាមកចោមរោមមើលយ៉ាងកកកុញនៅតាមដងផ្លូវ ខាងមុខផ្ទះសំណាក់កូននាគ ។ នៅក្នុងកិច្ចប្រតិបត្តិការបង្ក្រាបដ៏ធំមួយនេះសមត្ថកិច្ចដកហូតបានថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន២៣កញ្ចប់ ថ្នាំពេទ្យ១កញ្ចប់ ទូរស័ព្ទដៃ១គ្រឿង កាបូបលុយ១ ឧបករណ៍ជក់ថ្នាំញៀនមួយចំនួនធំ និងឃាត់ខ្លួនមេខ្លោងជួញដូរគ្រឿងញៀនបានម្នាក់ឈ្មោះហៀង គឹមឡេង ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិជំពូក្អែក ឃុំព្រែកថ្មី ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ លោកវរសេនីយ៍ត្រី ចាន់ ណារិទ្ធ បានឱ្យដឹងថា ការបើកប្រតិបត្តិការបង្ក្រាបមេខ្លោងជួញដូរគ្រឿងញៀនដ៏ធំនេះធ្វើឡើង បន្ទាប់ពីកម្លាំងរបស់លោកធ្វើការតាមដានអស់រយៈពេលជាច្រើនថ្ងៃមកហើយ ហើយនៅមុនពេលចុះបង្ក្រាប គឺកម្លាំងនគរបាលក្រុងព្រៃវែងបានឃាត់ខ្លួនមុខសញ្ញាចែកចាយគ្រឿងញៀនបានម្នាក់ឈ្មោះរ៉ា ឧត្តម អាយុ២៤ឆ្នាំ នៅចំណុចទំនប់ក្រវ៉ាត់ក្រុង កាលពីវេលាម៉ោង៩យប់ថ្ងៃទី២១ កញ្ញា ដោយដកហូតបានថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន២កញ្ចប់តូច ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ