រាជធានីភ្នំពេញ ៖ ហ៊ឹម សារ៉ាន់ មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ឈ្នះពិន្ទុកីឡាករ ហេង វិឆ័យ មកពីក្លិបកងពលតូចលេខ៧០ សម្រាប់ការជួបប្រកួតគ្នានៅលើសង្វៀនស្ថានីយទូរទស្សន៍រាជធានីភ្នំពេញប៉ុស្តិ៍លេខ៣ កាលពីថ្ងៃសៅរ៍ ទី២២ កញ្ញា កន្លងមកនេះ ចំណែកកីឡាករ ផុន ផល មកពីក្លិបតាព្រហ្មមានជ័យបង្ក្រាបគ្រឿងញៀន ត្រូវកីឡាករ សូយ ភារម្យ មកពីក្លិបអូដឹមកីឡា ទាត់ឱ្យខូចជើងខាងឆ្វេងប្រកួតលែងកើតនៅត្រឹមទឹកទី៣ ។
សន្ទុះនៃការវាយលុករបស់ វិឆ័យ ទៅលើសារ៉ាន់ នៅទឹកទី១ និងទី២ ពិតជាមិនធម្មតាឡើយ ជាពិសេសស្នៀតជើងរបស់គេបានធ្វើឱ្យសារ៉ាន់ ព្យាយាមដកថយ និងរកវិធីការពារខ្លួនស្ទើរតែមិនទាន់ម្តងៗទៅហើយ ។ ប៉ុន្តែការចំណាយកម្លាំងយ៉ាងច្រើនរបស់ វិឆ័យ នៅដើមទឹកទី១ និងទី២នោះ មិនទទួលបានផលល្អឡើយ ទីបំផុតត្រូវ សារ៉ាន់ បញ្ជូនស្នៀតកណ្តាប់ដៃវាយបកសងវិញយ៉ាងចាស់ដៃចូលមុខពេញៗតែម្តង។ រីឯស្នៀតជើងរបស់គេវិញ បានទាត់សម្រុកផ្នែកខាងក្រោមរបស់ វិឆ័យ បង្ខំឱ្យវិឆ័យដកថយអែបខ្សែរេញរហូត ។ នៅទឹកទី៤ និងទី៥ សារ៉ាន់ មានឱកាសគ្រប់គ្រងស្ថានភាពប្រយុទ្ធបានច្រើនជាងនៅពេល វិឆ័យ បានបាត់បង់កម្លាំងស្ទើរតែទាំងស្រុងទៅហើយនោះ ។
ចំណែកផុន ផុល វិញ ក្អេងក្អាងបានត្រឹមតែទឹកទី១ និងទី២ប៉ុណ្ណោះ លុះចូលដល់ទឹកទី៣ត្រូវ សូយ ភារម្យ រកឃើញចំណុចខ្សោយទាត់ត្រូវជើងខាងឆ្វេងរហូតប្រកួតលែងកើតតែម្តង។ នៅទឹកទី១ និងទី២ ផុន ផុល បានប្រើកណ្តាប់ដៃ និងកែងវាយសម្រុកទៅលើ ភារម្យ តាមអំពើចិត្ត ខណៈពេលដែល ភារម្យ នៅមិនទាន់រកចំណុចខ្សោយឃើញ ។ លុះចូលដល់ទឹកទី៣ ភារម្យ មើលឃើញភាពឆកល្វែងផ្នែកខាងក្រោមរបស់ ផុន ផុល ដែលមិនបានប្រយ័ត្នទើបគេប្រើស្នៀតជើងទាត់ជើងឆ្វេងរបស់ ផុន ផុល ផ្ទួនៗ រហូតទាល់តែខូចជើងប្រកួតលែងកើត ។
ការជួបគ្នាសាជាថ្មីរវាង វ៉ាន់ ចាន់វៃ មកពីក្លិបសិង្ហកីឡា និងជាម អាដាំ មកពីក្លិបឃ្លាំងមឿងកីឡា លើកនេះជ័យជម្នះបានទៅលើ វ៉ាន់ ចាន់វៃ តែឈ្នះត្រឹមពិន្ទុប៉ុណ្ណោះ ។ ចាន់វៃ បានប្រាប់ថា ខ្លួនធ្លាប់ប្រកួតជាមួយអាដាំ ៤-៥លើករួមមកហើយ ប៉ុន្តែលទ្ធផលមិនមានខាងណាឈ្នះដាច់នោះទេ គឺមានចាញ់ និងឈ្នះទៅវិញទៅមក ហើយជ័យជម្នះលើកនេះ ក៏មិនសូវជាស្រួលខ្លួនប៉ុន្មានដែរ គឺមានសភាពតានតឹងខ្លាំងណាស់ ។ធី តុងហ៊ី មកពីក្លិបសាលវ័ន្តកីឡា ប្រកួតឈ្នះពិន្ទុ ខុន ស៊ីចន មកពីក្លិបកងពលធំអន្តរាគមន៍លេខ៣ព្រះវិហារ ៕
ចែករំលែកព័តមាននេះ