រាជធានីភ្នំពេញ ៖ ការប្រកួតជាលក្ខណៈអន្តរជាតិនៅលើសង្វៀនស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ស្តាតចាស់ កាលពីល្ងាចថ្ងៃសៅរ៍ទី២២ កញ្ញា បានបង្ហាញលទ្ធផលថា កីឡាករកម្ពុជាក្នុងចំណោម៣គូបានឈ្នះពីរគូ ។ ទោះយ៉ាងណា ជ័យជម្នះរបស់កីឡាករខ្មែរលើកនេះ ដូចជាស៊ីមិនដាច់កីឡាករបរទេសណាស់ណានោះទេ បើទោះជាជើងខ្លាំងរបស់ថៃគឺពេជ្រ សូរិយា ត្រូវសន្លប់ក្នុងទឹកទី៣ ស្ទើរមិនគួរឱ្យជឿនោះក៏ដោយ ។
អ្នកទស្សនាជាច្រើនសុទ្ធតែមើលឃើញដូចគ្នាថា ការបរាជ័យរបស់កីឡាករបរទេសនាឱកាសនោះមានលក្ខណៈបែបប្រផិតប្រផើយ ឬភ្លាត់ស្នៀតច្រើនជាងដែលអាចនិយាយបានថា កីឡាករបរទេសកាន់តែមានសមត្ថភាពមុនពេលបញ្ជូនមកប្រកួតនៅសង្វៀនប៉ុស្តិ៍លេខ៥ ។ យ៉ាងណាមិញ លទ្ធផលឈ្នះពីរគូក្នុងចំណោម៣គូរបស់កីឡាករខ្មែរនៅតែធ្វើឱ្យកម្ពុជាពោរពេញដោយមោទនភាព និងធ្វើឱ្យសង្វៀនប្រដាល់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ ពោរពេញទៅដោយសំឡេងស្រែកហ៊ោកញ្ជ្រៀវកងរំពង ពិសេសនៅពេលកីឡាករខ្មែរវាយសម្រុកចូលកីឡាករបរទេសម្តងៗ ។
លទ្ធផលនៃការប្រកួតនោះគឺកីឡាករសេន ប៊ុនថេន ជើងខ្លាំងមកពីក្លិបសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ បានយកឈ្នះកីឡាករ Den Sorya Kang Din របស់ថៃដោយពិន្ទុ តែកីឡាករខ្លាចាស់ នួន សូរិយា មកពីសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ដូចគ្នា បែរជាចាញ់ក្រោមដៃកីឡាករជនជាតិប្រេស៊ីល Jos Mendona ព្រោះតែនួន សូរិយា អន់ស៊ុហ្វចាប់តាំងពីទឹកទី៣ ចូលមកដល់ ។ អ្នកទស្សនាគ្រប់ៗគ្នាខកចិត្តយ៉ាងខ្លាំងដែលនួន សូរិយា បាក់កម្លាំង ហើយត្រូវគេមើលឃើញថា ឆាប់ហត់ខុសប្លែកពីពេលដែលកីឡាកររូបនេះនៅប្រឡូកស៊ប់ក្នុងអាជីពប្រដាល់ ។
គូអន្តរជាតិចុងក្រោយ គឺកីឡាករបឺត ខាំ មកពីក្លិបសាលវ័ន្តកីឡា បានផ្តួលគូសងសឹករបស់ខ្លួន គឺកីឡាករជើងខ្លាំងរបស់ថៃពេជ្រ សូរិយា ឱ្យសន្លប់នៅទឹកទី៣ ។ ទោះយ៉ាងណា ជ័យជម្នះរបស់បឺត ខាំ នៅតែឃើញយ៉ាងច្បាស់ថា ដោយសារតែពេជ្រ សូរិយា គេចរន្ទះជើងរបស់គេ ហើយភ្លាត់ត្រូវមួយកែងចំគុម្ពថ្គាមប៉ុណ្ណោះ ទើបធ្វើឱ្យពេជ្រ សូរិយា ស្ពាយលទ្ធផលសន្លប់មិនធ្លាប់មានបែបនេះត្រឡប់ទៅប្រទេសថៃវិញ ។ អីុចឹងហើយទើបគណៈកម្មការរៀបចំការប្រកួតនៅតែមានបំណងឱ្យកីឡាករពីររូបនេះជួបប្រកួតសងសឹកគ្នាជាលើកទី៣ទៀត នៅពេលខាងមុខ ។
ដោយឡែកចំពោះគូប្រកួតកិត្តិយសវិញ កីឡាករមួក សាវឌី មកពីក្លិបរស្មីកុមារកំព្រា ឈ្នះពិន្ទុ កីឡាករឈិន ធារ៉ា មកពីក្លិបអប់រំកាយអន្លង់វែង និងកីឡាករលួន សុខខេង មកពីក្លិបសិង្ហកីឡា ឈ្នះពិន្ទុ កីឡាករឡុង សុវណ្ណពៅ មកពីក្លិបសាលវ័ន្តកីឡា ៕
ចែករំលែកព័តមាននេះ