រាជធានីភ្នំពេញ៖ ស្ត្រីម្នាក់ បានជិះម៉ូតូឌុបមកឈប់នៅគល់ស្ពានជ្រោយចង្វាហើយដើរចុះទឹកទន្លេប៉ងសម្លាប់ខ្លួនតែត្រូវប្រជាពលរដ្ឋនាំគ្នាឃាត់ និងទាក់ទងហៅបងប្អូនឱ្យមកយកត្រឡប់ទៅវិញ ។ ការប៉ុនប៉ងសម្លាប់ខ្លួននេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៤ និង២៥នាទីរសៀលថ្ងៃទី២១ កញ្ញា នៅគល់ស្ពានជ្រោយចង្វាត្រើយខាងកើត ស្ថិតនៅសង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ ។
ស្រ្តីមានវិបត្តិរូបនេះពុំត្រូវបានគេស្គាល់ឈ្មោះឡើយ មានអាយុប្រមាណ២៥ឆ្នាំ និងពុំដឹងថា មានលំនៅ នៅឯណាឡើយ ហើយចំពោះការប៉ុនប៉ងលោតទឹកសម្លាប់ខ្លួននេះក៏គេពុំដឹងប្រាកដមូលហេតុអ្វីដែរ ។ តាមសាក្សីឃើញហេតុការណ៍ឱ្យដឹងថា គេឃើញស្រ្តីរូបនេះជិះម៉ូតូឌុបមកឈប់នៅគល់ស្ពានជ្រោយចង្វាត្រើយខាងកើត ហើយអង្គុយលេងនៅគល់ស្ពានដោយទឹកមុខស្រងូតស្រងាត់ ។ លុះបន្តិចក្រោយមក ស្រ្តីរូបនេះបានដើរចុះក្នុងទឹកទន្លេគោលបំណងសម្លាប់ខ្លួនតែពេលចុះបានត្រឹមជង្គង់ក៏ត្រូវប្រជាពលរដ្ឋនាំគ្នាជួយឃាត់នាំមកលើច្រាំង ។
តាមព័ត៌មានឱ្យដឹងថា មុនពេលចុះទឹកស្រ្តីរូបនេះបានផឹកថ្នាំសម្លាប់ខ្លួនតែមិនស្លាប់ក៏មកសម្លាប់ខ្លួននៅទឹកទន្លេគល់ស្ពានជ្រោយចង្វាទៀត ។ ភ្លាមៗ នោះដែរប្រជាពលរដ្ឋបានទូរស័ព្ទហៅបុរសម្នាក់មកឌុបត្រឡប់ទៅវិញ ៕
ចែករំលែកព័តមាននេះ