រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី២១ កញ្ញា ២០១២ នៅសណ្ឋាគារកាំបូឌីយ៉ាណា បានប្រារព្ធពិធីរំលឹកខួបលើកទី១៩ ប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពលោកឯក សំអុល ប្រធានក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ សម្តេចនរោត្តម សិរីវុឌ្ឍ ជាសមាជិកក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ លោកមីន ស៊ាន សមាជិកក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ លោកប៉ែន ថុន សមាជិកក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ និងមានសមាជិកមួយចំនួនទៀត ព្រមទាំងមានភ្ញៀវជាតិ និងអន្តរជាតិជាច្រើនចូលរួមផងដែរ ។ ការរំលឹកខួបលើកទី១៩ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនេះក្រោមការជួយឧបត្ថម្ភរបស់មូលនិធិខុរ៉ាដអាដិនណៅអ៊ែរ ។
លោកឯក សំអុល ប្រធានក្រុមប្រឹក្សារដ្ឋធម្មនុញ្ញបានមានប្រសាសន៍ថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសឱ្យប្រើមានអាយុ១៩ឆ្នាំ បើប្រៀបធៀបនឹងវ័យរបស់មនុស្ស គឺដល់វ័យជានីតិជនពេញលក្ខណៈ ។ រដ្ឋធម្មនុញ្ញឆ្នាំ១៩៤៧ ប្រទេសកម្ពុជាស្ថិតក្នុងសម័យសង្គមរាស្ត្រនិយមឆ្នាំ១៩៥៥ ដល់ថ្ងៃទី១៧ មីនា ១៩៧០ ប្រទេសកម្ពុជា ជាប្រទេសមានសុខសន្តិភាព ស្ថិរភាព និងវឌ្ឍនភាពថ្កុំថ្កើង ។
លោកបានបន្តថា ចាប់ពីថ្ងៃទី១៨ មីនា ១៩៧០ ប្រទេសកម្ពុជាបានធ្លាក់ខ្លួនដ៏សែនរន្ធត់ក្នុងភ្នក់ភ្លើងសង្គ្រាមអស់រយៈពេលជិត៣ទសវត្ស និងឆ្លងកាត់ទុក្ខសោកវិនាសកម្មគ្រប់បែបយ៉ាងមហាសោកស្តាយ ហើយបានផ្លាស់ប្តូររបបនយោបាយ និងរដ្ឋធម្មនុញ្ញចំនួន៤លើក ។ នៅថ្ងៃទី២ ធ្នូ ១៩៨៧ សម្តេចនរោត្តម សីហនុ និងលោកហ៊ុនសែន បានជួបចរចាស្វែងរកសន្តិភាពអស់រយៈពេលជាបន្តបន្ទាប់ជិត៤ឆ្នាំរហូតបានសម្រេចគោលដៅរួមគឺ កិច្ចព្រមព្រៀងសន្តិភាពប៉ារីសស្តីពី «ដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា» កិច្ចព្រមព្រៀងបានធ្វើឡើងនៅថ្ងៃទី២៣ តុលា ១៩៩១ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ