ខេត្តបាត់ដំបង ៖ បុរស២នាក់ត្រូវសមត្ថកិច្ចនគរបាលខេត្តបាត់ដំបង និងប៉ៃលិនឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីព្រឹកថ្ងៃទី២២ កញ្ញា ២០១២ នៅចំណុចចំណតរថយន្តក្រុងផ្សារបឹងឈូក ក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ក្រោយពីស្ថាប័នគយ និងជនរងគ្រោះប្តឹងចោទថា ជនទាំង២នាក់នេះបានឃុបឃិតគ្នាក្លែងបន្លំ «ត្រាពន្ធគយ ឬសន្លឹកពន្ធគយ» លើទោចក្រយានយន្តដែលប្រព្រឹត្តនៅខេត្តប៉ៃលិន ។
ជនសង្ស័យទាំង២នាក់ ១-ឈ្មោះយឹម ចន្ថា ភេទប្រុស អាយុ៥២ឆ្នាំ ជាអ្នកធ្វើពន្ធក្លែងក្លាយ និង២-ឈ្មោះសាន ស៊ីណា ភេទប្រុស អាយុ៤៨ឆ្នាំ ជាអ្នកប្រមូលប្រាក់ពីម្ចាស់ម៉ូតូអត់ពន្ធ យកមកធ្វើពន្ធក្លែងក្លាយ មានទីលំនៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ តែស្នាក់នៅបណ្តោះអាសន្នខេត្តប៉ៃលិន ។
លោកមាស សុផុន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ខេត្តប៉ៃលិន បានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ត្រូវសាខាគយខេត្តប៉ៃលិន និងម្ចាស់ម៉ូតូម្នាក់ឈ្មោះហ៊ុន ស៊ីថា ភេទប្រុស អាយុ៣២ឆ្នាំ ប្តឹងចោទប្រកាន់ពីបទ «ឆបោក និងក្លែងបន្លំត្រាពន្ធគយ» ដែលប្រព្រឹត្តនៅខេត្តប៉ៃលិន កាលពីពេលថ្មីៗកន្លងទៅ ។ លោកមាស សុផុន បញ្ជាក់ថា ជនសង្ស័យឈ្មោះសាន ស៊ីណា ត្រូវកម្លាំងរបស់លោកឃាត់ខ្លួននៅខេត្តប៉ៃលិន កាលពីថ្ងៃទី២១ កញ្ញា ឯឈ្មោះយឹម ចន្ថា ត្រូវកម្លាំងរបស់លោកសហការជាមួយកម្លាំងនគរបាលខេត្តបាត់ដំបង ឃាត់ខ្លួននៅព្រឹកថ្ងៃទី២២ កញ្ញា នៅក្នុងខេត្តបាត់ដំបង ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ