រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋនៅភូមិខ្ទរ សង្កាត់ព្រែកលៀប ប្រមាណជាង១០០នាក់បាននាំគ្នាមកកាន់វត្ដពោធិព្រឹក្ស ហៅវត្ដខ្ទរ ដើម្បីសួរនាំព្រះមេគណរាជធានីពីរឿងលក់ដីឈាបនដ្ឋានប្រើរូបភាពដោះដូរដី និងការធ្វើឈាបនដ្ឋានថ្មីនៅមុខវត្តបាក់ខែង ។ ការលើកគ្នាមកសួរនាំព្រះមេគណនេះបានផ្ទុះឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២១ កញ្ញា បន្ទាប់ពីព្រះមេគណរាជធានី និងព្រះវិន័យធម៌ បាននិមន្តមកធ្វើឧបោសថសាមគ្គីដើម្បីផ្សះផ្សាអធិករណ៍នៅក្នុងវត្ត ខណៈមានការតវ៉ាដោយហាមមិនឱ្យដោះដូរ ហើយប្រជាពលរដ្ឋក៏បានសំណូមពរឱ្យមានការរំសាយគណៈកម្មការអាចារ្យវត្តចេញ និងធ្វើការបោះឆ្នោតជ្រើសរើសថ្មី ព្រមទាំងដោះដូរចៅអធិការផងដែរ ។ នៅព្រឹកនោះដែរក្នុងទីវត្តអារាម ក៏មានកិច្ចការពារយ៉ាងតឹងរឹុងដោយខ្លាចប្រជាពលរដ្ឋនាំគ្នាសម្រុកចូលសួរនាំព្រះមេគណ ។
ប្រជាពលរដ្ឋបានឱ្យដឹងថា ការលើកគ្នាមកកាន់វត្តនេះគឺដើម្បីសាកសួរដល់ព្រះមេគណរាជធានីចំពោះដីឈាបនដ្ឋានវត្តទំហំ១៣០ម៉ែត្រគុណ២៧៧ម៉ែត្រដែលកន្លងមកមន្ត្រីធម្មការបានសហការជាមួួយក្រុមហ៊ុនអេងកាំងបានដោះដូរដីនេះដោយធ្វើឈាបនដ្ឋានថ្មីនៅក្រោយសាលាបឋមសិក្សាបាក់ខែងដែលស្ថិតនៅឆ្ងាយ ហើយប្រជាពលរដ្ឋចំនួន១.០០២នាក់បានផ្ដិតមេដៃជំទាស់រួចហើយនោះ ។ ប្រជាពលរដ្ឋបានឱ្យដឹងបន្តថា ដីរបស់វត្តជាដីរួមមិនអាចដោះដូរឬលក់បានទេ ។ ដីវត្តអាចទុកសាងសង់ជាសាលារៀន មន្ទីរពេទ្យមិនត្រូវជាកម្មសិទ្ធិនរណានោះឡើយ ។ ប្រជាពលរដ្ឋក៏បានសំណូមពរដល់ក្រសួងធម្មការ និងសម្ដេចសង្ឃមេត្ដាជួយដោះស្រាយ ។
នៅព្រឹកនោះតំណាងប្រជាពលរដ្ឋចំនួន៥នាក់បានទៅជួបព្រះមេគណរាជធានី ឃឹម សន ហើយព្រះមេគណបានឱ្យដឹងថា រឿងដីនេះព្រះអង្គមិនបានដឹងនោះទេ ព្រះអង្គនិមន្តមកវត្តនេះដើម្បីជួយសម្របសម្រួលនិងផ្សះផ្សាព្រះសង្ឃតែប៉ុណ្ណោះ ។
គួរបញ្ជាក់ថា បន្ទាប់ពីលេចឮព័ត៌មានដោះដូរដីវត្ត ប្រជាពលរដ្ឋនាំគ្នាបះបោរតវ៉ាហាមឃាត់ ។ ទោះបីជាយ៉ាងណាមានព័ត៌មានថា ដីនេះត្រូវបានគេដូរបាត់ទៅហើយដោយមានការឯកភាពពីថ្នាក់លើ ហើយឈាបនដ្ឋានថ្មីក៏បានសាងសង់ជិតរួចរាល់ហើយដែរ ៕
ចែករំលែកព័តមាននេះ