«សារសុខភាពតាមរយៈទូរស័ព្ទដៃនឹងផ្ដល់ព័ត៌មានដល់ស្ត្រីមានផ្ទៃពោះ និងម្ដាយដែលមានកូនក្រោម៥ឆ្នាំតាមរយៈបច្ចេកវិទ្យាទំនើបដោយប្រើសារជាសំឡេង» ។នេះគឺការចូលរួមដ៏អស្ចារ្យមួយរវាងអង្គការដៃគូដែលមានទីតាំងនៅខេត្តបាត់ដំបងគឺមូលនិធិម៉ាដក្សចូលីភីត (អ៊ែម ចេ ភី) ដែលសហការជាមួយអង្គការសុខភាពនៃចក្រភពអង់គ្លេស និងក្រុមហ៊ុនទូរស័ព្ទដៃ Smart Mobile រួមជាមួយអ្នកតំណាងពីមន្ទីរសុខាភិបាលដែលមានជាលើកដំបូងបង្អស់នៅកម្ពុជា ។
គម្រោងនេះឆ្លើយតបនឹងតម្រូវការសុខភាពដែលកំពុងជួបប្រទះនៅកម្ពុជាយ៉ាងខ្លាំង ។ប្រទេសកម្ពុជាត្រូវបានគេទទួលស្គាល់ថា មានភាពប្រសើរខាងផ្នែកសុខភាពម្ដាយ និងទារក ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ស្ថិតិប្រជាសាស្រ្ដ និងសុខភាពឆ្នាំ២០១២បានបង្ហាញថា ៤០%នៃក្មេងក្រោម៥ឆ្នាំនៅកម្ពុជាជួបប្រទះនឹងបញ្ហាកង្វះអាហារូបត្ថម្ភរ៉ាំរ៉ៃ ។
លោកស្ដេហ្វាន់ បកណា អគ្គនាយកនៃមូលនិធិម៉ាដក្សចូលីភីត បានមានប្រសាសន៍ថា ៖ «ស្រ្តីជាម្ដាយត្រូវការជាចាំបាច់បំផុតនូវព័ត៌មានសំខាន់ៗសម្រាប់សុខភាព» ។ លោកបានបន្ថែមថា ៖ « អង្គការក្នុងស្រុក ឬអង្គការអន្ដរជាតិដែលកំពុងធ្វើការនៅក្នុងប្រទេសកម្ពុជា គ្មានថវិការាប់លានដុល្លារ និងអ្នកមានជំនាញៗក្នុងការអនុវត្តកម្មវិធីអាហារូបត្ថម្ភ និងសុខភាពសម្រាប់ម្ដាយ និងទារកនៅតាមបណ្តាភូមិទាំងអស់ទូទាំងប្រទេសនោះទេ ។ ពួកយើងសង្ឃឹមថាកម្មវិធីសារសុខភាពតាមទូរស័ព្ទដៃនេះនឹងចូលរួមចំណែកបង្កើនសុខភាពម្តាយ និងទារកតាមរយៈការសម្រេចចិត្តដ៏ប្រសើរដែលស្ថិតនៅក្នុងដៃម្ដាយម្នាក់ៗ ជាពិសេសម្ដាយដែលនៅតាមតំបន់ជនបទដាច់ស្រយាល» ។
លោកក៏បានបន្ថែមទៀតថា៖ «កម្មវិធីនេះក៏ជាឧបករណ៍ដ៏មានសក្ដានុភាពដែលយើងសង្ឃឹមថានឹងជួយកាត់បន្ថយកង្វះអាហារូបត្ថម្ភរបស់ម្ដាយ និងទារកនៅក្នុងប្រទេសកម្ពុជា» ។កម្មវិធីនេះមានភាពងាយស្រួលដោយលោកអ្នកគ្រាន់តែហៅទៅកាន់លេខទូរស័ព្ទរបស់ប្រព័ន្ធទូរស័ព្ទ Smart Mobile ដោយឥតគិតថ្លៃបន្ទាប់មកអ្នកនឹងស្ដាប់ឮពីសារសុខភាពទាក់ទងនឹងការថែទាំក្នុងពេលមានផ្ទៃពោះ ការលូតលាស់របស់ទារក អាហារូបត្ថម្ភ ការចាក់ថ្នាំបង្ការ ការការពារប្រឆាំងនឹងជំងឺគ្រុនចាញ់ អនាម័យទូទៅ ក៏ដូចជាព័ត៌មាននៃមធ្យោបាយពន្យារកំណើត ។ ស្រ្ដីជាម្ដាយក៏អាចស្ដាប់សារសុខភាពបានច្រើនយ៉ាង និងច្រើនលើកច្រើនសារតាមដែលគាត់ចង់ស្ដាប់ ។
គោលបំណងនៃការបង្កើតកម្មវិធីនេះឡើងគឺដើម្បីឲ្យស្រ្ដីជាម្ដាយនៅតំបន់ដាច់ស្រយាលដែលមកទទួលការថែទាំផ្នែកសុខភាព និងព័ត៌មានផ្សេងៗនៅមានកម្រិតនោះ ឲ្យគាត់យល់ដឹងបានកាន់តែទូលំទូលាយជាងមុន ។ ពួកគាត់នឹងទទួលបានព័ត៌មានពីសុខភាពនៅពេលដែលគាត់ចាប់ផ្ដើមប្រើគម្រោងនេះ ។ ការចែកចាយស៊ីមកាត Smart Mobile ដោយឥតគិតថ្លៃនឹងធ្វើឡើងនៅប៉ុស្ដិ៍សុខភាព និងមណ្ឌលសុខភាពទាំងពីរដែលស្ថិតនៅក្នុងតំបន់គោលដៅនៃគម្រោងមូលនិធិម៉ាដក្សចូលីភីត ដែលមានទីតាំងនៅតំបន់សំឡូត ។
លោកថូម៉ាស ហ៊ុន នាយកប្រតិបត្តិនៃក្រុមហ៊ុនទូរស័ព្ទចល័ត Smart Mobile បានមានប្រសាសន៍ថា ៖ «ពួកយើងដែលជាតំណាងក្រុមហ៊ុនទូរស័ព្ទដៃមានភាពសប្បាយរីករាយជាអនេកដែលបានសហការគ្នាជាមួយមូលនិធិម៉ាក្សចូលីភីតនៅក្នុងកម្មវិធីដ៏អស្ចារ្យនេះ។ ពួកយើងចូលរួមគាំទ្រយ៉ាងពេញទំហឹងក្នុងការផលិត និងផ្សព្វផ្សាយកម្មវិធីនេះ»។ គាត់ក៏បានបន្ថែមទៀតថា៖ «បច្ចេកវិទ្យាទំនើបនៃទូរស័ព្ទដៃគឺជាមធ្យោបាយមួយដ៏ប្រសើរបំផុតក្នុងការភ្ជាប់ទំនាក់ទំនងរវាងស្រ្ដីជាម្ដាយទៅនឹងព័ត៌មានដ៏សំខាន់ៗដូចជា វិធីដ៏ត្រឹមត្រូវក្នុងការថែទាំសុខភាពរបស់គេជាពិសេសក្នុងអំឡុងពេលមានផ្ទៃពោះ ។ ស្រ្តីដែលនឹងក្លាយជាម្ដាយទាំងអស់អាចទទួលបានព័ត៌មានសំខាន់ៗ ហើយមិនបាច់ចំណាយលុយដោយគ្រាន់តែហៅទៅកាន់លេខ686» ។
កម្មវិធីនេះគឺជាគម្រោងសាកល្បងមួយនៅសំឡូតដែលជាតំបន់ជនបទ និងដាច់ស្រយាលដែលមូលនិធិម៉ាដក្សចូលីភីត បានចាប់ផ្ដើមធ្វើការនៅទីនោះតាំងពីឆ្នាំ២០០៣មកម៉្លេះ ។ តំបន់សំឡូតបានស្ថិតនៅក្រោមការកាន់កាប់របស់កម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) រហូតមកទល់នឹងឆ្នាំ១៩៩៨ ។ ប្រសិនបើកម្មវិធីសារសុខភាពតាមរយៈទូរស័ព្ទដៃនេះមានភាពជោគជ័យនៅតំបន់សំឡូត គម្រោងនេះនឹងត្រូវបានពង្រីកនៅទូទាំងប្រទេសកម្ពុជាដើម្បីឲ្យស្រ្ដីទាំងនៅទីក្រុង និងជនបទបានយល់ដឹងពីព័ត៌មានសំខាន់ៗ និងធ្វើការសម្រេចចិត្តជ្រើសរើសការថែទាំសុខភាពដ៏ប្រសើរសម្រាប់កូនរបស់គាត់ ។
គោលដៅសំខាន់នោះគឺយើងសង្ឃឹមថា កម្មវិធីនេះនឹងចូលរួមចំណែកសម្រេចនូវគោលដៅសហស្សវត្សនៃសហប្រជាជាតិ គឺគោលដៅសហស្សវត្សដែលរួមមានការលុបបំបាត់ភាពក្រីក្រ និងការអត់ឃ្លាន កាត់បន្ថយអត្រាស្លាប់របស់កុមារនិងធ្វើឲ្យប្រសើរឡើងនូវសុខភាពមាតា ។នេះគឺជាគោលដៅចម្បងដ៏ពិតប្រាកដមួយនៅក្នុងផ្នែកសុខភាពនៃប្រវត្តិសាស្ដ្ររបស់ប្រទេសកម្ពុជា។ កម្មវិធីនេះចាប់ផ្ដើមនៅខែកញ្ញា ឆ្នាំ២០១២ ៕
ចែករំលែកព័តមាននេះ