កីឡាករអង់គ្លេសឡេវីស ហាមីលតុន( Lewis Hamilton)បានសម្តែងនូវក្តីរីករាយជាថ្មីម្តងទៀតបន្ទាប់ពីរូបគេបានយកឈ្នះការប្រណាំងបណ្តោះអាសន្នកម្មវិធី Singapore Grand Prix នៅទីលានប្រណាំងប្រទេសសិង្ហបុរីកាលពីថ្ងៃសៅរ៍ទី២២ខកញ្ញាកន្លងមកនេះ ។
ហាមីលតុនវ័យ២៧ឆ្នាំបើកបរឱ្យក្រុមប្រណាំង McLaren-Mercedesបានបញ្ចប់ការប្រណាំងដោយប្រើអស់ថិរវេលា១នាទីនិង៤៦.៣៦២វិនាទីដណ្តើមបានការនាំមុខគេ ។ កីឡាករដែលបើកលឿនលំដាប់ទី២បានទៅលើ Pastor Maldonado ។ Maldonadoបានបញ្ចប់ការប្រណាំងក្នុងថិរវេលា១នាទីនិង៤៦.៨០៤វិនាទីយឺតជាងហាមីលតុន០.៤២២វិនាទី ។
ចំណែកកីឡាករដែលបើកលឿនលំដាប់ទី៣បានទៅលើកីឡាករអាល្លឺម៉ង់សេបាស្ទៀន វេតទែល។ វេតទែលដែលបើកបរឱ្យក្រុម Red Bullបានបញ្ចប់ការប្រណាំងក្នុងថិរវេលា១នាទីនិង៤៦.៩០៥វិនាទីពោលគឺ ០.៥៤៣វិនាទីយឺតជាងកីឡាករហាមីលតុន ។
សម្រាប់ហាមីលតុននេះគឺជាការនាំមុខបណ្តោះអាសន្នលើកទី៥ហើយនៅក្នុងរដូវកាលប្រណាំងឆ្នាំនេះហើយបើនិយាយនៅក្នុងអាជីពវិញ នេះគឺជាកានាំមុខលើកទី២៤ ។
ថ្លែងបន្ទាប់ដណ្តើមបានការនាំមុខគេ ហាមីលតុនបានបញ្ជាក់ថា៖«នេះជាការបញ្ជាក់ពីជ័យជម្នះក្នុងវគ្គផ្តាច់ព្រ័ត្រ។ ពិតប្រាកដណាស់យើងនឹងឈ្នះការប្រណាំង។ នេះជាលទ្ធផលដែលយើងចង់បានហើយក៏ជាសញ្ញាល្អសម្រាប់ពួកយើងទាំងអស់គ្នានៅក្នុងក្រុម ។ ជ័យជម្នះក្នុងថ្ងៃនេះពិតជាធ្វើឱ្យខ្ញុំសប្បាយចិត្តជាខ្លាំង ។ យើងធ្វើបានល្អចាប់តាំងពីព្រឹកមកម្លេះ ។ ខ្ញុំពេញចិត្តទីលានប្រណាំងនៅទីនេះជាខ្លាំង។ ដូច្នេះយើងនឹងចាំមើលលទ្ធផលនៅថ្ងៃស្អែក »។ ជើងឯកពិភពលោកឆ្នាំ២០០៨រូបនេះបានបន្តទៀតថា៖«វាជាការចាប់ផ្តើមដ៏ល្អមួយសម្រាប់ខ្ញុំនិងក្រុមទាំងមូល។ តែយ៉ាងណា នេះវាគ្រាន់តែជាការនាំមុខបណ្តោះអាសន្នប៉ុណ្ណោះ ។ ជោគជ័យដែលយើងបាននោះគឺនៅថ្ងៃស្អែក។ ខ្ញុំសូមនិយាយថា ក្រុមរបស់យើងពិតជាសហការគ្នាបានល្អ»។
បញ្ចប់ការប្រណាំងក្នុងលំដាប់ទី៤គឺកីឡាករអង់គ្លេស Jenson Button។ Buttonដែលបើរបរឱ្យក្រុមMcLarenប្រើពេលយឺតជាងហាមីលតុន ០.៥៧៧វិនាទី។ ចំណែកកីឡាករអេស្ប៉ាញហ្វឺណាន់ដូ អាឡុនសូដែលបើកបរឱ្យក្រុម Ferrariបញ្ចប់ការប្រណាំងក្នុងលំដាប់ទី៥ខណៈកីឡាករអាល្លឺម៉ង់នីកូ រ៉ូបឺកបានបានបញ្ចប់ការប្រណំាំងក្នុងចំណាត់ថ្នាក់លេខ១០ ។ គួរកត់សម្គាល់ថា កីឡាករវ័យក្មេងរូបនេះរហូតមកទល់នឹងពេលនេះពុំទាន់មានលទ្ធផលភាពនាំមុខបណ្តោះអាសន្នម្តងនៅឡើយទេ ៕
ចែករំលែកព័តមាននេះ