ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មាន់​កាំភ្លើ​ង​ជិះ​ម៉ូតូ​អត់​មួក អត់​កញ្ចក់ បា.ញ់​ប៉ូលិស​អត់​ផ្ទុះ

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ជនប្រដាប់​អាវុធ​ម្នាក់​មាន​សមាសភាពមិន​ទាន់ច្បាស់​លាស់​ត្រូវ​បាន​កម្លាំង​ប៉ូលិសប៉ុស្តិ៍គោល​ដៅ២៤​ម៉ោង​របស់​ខណ្ឌ​ពោធិ៍សែនជ័យ​ចាប់ខ្លួន ក្នុង​ខណៈ​ពេល​ដែល​ជន​នោះជិះម៉ូតូមួយគ្រឿង​អត់ពាក់​មួក និងអត់​​កញ្ចក់​ហើយ​ត្រូវបាន​ប៉ូលិស​ឃាត់​ដើម្បី​សួរនាំ ។ ប៉ុន្តែជន​នោះមិនត្រឹមតែមិន​ព្រម​ឈប់​ប៉ុណ្ណោះ​ទេ ថែម​ទាំងបើកបំបុកប៉ូលិស​ឲ្យដួល ​ហើយ​​ដក​កាំភ្លើងខ្លីបា.ញ់​ទៅលើប៉ូលិស​១

រាជ​ធានី​ភ្នំពេញ ៖ ជនប្រដាប់​អាវុធ​ម្នាក់​មាន​សមាសភាពមិន​ទាន់ច្បាស់​លាស់​ត្រូវ​បាន​កម្លាំង​ប៉ូលិសប៉ុស្តិ៍គោល​ដៅ២៤​ម៉ោង​របស់​ខណ្ឌ​ពោធិ៍សែនជ័យ​ចាប់ខ្លួន ក្នុង​ខណៈ​ពេល​ដែល​ជន​នោះជិះម៉ូតូមួយគ្រឿង​អត់ពាក់​មួក និងអត់​​កញ្ចក់​ហើយ​ត្រូវបាន​ប៉ូលិស​ឃាត់​ដើម្បី​សួរនាំ ។ ប៉ុន្តែជន​នោះមិនត្រឹមតែមិន​ព្រម​ឈប់​ប៉ុណ្ណោះ​ទេ ថែម​ទាំងបើកបំបុកប៉ូលិស​ឲ្យដួល ​ហើយ​​ដក​កាំភ្លើងខ្លីបាញ់​ទៅលើប៉ូលិស​១​គ្រាប់​ទៀត ​ប៉ុន្តែ​សំណាង​ល្អមិនផ្ទុះ ទើប​ត្រូវ​​បាន​ប៉ូលិស​​ចាប់​ខ្លួន​ភ្លាម​​ៗ ។

​ហេតុការណ៍​នោះបានកើត​ឡើងកាល​ពីវេលា​ម៉ោង​៨ និង៤៥នាទីព្រឹក​ថ្ងៃទី២១ ​កញ្ញា ​នៅ​លើ​កំណាត់ផ្លូវចោម​ចៅត្រង់ចំណុចប៉ុស្តិ៍គោល​ដៅ​២៤​ម៉ោង ស្ថិតក្នុងភូមិត្រពាំង​ថ្លឹងសង្កាត់​ចោម​ចៅ ខណ្ឌពោធិ៍សែនជ័យ​ ​។ ​​ជនខ្មាន់​កាំ​ភ្លើង​ខាងលើនេះ​ឈ្មោះ​តូច​ វិចិត្រ​ អាយុ២៥ឆ្នាំ មុខ​របរ​ និងទីលំ​នៅមិន​ពិត​ប្រាកដ​ប្រើ​កាំភ្លើង​ខ្លី​​មួយដើមម៉ាកកា៥៤​ផលិត​នៅអតីតសហ​ភាព​​​​​​សូវៀត​ បង់​មួយ​​ និងគ្រាប់​ចំនួន​​១១គ្រាប់​ ​ជិះ​ម៉ូតូ​​​១​គ្រឿង​ម៉ាក​សេ​១២៥​​ស៊េរី​ឆ្នាំ២០១២ ពាក់ស្លាក​លេខភ្នំពេញ១​AB២៤៥៥ ​ពណ៌​ខ្មៅ ជាស្លាក​លេខម៉ូតូ​ផ្សេង​ទេ តែជន​នោះ​បាន​យកទៅ​ចាប់​ពាក់ឲ្យម៉ូតូ​ដែល​ខ្លួន​​​ជិះ ។

​តាមប្រភពព័ត៌​​មាន​ពីមន្រ្តីប៉ូលិស​គោល​ដៅ​២៤​ម៉ោងផ្លូវចោម​ចៅនោះ​ បានឲ្យដឹងថា នៅ​មុន​ពេលកើតហេតុខាង​លើ ជន​សង្ស័យរូប​នេះ​​បាន​ជិះម៉ូតូមួយគ្រឿង​​ក្នុងល្បឿន​យ៉ាង​លឿន​ក្នុង​ទិសដៅពីកើតទៅ​លិច ។ លុះពេលទៅ​ដល់​ចំណុចគោល​ដៅ២៤ម៉ោងនោះ​ ដោយ​មាន​ការ​សង្ស័យលោកវរសេនីយ៍ទោ​ ប៊ន​​ សំអាត​ អធិ​ការ​ប៉ូលិសខណ្ឌ​ពោធិ៍សែនជ័យ​ បានបញ្ជាឲ្យ កម្លាំង​ប៉ូលិស​ចេញ​ឃាត់ឲ្យឈប់​ដើម្បី​ត្រួត​ពិនិត្យ ​ព្រោះពេលនោះជន​ខាង​លើមិន​មាន​ពាក់​​មួកសុវត្ថិភាពនោះទេ ឯម៉ូតូក៏​មានការ​សង្ស័យ​​ច្រើនដែរដោយអត់​មាន​​កញ្ចក់​​មើល​ក្រោយ ​ហើយ​​ស្លាកលេខក៏​ខុសស៊េរីអត់​បាញ់​កិប​ទេ បែរ​ជាចាប់​ខ្ចៅទៅវិញ ។

​ប្រភពដដែលបានបន្តថា​ នៅក្នុង​ខណៈ​នោះ​ជនសង្ស័យ​មិនព្រមឈប់ឲ្យធ្វើការ​ត្រួត​ពិនិត្យ​​ទេ គេបាន​ព្យាយាម​បើក​រត់គេច​ខ្លួន និង​បាន​បើក​បំបុក​​ប៉ូលិសម្នាក់បណ្តាល​ឲ្យដួល​ទាំង​អស់​គ្នា ។ បន្ទាប់មកជនសង្ស័យ​បានស្ទុះ​ក្រោក​ឡើង​ និង​បានដកកាំភ្លើងខ្លីម៉ាកកា៥៤​មួយដើម​ពីចង្កេះ​អាម៉េបញ្ចូល​គ្រាប់រួចបាញ់ប្រហារទៅ​លើ​កម្លាំង​ប៉ូលិស១​គ្រាប់ប៉ុនប៉ង​ដើម្បីដោះ​ខ្លួន​ ។ ប៉ុន្តែ​សំណាង​ល្អពេល​នោះ​កាំភ្លើង​មិន​ផ្ទុះហើយ​ជន​នោះ​បាន​អាម៉េបញ្ចូលគ្រាប់ថ្មី១​គ្រាប់ទៀតម្រុង​បាញ់ប៉ូលិសម្តងទៀត ​តែត្រូវ​បានប៉ូលិស​លោត​ចូលទៅ​ចាប់ឱប​ដណ្តើមបាន​កាំភ្លើង និង​ចាប់​ខ្លួនជននោះបានភ្លាមៗ ។

​ប្រភពដដែលបានបន្តថា ក្រោយចាប់​ខ្លួន​ជន​នោះត្រូវបាននាំទៅ​កាន់ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍សែនជ័យដើម្បីធ្វើការ​សាកសួរ ។ ជន​​នេះ​​បាន​សារភាព​ប្រាប់​ប៉ូលិស​ថា ខ្លួនគឺជា​ទាហាន​ទិញ​ឈ្មោះគេ និងឈរជើង​នៅតំបន់​​ប្រាសាទ​ព្រះវិហារ​ ហើយខ្លួនទើប​ត្រឡប់​មក​ពី​ខេត្ត​ព្រះ​វិហារមកដល់ភ្នំពេញ​កាលពីវេលា​យប់​ថ្ងៃទី២០ ​កញ្ញាដើម្បីយ​កកាំភ្លើងទៅ​លក់​ឲ្យបក្ស​ពួក ។ ​បក្សពួករបស់គេទូរ​ស័ព្ទហៅ​ឲ្យ​មក​ជួប​នៅ​ម្តុំ​រោង​ចក្រកាត់ដេរ​កាណាឌីយ៉ា ភូមិ​ត្រពាំង​ថ្លឹង សង្កាត់ចោមចៅ ​ដើម្បីទិញ​កាំភ្លើង​ពីរូប​គេ ។ មិនតែប៉ុណ្ណោះ​ជននោះ​បានប្រាប់​ថា ខ្លួន​ជា​មនុស្ស​កំព្រាឪពុកម្តាយ​ស្លាប់ចោល​អស់​ហើយ​សព្វថ្ងៃមិនមានកន្លែងស្នាក់នៅពិតប្រាកដ​នោះ​ឡើយ ។

​សមត្ថកិច្ចបានបន្តថា ជននេះសាហាវ​ខ្លាំង​ណាស់ហ៊ានដក​កាំភ្លើងបាញ់ប៉ូលិស​ទាំងកំរោល​តែសំណាងល្អមិនផ្ទុះ ហើយ​គេមានការ​សង្ស័យ​​ថា ជននេះគឺជាមុខសញ្ញាក្រុមចោរ​ប្លន់ប្រដាប់​អាវុធ​ដើររកធ្វើសកម្មភាពប្លន់ ប៉ុន្តែពុំទាន់មាន​ឱកាស​ប៉ះចំថ្ងៃស៊យជួបកម្លាំង​​ប៉ូលិស​ដក​កាំ​ភ្លើង​​បាញ់ដើម្បីដោះ​ខ្លួន តែមិនផ្ទុះ​ក៏ត្រូវ​ចាប់​ខ្លួន​តែ​ម្តង ។ ពេលនេះប៉ូលិសកំពុង​ធ្វើការ​ស្រាវ​ជ្រាវ និង​កសាងសំណុំ​រឿង​បន្ត ៕