ខេត្តកំពង់ឆ្នាំង ៖ ចោរ២នាក់ម្នាក់បានស្លាប់បាត់បង់ជីវិត ដោយសារចោរគ្នាឯងច្រឡំបាញ់ ស្មានតែម្ចាស់ទូក ខណៈធ្វើសកម្មភាពប្លន់ទូកអ្នកលក់ត្រី កាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ កញ្ញា ២០១២ ស្ថិតក្នុងភូមិពាមឆ្កោក ឃុំពាមឆ្កោក ស្រុកជលគិរី ។
ប្រភពឱ្យដឹងថា ក្រុមចោរប្លន់មានគ្នា២នាក់ បានជិះទូកមួយគ្រឿងមកដល់ស្ទាក់ប្លន់ទូកអ្នកលក់ត្រី២នាក់ ហើយចោរម្នាក់បានលោតឡើងមកលើទូកអ្នកលក់ត្រីរួចទាញស្នចាក់បណ្តាលឱ្យរងរបួសម្នាក់ ។ ភ្លាមៗនោះ អ្នកលក់ត្រីទាំងពីរនាក់បាននាំគ្នាលោតចុះទៅក្នុងទឹកបាត់ ។ ដោយឃើញបែបនេះ ចោរម្នាក់ទៀតបានដកកាំភ្លើងបាញ់ តែត្រូវចោរគ្នាឯងនៅលើទូកទៅវិញ បណ្តាលឱ្យស្លាប់បាត់បង់ជីវិត ។ បន្ទាប់មកចោរដែលដកកាំភ្លើងបាញ់ចោរ គ្នាឯងនោះ បានបើកកាណូតអ្នកលក់ត្រីមកដល់ភូមិពាមសទ្ធា ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល គេចខ្លួនបាត់ ដោយបន្សល់ទុកចោរដែលស្លាប់នៅលើកាណូតនោះ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕
ចែករំលែកព័តមាននេះ