កីឡាការិនីអង់គ្លេស Laura Robsonបានឈានចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកម្មវិធី Guangzhou Openក្រោយពីបានបំបាក់កីឡាការិនីម្ចាស់ផ្ទះ Peng Shuaiក្នុងលទ្ធផល ៧-៥,៥-៧និង៦-២ដោយប្រើពេលអស់ជាង៣ម៉ោង ។សម្រាប់ Robson នេះគឺជាការឈានចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួតរបស់សមាគម WTAលើកទី២របស់នាងហើយ ។
នៅវគ្គបន្ទាប់ កីឡាការិនីលំដាប់ទី៧៤ពិភពលោករូបនេះនឹងប៉ះជាមួយកីឡាការិនីលំដាប់ទី៣០ពិភពលោកមកពីប្រទេសរូម៉ានី Sorana Cirsteaដែលបានយកឈ្នះកីឡាការិនីបារាំង Alize Cornet ក្នុងលទ្ធផល៦-៤និង៦-៣ ។បានយកឈ្នះមេដាយប្រាក់អូឡាំពិកទីក្រុងឡុង និងឈានដល់វគ្គ១៦នាក់ចុងក្រោយនៃក្របខណ្ឌធំ U.S. Open ពេលនេះរដូវកាលប្រកួតដ៏កាក់កបរបស់នាង Robsonកំពុងតែបន្តនៅលើផ្លូវដ៏ល្អមួយ ។
នៅក្នុងការប្រកួតលើកនេះ នាងបានបំបាក់សឺវីសគូប្រកួតបាន៣ដងយកឈ្នះសិតទី១ ប៉ុន្តែក្នុងសិតទី២ Robsonបានធ្លាក់ដៃនិងត្រូវនាំមុខដោយគូប្រកួត ។ នាងបានថ្លែងថា ៖«បន្ទាប់ពីបញ្ចប់ការប្រកួតនៅទីក្រុងនូវយ៉ក ខ្ញុំមានទំនុកចិត្តលើខ្លួនឯងយ៉ាងខ្លាំង ។ ដោយឡែក ការប្រកួតលើកនេះ ខ្ញុំគ្មានផលលំបាកលើការវាយសឺវីសឡើយ ។ វាគឺជាការប្រកួតមួយដែលល្អបំផុត »។ កីឡាការិនីវ័យ១៨ឆ្នាំរូបនេះបានបន្តថា៖ «ទោះជាយ៉ាងណា នៅមានចន្លោះប្រហោងជាច្រើនទៀតដែលខ្ញុំត្រូវកែលំអ ។ ដូច្នេះអ្វីដែលខ្ញុំព្យាយាមផ្តោតការយកចិត្តទុកដាក់បំផុតនោះគឺកែលំអបច្ចេកទេសប្រកួតនិងស្តាប់ដំបូន្មានគ្រូបង្ហាត់ »។
មកទល់នឹងពេលនេះ Robsonបានបំបាក់កីឡាការិនីម្ចាស់ផ្ទះអស់២នាក់មកហើយ ។ ដោយឡែក ការជួបជាមួយនាង Cirsteaគឺជាលើកទី១ហើយ ។ គេមិនដឹងថា តើនាងអាចរក្សាជ័យជម្នះរបស់ខ្លួនបានបន្តទៅមុខទៀតក្នុងអាកាសធាតុក្តៅបែបនេះបានឬយ៉ាងណាទេ ។នាងបាននិយាយថា ៖«វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះនឹងក្លាយជាការប្រកួតដ៏ស្វិតស្វាញមួយពីព្រោះនាង Cirsteaជាអ្នកវាយលុកដ៏ខ្លាំងក្លាម្នាក់ ។ ដូច្នេះការជួបនាងលើកនេះ ជាការពិតណាស់ ខ្ញុំត្រូវរត់ឱ្យបានលឿន »៕
ចែករំលែកព័តមាននេះ