រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី១៩ កញ្ញា ឆ្នាំ២០១២ នៅសាកលវិទ្យាល័យ វេស្ទើន មានរៀបចំពិធីការពារនិក្ខេបទបញ្ចប់ថ្នាក់ បណ្ឌិតគ្រប់គ្រងពាណិជ្ជកម្មរបស់បេក្ខបណ្ឌិត ជូ គឹមឡេង អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមប្រធានបទ វិមជ្ឈការហិរញ្ញវត្ថុនៅកម្ពុជា ដែលកម្មវិធីនេះមានការអញ្ជើញចូលរួមជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ពីលោកឧបនាយករដ្ឋមន្ដ្រី គាត ឈន់ រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
លោក តែ ឡូរិន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ វេស្ទើន បានធ្វើរបាយការណ៍សង្ខេបជូនដល់អង្គពិធីទាំងមូលថា នេះគឺជាបេក្ខបណ្ឌិតទី១១ ដែលបានឡើងការពារនិក្ខេបបទបញ្ចប់ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ វេស្ទើន ដែលកន្លងមក គឺយើងបានបណ្ដុះបណ្ដាលថ្នាក់បណ្ឌិតមកទល់ពេលនេះ គឺជំនាន់ទី៣ ដែលមាននិស្សិតថ្នាក់បណ្ឌិតកំពុងសិក្សា ។ ទាំងអស់នេះ គឺបានមកពីការគាំទ្រពីសំណាក់អ្នកសិក្សាគ្រប់មជ្ឈដ្ឋានក្នុងការផ្ដល់នូវទំនុកចិត្ដលើគុណភាពសិក្សានៅសាកលវិទ្យាល័យ វេស្ទើន ។ ជាមួយគ្នានេះផងដែរ សាកលវិទ្យាល័យ វេស្ទើន បាននិងកំពុងធ្វើការពង្រីកវិសាលភាពរបស់ខ្លួនតាមរយៈការបង្កើតឡើងនូវកម្មវិធីសិក្សាលក្ខណៈអន្ដរជាតិសម្រាប់ថ្នាក់បរិញ្ញាបត្រ និងការបង្កើតនូវទីតាំងបន្ថែមសម្រាប់បំពេញសេចក្ដីត្រូវការលើវិស័យអប់រំ និងការចូលរួមចំណែកលើកកម្ពស់គុណភាពអប់រំ ការបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជា ។
លោកឧបនាយករដ្ឋមន្ដ្រី គាត ឈន់ រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍កោតសរសើរដល់សាកលវិទ្យាល័យ វេស្ទើន ដែលបានបណ្ដុះបណ្ដាលនូវធនធានមនុស្សប្រកបដោយគុណភាព និងសមត្ថភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។ លោកក៏បានមានប្រសាសន៍កោតសរសើរដល់បេក្ខបណ្ឌិតដែលបានជ្រើសរើសយកនូវប្រធានបទដ៏មានសារសំខាន់ និងមានស្មារតីអំណត់ព្យាយាមក្នុងក្របខណ្ឌមន្ដ្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានិស្សិតនៃសាកល វិទ្យាល័យ វេស្ទើនផង រហូតសម្រេចបាននូវជ័យលាភីបណ្ឌិតនាថ្ងៃដ៏មានជ័យមង្គលនេះ ។ ប្រធានបទស្រាវជ្រាវខាងលើនេះជាចំណែកមួយដ៏សាំញ៉ាំក្នុងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលនេះមិនមែនត្រឹមតែមានការគាំទ្រជានយោបាយយ៉ាងពេញទំហឹងនោះទេ តែថែមទាំងបាននូវសារនយោបាយយ៉ាងម៉ឺងម៉ាត់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាថា បើធ្វើកំណែទម្រង់យើងរស់ តែបើមិនធ្វើគឺយើងស្លាប់ ។
កំណែទម្រង់គឺជារឿងស្លាប់រស់របស់រាជរដ្ឋាភិបាលកម្ពុជា ហើយត្រូវចាត់ទុកថាកំណែទម្រង់គឺជាការងារប្រចាំថ្ងៃរបស់យើងដើម្បីកែលម្អពង្រឹង បង្កើន និងពង្រីកសមត្ថភាព លទ្ធភាព និងសក្ដានុពលរបស់យើងក្នុងគោលដៅរក្សាឱ្យបានជាមួយនឹងការវិវត្ដនៃសង្គម សេដ្ឋកិច្ច និងនយោបាយនៅក្នុងតំបន់ និងពិភពលោក ។ នៅក្នុងឱកាសនោះផងដែរ លោកឧបនាយករដ្ឋមន្ដ្រី ក៏បានប្រគល់វត្ថុអនុស្សាវរីយ៍ជូនដល់ជ័យលាភីបណ្ឌិត ជូ គឹមឡេង ដែលត្រូវបានគណៈកម្មការវាយតម្លៃនិក្ខេបបទប្រកាសជ័យលាភីស្ថាពរជាបណ្ឌិតជំនាន់ទី៣នៃសាកលវិទ្យាល័យ វេស្ទើន ហើយលោកក៏បានប្រគល់វត្ថុអនុស្សាវរីយ៍ជូនដល់លោកតែ ឡូរិន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ វេស្ទើន ដែលបានខិតខំដឹកនាំគ្រឹះស្ថានសិក្សាមួយនេះឱ្យទទួលបាននូវជោគជ័យ និងប្រកបដោយគុណភាពសិក្សាខ្ពស់ជារៀងរហូតមក ៕
ចែករំលែកព័តមាននេះ