ខេត្តតាកែវ ៖ ថ្ងៃទី១៩ កញ្ញា មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត មានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរយៈពេលខ្លី ក្រោមគម្រោង«មូលនិធិពិសេសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ក្រោមអធិបតីភាពលោកបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី បេន អភិបាលខេត្តតាកែវ ព្រមទាំងមានការចូលរួមពីប្រធានមន្ទីរជុំវិញខេត្ត ព្រមទាំងកម្មករ កម្មការិនីយ៉ាងច្រើនកុះករ ។
លោកស្រី សុក រ៉ាន្នី នាយិកាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះក្រោមការឧបត្ថម្ភពីមូលនិធិពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ផ្តល់ដល់កម្មករ កម្មការិនី ដែលគ្មានការងារធ្វើ លើមុខជំនាញកាត់ដេរ សម្អាងការ អ៊ុយសក់ ធ្វើក្រចក ជួសជុលម៉ូតូ ជួសជុលទូរស័ព្ទ ជួសជុលកុំព្យូទ័រ និងបសុព្យាបាល សរុបមាន១២វគ្គ សិក្ខាកាមសរុបចំនួន២៤០នាក់ ស្រី១២៤នាក់ កម្មករ កម្មារិនី៧៥នាក់ ។ បណ្តុះបណ្តាលនៅតាមសហគមន៍មានជំនាញចិញ្ចឹមមាន់ ចិញ្ចឹមជ្រូក សរុប៥វគ្គ សិក្ខាកាមសរុប១៥០នាក់ ស្រ្តី១០២នាក់ កម្មករ កម្មការិនី ១១៧នាក់ ស្ត្រី៨៦នាក់ យុវជន៣៣នាក់ ស្ត្រី១៦នាក់ សរុបរួមសិក្ខាកាមមានចំនួន ៣៩៨នាក់ ស្រី២២៦នាក់ កម្មករ កម្មការិនី១៩២នាក់ ស្ត្រី១៣០ យុវជន១៩៨ ស្ត្រី៩៦នាក់ ។
លោកស្រីនាយិកាមជ្ឈមណ្ឌលបានបន្តថា បន្ទាប់ពីបានសិក្សាជំនាញរយៈពេល១ខែ និង៤ខែមក សិក្ខាកាមទាំងអស់បានទទួលការបណ្តុះបណ្តាលជំនាញសហគ្រិនភាពរយៈពេល៥ថ្ងៃទៀតបង្រៀនឱ្យចេះប្រកបរបរដោយខ្លួនឯង ចេះរបៀបគ្រប់គ្រង រៀបចំផែនការ មុខរបរ និងគ្រប់គ្រងប្រាក់ចំណូល-ចំណាយ និងចំណេញចេះកំណត់តម្លៃផលិតផល ចេះរកទីផ្សារ និងទាក់ទាញអតិថិជន ។ ចំពោះសិក្ខាកាមបានរៀនជំនាញចប់បើមានគោលបំណងចាប់ផ្តើមមុខរបរ ប៉ុន្តែខ្វះដើមទុនពួកគេអាចចងក្រងជាក្រុម ដើម្បីទទួលបានមីក្រូឥណទានតាមរយៈមូលនិធិបង្កើតមុខរបរដោយខ្លួនឯងបាន ។
តំណាងសិក្ខាកាមបានថ្លែងអំណរគុណយ៉ាងស្មោះអស់ពីដួងចិត្តមិនអាចកាត់ថ្លៃបាន ចំពោះសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានឧបត្ថម្ភថវិកា សម្រាប់ដំណើរការវគ្គបណ្តុះបណ្តាលនេះបង្កើតមុខរបរចិញ្ចឹមជីវិតទៅថ្ងៃអនាគត ។
លោកបណ្ឌិត ពេជ សោភ័ន និងលោកស្រីបេន អភិបាលខេត្ត បានមានប្រសាសន៍ផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ដែលបានសិក្សាចប់នៅមុខជំនាញរបស់ខ្លួនរយៈពេល៤ខែ សូមឱ្យក្មួយៗទាំងអស់នៅពេលវិលត្រឡប់ទៅវិញ បង្កើតមុខរបររបស់ខ្លួនទៅតាមមុខជំនាញ សម្រាប់ដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ និងជាទុនទ្រទ្រង់ជីវិតទៅថ្ងៃអនាគត ៕
ចែករំលែកព័តមាននេះ