រាជធានីភ្នំពេញ ៖ ក្រុមសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍ចំនួន២៩នាក់បានចូលសម្តែងការគួរសមជាមួយលោកងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាក្នុងគោលបំណងសុំអនុសាសន៍ក៏ដូចជារំលែកបទពិសោធន៍មុននឹងពួកគេធ្វើដំណើរចូលរួមប្រឡងជ្រើសរើសក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍លើកទី៣៩ នៅតាមបណ្តាប្រទេសអាស៊ាន និងប្រទេសជប៉ុន ។ ការសម្តែងការគួរសមនេះបានធ្វើឡើងនៅថ្ងៃទី២១ កញ្ញា ២០១២ នៅវិមានរដ្ឋសភា ។
លោកងួន ញ៉ិល បានមានប្រសាសន៍ក្នុងឱកាសនោះថា ក្នុងនាមប្អូនៗជាតំណាងក្រុមនាវាយុវជនអាស៊ីអាគ្នេយ៍របស់កម្ពុជាត្រូវខិតខំស្វែងយល់ឱ្យបានច្រើនពីចំណេះដឹងតាមបណ្តាប្រទេសនានាដែលបានមកចូលរួមប្រឡងប្រជែង និងធ្វើការចែករំលែកវប្បធម៌របស់យើងក៏ដូចជាចំណេះដឹង និងបទពិសោធន៍ដែលយើងមានទៅបណ្តាប្រទេសអាស៊ានមានភាពល្អប្រសើរឡើងរវាងប្រទេសជាសមាជិកអាស៊ាន ។
លោកបន្តថា នៅពេលដែលប្អូនៗទទួលបានចំណេះដឹង ប្អូនៗយកចំណេះដឹងនេះមកផ្សព្វផ្សាយដល់ប្អូនៗដែលជានិស្សិតនៅក្នុងប្រទេសកម្ពុជា ដើម្បីទទួលបានចំណេះដឹងថ្មីក្នុងការអភិវឌ្ឍខ្លួន ក៏ដូចជាការកសាងសង្គមគ្រួសារឱ្យបានសមរម្យ លើសពីនេះ គឺជួយសង្គមជាតិឱ្យមានភាពរីកចម្រើនសំបូរបែប មានសុភមង្គល និងសុខុមាលភាព ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ