ខេត្តតាកែវ ៖ ការចិញ្ចឹមជ្រូកជាមុខរបរមួយដែលកែប្រែជីវភាពរបស់កសិករឱ្យមានភាពធូរធារហើយជាការផ្គត់ផ្គង់តម្រូវការម្ហូបអាហារដែលមិនអាចខ្វះបានផងដែរ ។ ដោយយល់ពីតម្រូវការនេះកសិករដែលមានដើមទុនច្រើនបានបើកកសិដ្ឋានចិញ្ចឹមជ្រូកហើយក៏បានការកាក់កបគួរឱ្យកត់សម្គាល់ ។ បច្ចុប្បន្នការចិញ្ចឹមជ្រូកភាគច្រើនពឹងផ្អែកលើការផ្គត់ផ្គង់ចំណីសម្រេចដែលចែកចាយដោយក្រុមហ៊ុនចំណីសត្វជាច្រើនទាំងក្នុងនិងក្រៅប្រទេស ។ កសិករតាមជនបទមួយចំនួនបានប្រើរូបមន្តសន្សំសំចៃដោយយកចំណីសម្រេចមកលាយជាមួយកន្ទក់ដើម្បីកាត់បន្ថយចំណាយក្នុងការចិញ្ចឹម ។
ស្រ្តីឈ្មោះ ណុប ស្រី រស់នៅក្នុងភូមិបាស្រែ ឃុំបាស្រែ ស្រុកអង្គរបុរី ខេត្តតាកែវ បានរៀបរាប់ប្រាប់ថា គាត់ប្រកបរបរចិញ្ចឹមជ្រូកនេះរយៈពេលជាង១០ឆ្នាំហើយ ។ ស្រ្តីរូបនេះបន្តថា ការចិញ្ចឹមជ្រូកកាលពីមុនមិនមានរោងម៉ាស៊ីនកិនស្រូវទេ គាត់ត្រូវរកទិញកន្ទក់ធ្វើជាចំណី ដែលពេលខ្លះជួបការលំបាក ព្រោះកន្ទក់ឡើងថ្លៃ ែតពេលនេះមានរោងម៉ាសុីនកិនស្រូវខ្លួនឯងមិនពិបាកដូចមុនទៀតទេ ។ កាលពីមុនការចិញ្ចឹមជ្រូករបស់គាត់មិនមានដាក់ក្នុងទ្រុងច្រើនក្បាលដូចពេលនេះទេ គឺចិញ្ចឹមប្រហែលជា២-៣ក្បាលប៉ុណ្ណោះ តែឥឡូវការចិញ្ចឹមរបស់គាត់បានឈានទៅដល់ការធ្វើជាលក្ខណៈកសិដ្ឋានធុនមធ្យមដែលមានជ្រូក២០ទៅ៣០ក្បាល ។
អ្នកស្រីបានបន្តទៀតថា ពេលថ្មីៗនេះតម្លៃលក់ចេញរបស់ជ្រូកបានធ្លាក់ចុះបន្តិចមែនតែគាត់មិនបោះប់ងចោលឡើយ ដោយសារពេលនេះគាត់មានរោងម៉ាស៊ីនកិនស្រូវខ្លួនឯងដែលអាចផ្គត់ផ្គង់កន្ទក់សម្រាប់ការចិញ្ចឹមកាត់បន្ថយការចំណាយក្នុងការទិញកន្ទក់ប្រចាំថ្ងៃ ហើយបើទោះត្រូវទិញកន្ទក់ពីរោងម៉ាស៊ីនផ្សេងក៏មានតម្លៃថោកសមរម្យអាចទទួលយកបាន ។ រយៈពេលនៃការចិញ្ចឹម គឺ៦ខែទើបអាចលក់ចេញបាន ។
លោក វី ហួយ រស់នៅក្នុងភូមិបាស្រែដែរបានឱ្យដឹងថា បច្ចុប្បន្នគាត់ក៏ចិញ្ចឹមជ្រូកដែរ ហើយក៏មានរោងមា៉ស៊ីនកិនស្រូវ ក្នុងការផលិតកន្ទក់សម្រាប់ផ្គត់ផ្គង់ដំណើរការចិញ្ចឹមជ្រូកនេះដែរ ។ លោកបន្តថា កាលពីមុនគាត់ចិញ្ចឹមជ្រូកជាលក្ខណៈតូចតាចសូម្បីតែការលាងសម្អាតជ្រូកក៏ត្រូវប្រើធុងក្នុងការដងទឹកសម្រាប់លាងតែឥឡូវបានប្រើម៉ូទ័របូមទឹកក្នុងការបាញ់សម្អាតវិញ ។ ប៉ុន្តែយ៉ាងណា លោក ហួួយ មិនសូវជាសប្បាយចិត្តទេ ខណៈពេលនេះតម្លៃជ្រូកធ្លាក់ចុះឯការលក់សាច់ជ្រូកលើទីផ្សារបែរជាមិនធ្លាក់ ។
យោងតាមប្រភពពីអ្នកចិញ្ចឹមជ្រូកដទៃទៀតបានឱ្យដឹងថា សព្វថ្ងៃគាត់ចិញ្ចឹមជ្រូកដើម្បីយកកូនតែគាត់ជួបការលំបាកម៉្យាងដែរដោយគាត់ត្រូវទិញទាំងចំណីនិងកន្ទក់ក្នុងការផ្គត់ផ្គង់ដល់ការចិញ្ចឹម ខណៈចំណីឡើងថ្លៃហើយតម្លៃជ្រូកធ្លាក់ចុះធ្វើឱ្យគាត់មិនសូវជាទទួលបាននូវប្រាក់ចំណេញប៉ុន្មាននោះទេ ប៉ុន្តែទោះជាយ៉ាងណា ក៏នៅតែចិញ្ចឹមដែរដោយលាយចំណីជាមួយកន្ទក់ ៕
ចែករំលែកព័តមាននេះ