រាជធានីភ្នំពេញ ៖ ជនប្រដាប់ដោយកាំភ្លើងខ្លីម្នាក់មានសមាសភាពមិនច្បាស់លាស់ត្រូវបានកម្លាំងប៉ូលិសប៉ុស្តិ៍គោលដៅ២៤ម៉ោងរបស់ខណ្ឌពោធិ៍សែនជ័យ ចាប់ខ្លួនបានក្នុងខណៈពេលដែលជននេះជិះម៉ូតូមួយគ្រឿងអត់ពាក់មួក និងដាក់កញ្ចក់ហើយត្រូវបានប៉ូលិសឃាត់ ដើម្បីសួរនាំ ប៉ុន្តែជននោះមិនត្រឹមតែមិនព្រមឈប់ប៉ុណ្ណោះទេ ថែមទាំងបើកបំបុកប៉ូលិសឱ្យដួល និងដកកាំភ្លើងខ្លីបាញ់ប្រហារទៅលើប៉ូលិស១គ្រាប់ទៀត តែសំណាងល្អមិនផ្ទុះបន្ទាប់មកប៉ូលិសចាប់ខ្លួនបាន ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៤៥នាទីព្រឹកថ្ងៃទី២១ កញ្ញា ២០១២ នៅលើកំណាត់ផ្លូវចោមចៅ ត្រង់ចំណុចប៉ុស្តិ៍គោលដៅ២៤ម៉ោង ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យខាងលើនោះឈ្មោះតូច វិចិត្រ អាយុ២៥ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដប្រើប្រាស់កាំភ្លើងខ្លីម៉ាកកា៥៤ មួយដើមបង់មួយ និងគ្រាប់ចំនួន១១គ្រាប់ ជិះម៉ូតូ១គ្រឿងម៉ាកឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ជាស្លាកលេខម៉ូតូផ្សេងទេ តែជននោះបានយកទៅចាប់ពាក់ឱ្យម៉ូតូខាងលើនោះអត់បាញ់កិបនោះទេ គឺចាប់មួលខ្ចៅដែលជាហេតុធ្វើឱ្យសមត្ថកិច្ចសង្ស័យ ។ ប៉ុន្តែខណៈនោះជនសង្ស័យមិនព្រមឈប់ឱ្យធ្វើការត្រួតពិនិត្យ ហើយព្យាយាមបើកគេចខ្លួន និងបានបើកបំបុកប៉ូលិសម្នាក់ បណ្តាលឱ្យដួលទាំងអស់គ្នា ។ បន្ទាប់មកជនសង្ស័យបានស្ទុះក្រោកឡើងដកកាំភ្លើងខ្លីពីចង្កេះអាម៉េបញ្ចូលគ្រាប់រួចបាញ់ប្រហារទៅលើកម្លាំងប៉ូលិស១គ្រាប់ប៉ុនប៉ងសម្លាប់ ដើម្បីដោះខ្លួន តែសំណាងល្អពេលនោះកាំភ្លើងមិនផ្ទុះ ហើយជននោះបានអាម៉េបញ្ចូលគ្រាប់ថ្មី១គ្រាប់ទៀតបម្រុងបាញ់ប៉ូលិសម្តងទៀត តែត្រូវបានប៉ូលិសលោតចូលទៅចាប់ឱបដណ្តើមបានកាំភ្លើង និងចាប់ខ្លួនជននោះបានភ្លាមៗ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ