កាលពីខែសីហាកន្លងទៅ ទិន្នផលឧស្សាហកម្មអាមេរិកធ្លាក់ចុះយ៉ាងខ្លាំងដល់ទៅ១,២% ដែលជាការធ្លាក់ចុះលឿនបំផុតក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ ចាប់តាំងពីមានខ្យល់ព្យុះសង្ឃរាអីុសាក់បោកបក់មកលើស្ថានីយបូមប្រេង និងឧស្ម័ននៅក្នុងឈូងសមុទ្រម៉ិចស៊ិកមកនោះ ។
ស្របពេលជាមួយគ្នានេះ ផលិតផលរោងចក្រធ្លាក់ចុះ០,៧% ដែលជាសញ្ញាមួយបង្ហាញថា ការលក់រាយរបស់អាមេរិកនៅតែស្ទាក់ស្ទើរក្នុងការទិញហ៊ុនក្នុងពេលដែលបរិយាកាសសេដ្ឋកិច្ចមានលក្ខណៈមិនប្រាកដប្រជា។ មួយវិញទៀតការចំណាយលើប្រេងសាំងច្រើនក៏ធ្វើឲ្យសកម្មភាពផលិតធ្លាក់ចុះដែរ។ តម្លៃប្រេងសាំងបានឡើងខ្ពស់ដល់០,៦% ចាប់ពីខែកក្កដាមក។អតិផរណាប្រចាំឆ្នាំកើនដល់១,៧%ពី១,៤%នៅក្នុងខែកក្កដា ប៉ុន្តែនៅតែស្ថិតក្រោមគោលដៅរបស់ធនាគារកណ្តាលព្យាករមានចំនួន២% ។
ការចំណាយលើយានយន្តនិងគ្រឿងចក្រផ្សេងៗកើន១០,៧%ចាប់ពីដើមឆ្នាំមក។ចំណែកការចំណាយលើសម្លៀកបំពាក់និងគ្រឿងបរិក្ខារក្នុងផ្ទះកើនឡើង៥,៨%។ លើសពីនេះ បណ្តាក្រុមហ៊ុននានាមានការស្ទាក់ស្ទើរក្នុងការជួលបុគ្គលិក។ ដោយមានការភ័យព្រួយចំពោះការរើបឡើងវិញនៃសេដ្ឋកិច្ចអាមេរិក ទើបតម្រូវឲ្យធនាគារកណ្តាលប្រកាសនូវការចាក់បញ្ចូលទឹកប្រាក់ក្នុងសេដ្ឋកិច្ចបន្ថែមចំនួន៤០ពាន់លានដុល្លារ ដើម្បីសង្គ្រោះសេដ្ឋកិច្ចក្នុងប្រទេស ៕
ចែករំលែកព័តមាននេះ