ខេត្តសៀមរាប ៖ មន្ដ្រីអាជ្ញាធរអប្សរា និងមន្ដ្រីអាជ្ញាធរខេត្ដបានថ្លែងថា រហូតមកទល់នឹងពេលនេះ គេនៅមិនទាន់មានសញ្ញាថ្មីអំពីការគំរាមកំហែងដោយគ្រោះទឹកជំនន់ទៅលើប្រាង្គប្រាសាទបុរាណ ឬទីក្រុងសៀមរាបដូចឆ្នាំកន្លងទៅទេ ខណៈមានសេចក្ដីរាយការណ៍ថា ស្ថានភាពទឹកជំនន់នៅឃុំល្វា នៃស្រុកពួក កំពុងចាប់ផ្ដើមស្រកជាបណ្ដើៗ ។ ការអះអាងបែបនេះធ្វើឡើងបន្ទាប់ពីភូមិសាស្ដ្រខេត្ដសៀមរាបនិងតំបន់ភាគខាងលើៗនៃខេត្ដមួយនេះបានបន្ដធ្លាក់ភ្លៀងជាប់គ្នាអស់រយៈពេល៤ថ្ងៃមកហើយ ។
អគ្គនាយកអាជា្ញធរអប្សរាលោកប៊ុន ណារិទ្ធដែលគ្រប់គ្រងប្រាសាទបុរាណ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៩ កញ្ញា ថា បន្ទាប់ពីភ្លៀងបានបង្អុរជាប់គ្នារយៈពេលបីបួនថ្ងៃមកនេះ យើងមិនទាន់ឃើញមានសញ្ញាគំរាមកំហែងជាដុំកំភួនពីសំណាក់ទឹកជំនន់មកលើប្រាសាទបុរាណយើងនៅឡើយទេ គ្រាន់តែមានកន្លែងខ្លះដក់ទឹកភ្លៀងបន្ដិចបន្តួចដែរ តែយើងក៏បានបង្ហូរវាចេញអស់ហើយដែរ ដើម្បីសម្រួលដល់ការដើរទស្សនាប្រាសាទរបស់យើង ។
លោកបានរំលឹកថា កាលពីជំនន់ក្នុងឆ្នាំ ២០១១ កន្លងទៅ ប្រាសាទមួយចំនួន ដូចជាប្រាសាទបាយ័ន ប្រាសាទតាព្រហ្ម ប្រាសាទបន្ទាយស្រីជាដើមបានលិចទឹកខ្លះៗ ប៉ុន្ដែឆ្នាំនេះគ្រប់ប្រាសាទទាំងអស់ពុំមានទឹកទេ ដោយសារតែយើងបានត្រៀមលក្ខណៈទុកជាមុន គឺយើងបានសម្រួលប្រព័ន្ធធារាសាស្ដ្រសំខាន់ៗមួយចំនួននៅក្នុងឧទ្យានអង្គរ ដើម្បីឱ្យចរន្ដទឹកហូរបានស្រួលជាងមុន ។
ទោះបីជាយ៉ាងណា លោកហង់ ពៅ អគ្គនាយករងអាជ្ញាធរអប្សរាទទួលបន្ទុកផ្នែកទឹកមិនអាចសុំការពន្យល់បន្ថែមអំពីយុទ្ធសាស្ដ្រកែសម្រួលប្រព័ន្ធផ្លូវទឹកនៅក្នុងឧទ្យានអង្គរបេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញរបស់កម្ពុជានោះបានទេ ដោយទូរស័ព្ទលោកហៅចូលជាច្រើនដង ប៉ុន្ដែគ្មានអ្នកទទួល ។
កាលពីឆ្នាំកន្លងទៅ បន្ទាប់ពីជំនន់ទឹកភ្លៀងបានជន់លិចក្រុងសៀមរាប និងប្រាសាទបុរាណមួយចំនួនដែលស្ថិតនៅក្បែរដងស្ទឹងសៀមរាបបានជំរុញឱ្យមន្ដ្រីអាជ្ញាធរអប្សរាធ្វើការស្នើសុំការសម្រេចពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំស្ដារ និងជួសជុលប្រព័ន្ធធារាសាស្ដ្រសម័យអង្គរឡើងវិញ ដើម្បីមានលទ្ធភាពគ្រប់គ្រងទឹកស្ទឹងប្រវត្ដិសាស្ដ្រសៀមរាបមានប្រភពពីជួរភ្នំគូលែនដែលអាចនាំទឹករាប់លានម៉ែត្រគូបមកពន្លិចទីក្រុងទេសចរណ៍ រួមទាំងប្រាសាទបុរាណមួយចំនួនដូចពេលកន្លងទៅ ។ ក្រៅពីប្រព័ន្ធបង្ហូរទឹកចាស់នៅតាមប្រាសាទ អាជ្ញាធរអប្សរាក៏បានធ្វើការជួសជុលសំណង់ទ្វារទឹកបុរាណមួយបន្សល់តាំងពីសម័យអង្គរហៅថា
«ស្ពានធំ»ធ្វើអំពីថ្មបាយក្រៀម ស្ថិតនៅលើដងស្ទឹងប្រវត្ដិសាស្ដ្រសៀមរាប ក្នុងឃុំព្រះដាក់របស់ស្រុកបន្ទាយស្រី សម្រាប់បង្វែរទឹកទៅតាមស្ទឹងពួក និងស្ទឹងរលួស នៅពេលសន្ទុះទឹកស្ទឹងជន់ហៀរហូរ ។
គេនៅចាំបានថា កាលពីព្រឹកថ្ងៃទី២២ កញ្ញា ឆ្នាំ២០១១ កន្លងទៅ ទឹករាប់លានម៉ែត្រគូបបានហូរធ្លាក់ពីតំបន់ជួរភ្នំគូលែន និងតំបន់ក្បែរៗនោះ យ៉ាងគំហុកដូចគេបើកទា្វរទឹកតាមដងស្ទឹងសៀមរាប ដោយប្រើរយៈពេលមិនដល់កន្លះម៉ោងផងបានពន្លិចភូមិមួយចំនួននៃស្រុកបន្ទាយស្រី និងឡោមព័ទ្ធភ្ញៀវទេសចរអន្ដរជាតិចំនួន១៨៣នាក់ចូលទស្សនាប្រាសាទបន្ទាយស្រីជាប់គាំងត្រឡប់ក្រោយមិនរួចអស់រយៈពេលជាច្រើនម៉ោង ។ ប៉ុន្ដែដោយមានការយកចិត្ដទុកដាក់យ៉ាងខ្លាំងទៅលើវិស័យទេសចរណ៍ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានចេញបញ្ជាឱ្យនាយឧត្ដមសេនីយ៍យោធា ចំនួន២រូប គឺលោកនាយឧត្ដមសេនីយ៍គន់ គីម និងលោកនាយឧត្ដមសេនីយ៍ ជា តារា យកឧទ្ធម្ភាគចក្រខ្នាតធំចំនួន៣គ្រឿងធ្វើការជម្លៀសភ្ញៀវទេសចរទាំងអស់នោះភ្លាមៗទាន់ពេលវេលា ។
នៅរសៀលថ្ងៃដដែលនេះដែរ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ដ លោក នួន គ្រឹះស្នា ថ្លែងថា ស្ថានភាពទឹកនៅស្ទឹងសៀមរាបបានចាប់ផ្ដើមស្រកបណ្ដើរៗហើយ គឺទឹកបានស្រកអស់មួយម៉ែត្រពីច្រាំងហើយ ដូច្នេះបើមេឃមិនបន្ដធ្លាក់ភ្លៀងពីតំបន់ខាងលើៗទៀតទេក្រុងទេសចរណ៍សៀមរាបនឹងមិនលិចលង់ដូចឆ្នាំកន្លងទៅទេ ។
ដោយឡែកស្ថានភាពទឹកនៅស្រុកពួកដែលមានសេចក្ដីរាយការណ៍មកថា ឃុំមួយចំនួននៃស្រុកនោះជាពិសេសឃុំល្វា ត្រូវបានវាយប្រហារយ៉ាងធ្ងន់ធ្ងរពីទឹកជំនន់ រហូតដល់ថ្នាក់អាជ្ញាធរធ្វើការជម្លៀសប្រជាពលរដ្ឋទៅកាន់កន្លែងមានសុវត្ថិភាពនោះ ត្រូវបានលោកប្រធានមន្ទីរអះអាងថាទឹកបានស្រកបណ្ដើៗដូចគ្នា ។ លោកបានបញ្ជាក់ថា យោងតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក នឹងឧតុនិយមបង្ហាញថា នៅទូទាំងប្រទេសកម្ពុជាបានរងនូវឥទ្ធិពលសម្ពាធទាបដែលអាចអូសបន្លាយរហូតមួយសប្ដាហ៍ឯណោះ ដូច្នេះទឹកជំនន់នៅតែបន្ដគំរាមកំហែងមកលើក្រុងទេសចរណ៍សៀមរាប ដែលមានផ្លូវទឹកពុះចំពាក់កណ្ដាលនេះដដែល ។
គួររំលឹកថា កាលពីឆ្នាំ២០១១កន្លងទៅក្រុងទេសចរណ៍សៀមរាបបានរងនូវការវាយ ប្រហារផ្ទួនៗចំនួន៤លើកពីទឹកជំនន់ដែលហៀរចេញពីស្ទឹងប្រវត្ដិសាស្ដ្រសៀមរាប បណ្ដាលឱ្យសង្កាត់យ៉ាងតិច៥ ស្ថិតនៅអមបណ្ដោយដងស្ទឹងត្រូវលិច ក្នុងនោះមានសង្កាត់សាលាកំរើក សង្កាត់ស្វាយដង្គំ សង្កាត់ស្លក្រាម សង្កាជ្រាវ និងសង្កាត់សៀមរាប ។
កាលពីគ្រោះទឹកជំនន់ក្នុងឆ្នាំ២០១១ កន្លងទៅ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ លោកថោង ខុន បានបញ្ជាក់ថា មានការប៉ះពាល់ដល់វិស័យទេសចរណ៍ខ្លះៗដែរ ក្នុងនោះសណ្ឋាគារចំនួន១១ និងផ្ទះសំណាក់ចំនួនជាង២០ រួមទាំងភោជនីយដ្ឋានចំនួន៤៥កន្លែង ដែលស្ថិតនៅអមសងខាងបណ្ដោយដងស្ទឹងសៀមរាប និងនៅម្ដុំផ្សារចាស់ ដែលកន្លែងកកកុញទៅដោយភ្ញៀវទេសចរចម្រុះជាតិសាសន៍បានស្ថិតនៅក្នុងសភាពត្រាំទឹកផ្នែកខាងក្រៅ ប៉ុន្ដែមិនទាន់ដល់ដំណាក់កាលបិទទ្វារទាំងស្រុងនោះទេ ។
កាលនោះ លោករដ្ឋមន្ត្រីបានថ្លែងថា តាមការចុះពិនិត្យជាក់ស្ដែងនៅតំបន់ផ្សារចាស់នៅអំឡុងគ្រាមានទឹកជំនន់កន្លងមកឃើញថា មានហាងតូចធំប្រមាណជាង៨០ និងផ្សារឯកជនលក់វត្ថុអនុស្សាវរីយ៍ចំនួន២ ដែលមានតូបប្រមាណជាង៤០០ត្រូវបានរំខានដោយសារទឹកផុសពីស្ទឹងធ្វើឱ្យភ្ញៀវទេសចរពិបាកធ្វើដំណើទៅកាន់ទីនោះ ដូច្នេះភ្ញៀវបាត់បង់ឱកាសចាយលុយ ក្នុងមួយថ្ងៃៗប្រមាណជាង៤ម៉ឺនដុល្លារអាមេរិកឯណោះ ៕
ចែករំលែកព័តមាននេះ