ក្រុងប៉ោយប៉ែត ៖ ពលករខ្មែរចំណាកស្រុករាប់រយនាក់កំពុងតែជ្រួលច្រាលស្ទើរពេញក្រុងប៉ោយប៉ែត ព្រោះតែរកច្រកចេញទៅដីថៃមិនបាន ដោយសារតែអាជ្ញាធរថៃរឹតបន្តឹង និងទឹកជំនន់កំពុងតែវាយប្រហារ ។ ជាក់ស្តែងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៩ កញ្ញា ២០១២ គេឃើញមានក្រុមពលករចំណាកស្រុករាប់រយនាក់បាននាំគ្នាជ្រួលច្រាលនៅលើវាលស្មៅ ចំណុចកាស៊ីណូផ្កាយប្រាំ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
ប្រភពពីក្រុមពលករចំណាកស្រុកឱ្យដឹងថា កន្លងមកពួកគេបានលួចឆ្លងដែនចូលទៅក្នុងទឹកដីថៃតាមច្រករបៀង ដោយខុសច្បាប់នៅចំណុចកាស៊ីណូផ្កាយប្រាំ ប៉ុន្តែប៉ុន្មានថ្ងៃនេះ ដោយមានភ្លៀងធ្លាក់ខ្លាំងផ្ទួនៗជាច្រើនមេបានបង្កឱ្យមានទឹកជំនន់ជន់លិចអូរព្រំដែន នៅមាត់ច្រករបៀងខាងលើនេះ ទើបមិនអាចឱ្យពួកគាត់ឆ្លងដែនចូលទៅក្នុងទឹកដីថៃបានឡើយនៅពេលនេះ ។
លោកវរសេនីយ៍ត្រី សូ ចាន់ណារី មេបញ្ជាការវរការពារព្រំដែនគោកលេខ៩១១ ឈរជើងនៅចំណុចព្រំដែនកម្ពុជា-ថៃ ក្រុងប៉ោយប៉ែត ប្រាប់កោះសន្តិភាពឱ្យដឹងថា ក្រុមពលករចំណាកស្រុកទាំងនេះ ពួកគេមានបំណងលួចឆ្លងដែនទៅក្នុងទឹកដីថៃ ដោយខុសច្បាប់ ប៉ុន្តែត្រូវបានក្រុមសមត្ថកិច្ចរបស់លោកហាមឃាត់មិនឱ្យពួកគេលួចឆ្លងដែនចូលទៅក្នុងទឹកថីថៃ ដោយខុសច្បាប់នោះឡើយ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ