រាជធានីភ្នំពេញ ៖ នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី២០ កញ្ញាំ ២០១២ នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសផែនការទេសចរណ៍២០១២-២០២០ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល មន្ត្រីសំខាន់ៗមកពីបណ្តាស្ថាប័នរដ្ឋ អង្គការដៃគូអភិវឌ្ឍន៍ ដេើម្បីស្តាប់ការបង្ហាញយុទ្ធសាស្ត្រផ្សេងៗផ្តោតលើការអភិវឌ្ឍន៍វិស័យទេសចរណ៍ ។
លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា វិស័យទេសចរណ៍បានបង្កើតការងារ១ ក្នុងចំណោមការងារ១២លើពិភពលោកដោយវិស័យនេះដើរតួនាទីយ៉ាងសកម្មក្នុងចំណោមសកម្មភាពមនុស្ស និងសេដ្ឋកិច្ចជរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចឱ្យស្មើនឹង៥ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) និងតំណាងឱ្យ៣០ភាគរយនៃការនាំចេញសេវាកម្មរបស់ពិភពលោក ។
នៅឆ្នាំ២០១១ ទេសចរអន្តរជាតិប្រមាណ៩៨២លាននាក់ បានធ្វើដំណើរឆ្លងកាត់ព្រំដែនអន្តរជាតិដែលបង្កើនចំណូលបាន១០ម៉ឺនកោដដុល្លារក្នុងចំណូលនាំចេញ និងទេសចរក្នុងស្រុកប្រមាណ៤.០០០លាននាក់បានធ្វើដំណើរក្នុងប្រទេសរបស់ខ្លួន ។ នៅឆ្នាំ២០១២ គេរំពឹងថា ពិភពលោកទាំងមូលនឹងទទួលបានទេសចរអន្តរជាតិប្រមាណ១.០០០លាននាក់ ក្នុងនោះតំបន់អាស៊ីប៉ាស៊ីហ្វិក នឹងបន្តដើរតួនាទីជាគោលដៅទេសចរណ៍ដ៏ចម្បងរបស់សាកលលោក ជាពិសេសប្រទេសចិន គឺជាគោលដៅទេសចរណ៍ និងទីផ្សារផ្គត់ផ្គង់ទេសចរណ៍មួយដ៏ចម្បងនៅក្នុងតំបន់។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ