រាជធានីភ្នំពេញ ៖ មន្ទីរពេទ្យ MAG និងមន្ទីរពេទ្យ SNEC របស់សិង្ហបុរីកាលពីថ្ងៃទី១៥ កញ្ញា នៅសណ្ឋាគារសាន់វ៉េ បានសហការគ្នារៀបចំធ្វើសិក្ខាសាលាមួយស្តីពីការផ្លាស់ប្តូរ និងការព្យាបាលជំងឺភ្នែកដែលជាជំងឺមួយកំពុងមានបញ្ហាផ្នែកសុខភាពសាធារណៈដ៏ធំ បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតលើមនុស្ស សេដ្ឋកិច្ចនិងសង្គម។
លោកវេជ្ជបណ្ឌិត Lan Yeo គ្រូពេទ្យជាន់ខ្ពស់ផ្នែកជំងឺកញ្ចក់ភ្នែក រ៉េទីន និងជំងឺភ្នែកឡើងបាយ ចក្ខុសាស្ត្រពេញលេញនៅមន្ទីរពេទ្យ SNEC បានឱ្យដឹងថា មូលហេតុនាំមុខដែលនាំឱ្យពិការ និងបាត់បង់គំហើញគឺជំងឺភ្នែកទាក់ទងនឹងអាយុដោយផ្ទាល់ ។ ការពិនិត្យរកជំងឺរ៉េទីនក្នុងដំណាក់កាលដំបូងអាចធ្វើឱ្យការព្យាបាលមានប្រសិទ្ធភាព ។ នៅមន្ទីរពេទ្យ SNEC លោកនឹងបន្តរិះរកវិធីការពាររ៉េទីន និងពីការបំផ្លាញដោយភាពសឹករេចចំណុចឃ្មឹកនៃកញ្ចក់ភ្នែកទាក់ទងនឹងអាយុជំងឺរ៉េទីន ដោយជំងឺទឹកនោមផ្អែម និងការដាច់រហែកក្នុងរ៉េទីន និងប្រយោជន៍ចំណុចប៉ោងនៃចំណុចឃ្មឹក ។ បើមិនព្យាបាលឱ្យទាន់ពេលវេលាទេនោះ វាអាចបំផ្លាញសមត្ថភាពគំហើញអ្នកជំងឺជាអចិន្ត្រៃយ៍តែម្តង ។
លោកវេជ្ជបណ្ឌិត Joce Lyn Chua ជាអ្នកផ្តល់ប្រឹក្សាផ្នែកជំងឺទឹកដក់ក្នុងភ្នែក នៅមន្ទីរពេទ្យ SNEC បានបន្ថែមទៀតថា ការពិនិត្យឆ្លុះជំងឺភ្នែកពាក់ព័ន្ធនឹងអាយុពិតជាចាំបាច់ណាស់ ជាពិសេសចំពោះអ្នកដែលស្ថិតក្នុងស្ថានភាពប្រឈម ប៉ុន្តែបើធ្វើរោគវិនិច្ឆ័យជំងឺបានទាន់ពេលវេលា នឹងអាចធ្វើការព្យាបាលបានដោយមានប្រសិទ្ធភាព ហើយការពិនិត្យតាមដាន និងព្យាបាល នោះអាចជួយសង្គ្រោះរាល់គំហើញទាំងនេះបានទាន់ពេលវេលា ។ ចំពោះអ្នកដែលមានអាយុចាប់ពី៥០ឆ្នាំឡើងទៅ គួរឧស្សាហ៍ទៅជួបវេជ្ជបណ្ឌិត ដើម្បីធ្វើការពិនិត្យភ្នែកឱ្យបានច្បាស់ ។
ជំងឺភ្នែកភាគច្រើនពុំមានបង្ហាញសញ្ញាព្រមាន ឬរោគសញ្ញាអ្វីគួរឱ្យកត់សម្គាល់ឡើយ ម៉្យាងវិញទៀត មនុស្សវ័យចំណាស់គួរតែជម្រាបលោកវេជ្ជបណ្ឌិតអំពីប្រវត្តិគ្រួសារដែលធ្លាប់កើតមានបញ្ហា ឬជំងឺភ្នែកដែលកំពុងទទួលការព្យាបាល ព្រមទាំងស្ថានភាពផ្សេងទៀតដែលអាចមានទំនាក់ទំនងនឹងសុខភាពភ្នែក ៕
ចែករំលែកព័តមាននេះ