រាជធានីភ្នំពេញ ៖ នាយកមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត លោក ច ម៉េងចួ បានអះអាងថា សប្ដាហ៍ទី៣៦ ឆ្នាំ២០១២នេះការផ្ទុះរាតត្បាតនៃជំងឺគ្រុនឈាមបានធូរស្រាលជាបន្តបន្ទាប់ ប៉ុន្ដែក៏ជាពេលដែលត្រូវបន្ដប្រុងប្រយ័ត្ន ព្រោះជំងឺនេះកំពុងបន្ដសម្លាប់កុមារ៦-៧នាក់ក្នុង១សប្ដាហ៍ ហើយការរាតត្បាតនេះ មិនទាន់ចប់នៅទ្បើយទេ ។
លោក ច ម៉េងចួ ឲ្យដឹងថា ក្នុង៣៦សប្ដាហ៍ដើមឆ្នាំ២០១២ នេះករណីគ្រុនឈាមចូលសម្រាកព្យាបាលនៅសេវាសាធារណៈមានចំនួន៣២.១៦៣នាក់ ក្នុងនោះស្លាប់១៣៤នាក់(អត្រាស្លាប់០,៤២%) ។ ការរាតត្បាតឆ្នាំនេះមានទំហំតូចជាងឆ្នាំ២០០៧ ព្រោះថា ឆ្នាំ២០០៧ មានករណីឈឺ៣៦.៦០៤នាក់ និងស្លាប់រហូតដល់ទៅ៣៧៩នាក់ (អត្រាស្លាប់១,០៤%) ក្នុង៣៦សប្ដាហ៍ដូចគ្នា ។ ឆ្នាំ២០១២ ករណីគ្រុនឈាម១.០០០នាក់ មានស្លាប់ជាមធ្យម៤នាក់ ពោលគឺទាបជាងឆ្នាំ២០០៧ យ៉ាងច្រើនដែលកាលណោះក្នុង១.០០០នាក់មានស្លាប់១០នាក់។
លោកនាយកមជ្ឈមណ្ឌលបានបន្តថា មូលហេតុស្លាប់ឆ្នាំ២០១២ ដោយសារករណីធ្ងន់ធ្ងរមានសញ្ញាហូរឈាមតាមផ្លូវរំលាយអាហារ៧០% ហើយភាគច្រើនចូលព្យាបាលនៅសេវាឯកជនជាមុន ក្នុងនោះ៣៥%ទឹកចូលសួតដោយមន្ទីរពេទ្យឯកជនខ្លះបញ្ចូលសេរ៉ូមហួសកម្រិតនាំឲ្យជំងឺកាន់តែធ្ងន់មិនអាចជួយសង្គ្រោះបាន រួច ទើបបញ្ជូនមកស្លាប់នៅមន្ទីរពេទ្យរដ្ឋ ។ ទោះជាយ៉ាងណាក៏ដោយ លោកបញ្ជាក់ថា ក្នុងឆ្នាំ២០១២នេះករណីឈឺមានច្រើនបំផុតក្នុង៣សប្ដាហ៍ គឺសប្ដាហ៍ទី២៦ដល់ទី២៨ដែលមាន ២.៤០០នាក់ក្នុង១សប្ដាហ៍ បន្ទាប់មកចំនួនករណីឈឺបានថយចុះរហូតមកដល់១.៣៩២នាក់ក្នុងសប្ដាហ៍ទី៣៦នេះ»។
លោកច ម៉េងចួ បានថ្លែងទៀតថា ប៉ុន្តែប្រការគួរឱ្យបារម្ភគឺការផ្ទុះរាតត្បាតជំងឺគ្រុនឈាមក្នុងឆ្នាំ២០១២ នេះអាចអូសបន្លាយយូរជាងឆ្នាំ២០០៧ ដោយសារការប្រែប្រួលអាកាសធាតុ ។ ភ្លៀងឆ្នាំ២០១២មានទឹកតិចជាងឆ្នាំ២០០៧ ប៉ុន្ដែមានច្រើនថ្ងៃយ៉ាងនេះនាំឲ្យការបន្ដពូជមូស និងដង្កូវទឹកមាននិរន្ដរភាព។ សន្ទស្សន៍ដង្កូវទឹកជិតដុះស្លាប (ដឹកឌឿ) ក្នុងប្រជាជន១នាក់ មានជាមធ្យម៣ក្បាល (ខេត្ដកណ្ដាល ភ្នំពេញ សៀមរាប បន្ទាយមានជ័យ) តាំងពីដើមឆ្នាំមកពោលគឺសន្ទស្សន៍រដូវប្រាំងឆ្នាំ២០១២ មានខ្ពស់ជាងរដូវវស្សា ឆ្នាំ២០០៧ ដែលមានតែ២ក្បាលទេ ។ សង្កាត់ខ្លះនៅរាជធានីភ្នំពេញមាន៩ក្បាលក្នុងប្រជាជន១នាក់ ។ សន្ទស្សន៍សុវត្ថិភាពកំណត់ដោយអង្គការសុខភាពពិភពលោក គឺមិនឲ្យលើសពី១ក្បាលក្នុង១នាក់។
ប្រឈមនឹងបញ្ហានេះលោក ច ម៉េងចួ បានអះអាងថា សន្ទស្សន៍ដង្កូវទឹកឆ្នាំ២០១២នេះមិនកើនតាមរដូវវស្សានោះទេ ។ ការដាក់ថ្នាំអាបែតដោយភ្នាក់ងារស្ម័គ្រចិត្ដតាមសហគមន៍ ធ្វើនៅតំបន់ចំណុចកំណត់ដោយបុគ្គលិកពេទ្យរដ្ឋ ដែលគ្របដណ្ដប់១ភាគ៣នៃចំនួនភូមិទូទាំងប្រទេសហើយថ្នាំអាបែតអាចដាក់បានតែក្នុងពាង ក្រទ្ប ឬថូផ្កា ។ ប៉ុន្ដែលំបាកចំពោះគំនរកង់រថយន្ត សំរាមសើម សំបកកំប៉ុង ថ្លុកជុំវិញផ្ទះ លូទឹកស្អុយ ឬកំណាត់គល់ប្ញស្សីដែលសល់ជាប់នៅគុម្ពប្ញស្សីក្បែរផ្ទះ ក្រោយពីគេកាត់យកដើមវាចេញមកប្រើ ។ ទោះបីថ្នាំអាបែត បានដាក់ក្នុងពាងក៏ដោយ តែបរិស្ថានក្រៅពាងទាំងនោះអាចបំបាត់បានលុះត្រាតែបុគ្គលម្នាក់ៗទទួលខុសត្រូវព្យាយាមលុបបំបាត់ ៕
ចែករំលែកព័តមាននេះ