ការខ្វែងគំនិតគ្នាកាន់តែជ្រៅទៅៗកាលពីថ្ងៃសៅរ៍ទី១៥ កញ្ញា ក្នុងចំណោមរដ្ឋមន្រ្តីហិរញ្ញវត្ថុសហគមន៍អឺរ៉ុបក្រោយពីបញ្ចប់កិច្ចប្រជុំក្រៅផ្លូវការរយៈពេល២ថ្ងៃនៅប្រទេសស៊ីប ស្តីពីសំណើដើម្បីបង្កើតសហភាពធនាគារនិងបង្កើតយន្តការរួមដើម្បីត្រួតពិនិត្យប្រតិបត្តិការធនាគារនៅក្នុងរដ្ឋសមាជិកតំបន់ចាយប្រាក់អឺរ៉ូទាំងអស់ ។ សំណើស្តីពីការបង្កើតសហភាពធនាគារ ត្រូវបានដាក់ស្នើឡើងដោយគណៈកម្មាធិការទីផ្សារ និងសេវាខាងក្នុង គឺលោក មីសែល បានៀ(Michel Banier) ដែលនេះជាជំហានដំបូងដើម្បីអនុញ្ញាតឲ្យយន្តការស្ថិរភាពអឺរ៉ុប(European Stability Mechanism=ESM) អាចផ្តល់ហិរញ្ញប្បទានដោយផ្ទាល់ដល់ធនាគារទាំងអស់ ។
មុននឹងដាក់ជាសំណើនេះ លោកមីសែលធ្លាប់បានគិតថានឹងមានការខ្វែងគំនិតគ្នាចំពោះសំណើនេះ រួចទៅហើយ។ ប្រទេសអាល្លឺម៉ង់បានសម្តែងការមិនយល់ព្រមចំពោះសំណើនេះ ដោយហេតុថា វាដូចជាមហិច្ឆតាធំពេក ហើយមិនអាចលេចជារូបរាងបាននៅដំណាច់ឆ្នាំនេះទេ ។ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាល្លឺម៉ង់លោក Wolfgang Schaeuble ថ្លែងថា ការផ្ទេរការគ្រប់គ្រងធនា គារទៅឲ្យធនាគារកណ្តាលអឺរ៉ុបនឹងមិនគ្រប់គ្រាន់ទេសម្រាប់បណ្តាធនាគារទាំងនោះដើម្បីដកប្រាក់ដោយផ្ទាល់ពីESM ។ លោកបានទទូចថា រាល់ប្រទេសទាំងអស់ដែលធនាគារមានបញ្ហាហើយមានបំណងដកប្រាក់ពី ESM ត្រូវតែស្នើសុំកម្មវិធីសម្របសម្រួលតាមរយៈESM។ លោកមិនគិតថា អាចមានការផ្លាស់ប្តូរដោយផ្ទាល់តាមរយៈESM បានរួចរាល់នៅថ្ងៃទី១ខែមករា ២០១៣ នោះទេ។
ESM ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនៅក្នុងកិច្ចប្រជុំថ្ងៃទី៨តុលា ខាងមុខហើយដាក់ឲ្យប្រតិបត្តិការក្នុងរយៈពេល១ខែ។ ក្នុងនោះESMមានលទ្ធភាពអាចបែងចែកទឹកប្រាក់ដល់ទៅ២០០ពាន់លានអឺរ៉ូមុនពេលដែលទឹកប្រាក់សរុបឈានដល់៥០០ ពាន់លានអឺរ៉ូ ។ យ៉ាងណាក៏ដោយ របាយការណ៍របស់លោកSchaeuble វាផ្ទុយគ្នាពីរដ្ឋមន្រ្តីហិរញ្ញវត្ថុបារាំងលោក Pierre Moscovici ដោយលោកបានចង្អុលបង្ហាញថា មេដឹកនាំអឺរ៉ុបទាំងអស់បានយល់ព្រមឈានដល់កិច្ចព្រមព្រៀងបង្កើតសហភាពធនាគារនៅក្នុងឆ្នាំនេះហើយគេត្រូវតែគោរពចំពោះកិច្ចព្រមព្រៀងនោះ។
លោក Moscovici បន្តថា វាជារឿងធម្មតាទៅហើយ នៅពេលដែលមានការខ្វែងគំនិតគ្នាលើបញ្ហាខុសៗគ្នានោះ ដោយសារយើងមានការព្រមព្រៀងលើបញ្ហាផ្សេង ព្រោះថា ទាំងបារាំងនិងអាល្លឺម៉ង់ដឹងថា ប្រសិនបើេគេមិនឈានដល់កិច្ចព្រមព្រៀងទេ នោះនឹងមិនអាចមានកិច្ចព្រមព្រៀងបានឡើយ ។ ការបង្កើតសហភាពធនាគារពាក់ព័ន្ធនឹងការត្រួតពិនិត្យធនាគារតំបន់អឺរ៉ុប ដោយធនាគារកណ្តាលអឺរ៉ុប (ECB )ដើម្បីបង្កើតមូលនិធិសម្រាប់បិទធនាគារណាដែលជួបនឹងបញ្ហានិងការពារប្រាក់់អ្នកដាក់បញ្ញើ ។ លោកបាននិយាយថា គណៈកម្មាធិការ អឺរ៉ុបរំពឹងថា សំណើបង្កើតយន្តការរួមដើម្បីត្រួតពិនិត្យធនាគារតំបន់អឺរ៉ុបអាចនឹងត្រូវអនុវត្តជាជំហានដោយចាប់ផ្តើមក្នុងខែមករា ឆ្នាំ២០១៣ខាងមុខ ៕
ចែករំលែកព័តមាននេះ