ទីក្រុងបាងកក ៖ ការស្ទង់មតិមួយបានបង្ហាញនៅថ្ងៃថ្ងៃព្រហស្បតិ៍ថា ទំនុកចិត្តអ្នកប្រើប្រាស់ថៃបានធ្លាក់ចុះក្នុងរយៈពេល៤ខែជាប់គ្នាត្រឹមខែឧសភា ដោយបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល២៧ខែ ព្រោះតែការព្រួយបារម្ភអំពីពន្ធគយរបស់សហរដ្ឋអាមេរិក និងការធ្លាក់ចុះសេដ្ឋកិច្ចជាតិ។ នេះបើតាមប្រភពពីកាសែតបាងកកប៉ុស្តិ៍បានចេញផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥។
សន្ទស្សន៍ដែលបានចងក្រងដោយសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ បានបង្ហាញពីតួលេខធ្លាក់ចុះដល់ ៥៤,២ពិន្ទុក្នុងខែឧសភា បើធៀបនឹង ៥៥,៤ពិន្ទុ កាលពីខែមេសា។ លោក Thanavath Phonvichai ប្រធានសកលវិទ្យាល័យសភាពាណិជ្ជកម្មថៃបានប្រាប់សន្និសីទសារព័ត៌មានថា ស្ថានភាពបច្ចុប្បន្នបង្ហាញយ៉ាងច្បាស់ថា តាមទស្សនៈរបស់អ្នកប្រើប្រាស់គិតថា សេដ្ឋកិច្ចមិនល្អ មិនមានសញ្ញានៃការងើបឡើងវិញនោះទេ។
ប្រទេសថៃនឹងប្រឈមមុខនឹងការយកពន្ធ ៣៦% ពីសហរដ្ឋអាមេរិក ប្រសិនបើប្រទេសមួយនេះបរាជ័យក្នុងការចរចាទមា្លក់អត្រាខ្ពស់មួយនេះ ពោលមុនពេលការផ្អាកយកពន្ធគយ ដើម្បីទុកពេលចរចាដែលនឹងអសពុលភាពនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ដ្បិតបច្ចុប្បន្នពន្ធចំនួន ១០% ត្រូវបានកំណត់លើប្រទេសភាគច្រើន រួមទាំងថៃផងដែរ ។
ប្រទេសថៃ នៅមិនទាន់ចាប់ផ្តើមការចរចាជាមួយអាមេរិកនៅឡើយទេ។ ក្រុមមន្ត្រីបានអះអាងនៅសប្តាហ៍នេះថា ការពិភាក្សានឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ ប៉ុន្តែមានភាពមិនច្បាស់លាស់អំពីព័ត៌មានលម្អិត និងកាលបរិច្ឆេទ។ លោក Thanavath Phonvichai បានថ្លែងថា «នៅពេលនេះ វាមិនច្បាស់ថាតើប្រទេសថៃនឹងអាចចរចាដោយជោគជ័យតាមពេលវេលាឬយ៉ាងណានោះទេ?
លោកក៏បានបន្ថែមថា ការប៉ាន់ស្មានការខូចខាតដល់សេដ្ឋកិច្ចពីការនាំចេញដែលបាត់បង់ និងប្រាក់ចំណូលពីវិស័យទេសចរណ៍នឹងមានប្រហែលពី ១៥០ ទៅ ២០០ពាន់លានបាត ឬជាង ៤,៦ ទៅជាង ៦,១ពាន់លានដុល្លារអាមេរិក។
សូមជម្រាបថា ទំនុកចិត្តរបស់អ្នកប្រើប្រាស់ គឺជាសូចនាករសេដ្ឋកិច្ចត្រូវបានវាស់កម្រិតសុទិដ្ឋិនិយមដែលបណ្តាអ្នកប្រើប្រាស់មានអារម្មណ៍អំពីស្ថានភាពសេដ្ឋកិច្ចប្រទេសជាតិទាំងមូល និងស្ថានភាពហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់ពួកគេ៕
ចែករំលែកព័តមាននេះ