ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​វៀតណាម​នឹង​ចុះហត្ថលេខា MoU ទិញ​ផលិតផល​កសិកម្ម​អា​មេ​រិ​ក​តម្លៃ​២​ពាន់​លាន​ដុល្លារ

3 ថ្ងៃ មុន

ប្រទេស​វៀតណាម ៖ ក្រសួងកសិកម្ម​វៀតណាម​បាន​អះអាង​នៅ​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០២៥ ថា បណ្តា​ក្រុមហ៊ុន​វៀតណាម​នឹង​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់ (MoU) ជាមួយនឹង​ដៃគូ​សហរដ្ឋអាមេរិក ដើម្បី​ទិញ​កសិផល​អា​មេ​រិ​ក​មាន​តម្លៃ​២​ពាន់​លាន​ដុល្លារ…

ប្រទេស​វៀតណាម ៖ ក្រសួងកសិកម្ម​វៀតណាម​បាន​អះអាង​នៅ​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០២៥ ថា បណ្តា​ក្រុមហ៊ុន​វៀតណាម​នឹង​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់ (MoU) ជាមួយនឹង​ដៃគូ​សហរដ្ឋអាមេរិក ដើម្បី​ទិញ​កសិផល​អា​មេ​រិ​ក​មាន​តម្លៃ​២​ពាន់​លាន​ដុល្លារ ដែល​ជា​ផ្នែក​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បី​សម្រេច​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​មួយ​រវាង​ប្រទេស​ទាំង​ពីរ​។ យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​ចេញផ្សាយ​។

ប្រទេស​វៀតណាម​រង​ការ​យកពន្ធ​រហូត​ដល់ ៤៦% ដោយ​រដ្ឋបាល​លោក ត្រាំ ទោះបីជា​ការ​កំណត់​អត្រាពន្ធ​នេះ​ត្រូវ​បាន​ផ្អាក​រហូត​ដល់​ខែកក្កដា​យ៉ាង​ក៏​ដោយ តែ​ប្រសិនបើ​វិធានការ​ពន្ធ​ចូល​ជា​ធរមាន​នោះ វៀតណាម​នឹង​រង​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កំណើនសេដ្ឋកិច្ច ដែល​ពឹងផ្អែក​លើ​ការ​នាំ​ចេញ​ទៅ​កាន់​សហរដ្ឋអាមេរិក ដែល​ជាទី​ផ្សារ​កំពូល​របស់​ខ្លួន​។

ក្រសួងកសិកម្ម​វៀតណាម​បាន​បញ្ជាក់​ថា កិច្ចព្រមព្រៀង​ថ្មី​ដែល​បាន​ចុះហត្ថលេខា​អំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​សហរដ្ឋអាមេរិក​ពី​គណៈប្រតិភូ​ក្រុមហ៊ុន​វៀតណាម​ចំនួន ៥០​ក្រុមហ៊ុន ដែល​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម លោក Do Duc Duy រួម​មាន​អនុស្សរណៈ​នៃ​ការ​យោគយល់​ចំនួន ៥ ដើម្បី​ទិញ​ផលិតផល​កសិកម្ម​តម្លៃ ៨០០​លាន​ដុល្លារ​ពី​រដ្ឋ​អាយ​អូ​វ៉ា (Iowa) ក្នុង​រយៈពេល​៣​ឆ្នាំ​។ ចំណែក​អនុស្សរណៈ​នៃ​ការ​យោគ​របស់​រដ្ឋ​អាយ​អូ​វ៉ា​ពាក់ព័ន្ធ​នឹង​ការ​ទិញ​ពោត ស្រូវ​សាលី គ្រាប់​ធញ្ញជាតិ​ស្ងួត និង​គ្រាប់សណ្តែក​ពី​វៀតណាម​។

បច្ចុប្បន្ន​វៀតណាម និង​រដ្ឋបាល​លោក ត្រាំ បាន​នឹង​កំពុងធ្វើការ​ចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ ដោយ​វៀតណាម​បាន​សន្យា​ថា​នឹង​អនុញ្ញាត​ឱ្យ​មានការ​នាំ​ចូល​ពី​សហរដ្ឋអាមេរិក​បន្ថែម​ទៀត ដើម្បី​បង្រួម​គម្លាត​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​។ ដ្បិត​សហរដ្ឋអាមេរិក​បាន​ចុះបញ្ជី​ឱនភាព​ពាណិជ្ជកម្ម​តម្លៃ ១២៣​ពាន់​លាន​ដុល្លារ ជាមួយ​ប្រទេស​វៀតណាម កាលពី​ឆ្នាំ​មុន​។

ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​បាន​រាយការណ៍​ថា ប្រទេស​វៀតណាម​កាលពី​ឆ្នាំ​មុន​បាន​ទិញ​កសិផល​របស់​សហរដ្ឋអាមេរិក​មាន​តម្លៃ ៣,៤​ពាន់​លាន​ដុល្លារ ហើយ​បាន​នាំ​ចេញ​កសិផល​របស់​ខ្លួន​ចំនួន ១៣,៦៨​ពាន់​លាន​ដុល្លារ​ទៅ​កាន់​សហរដ្ឋអាមេរិក​។

នៅ​ក្នុង​ការ​ចរចា​នោះ ប្រទេស​វៀតណាម​ក៏​បាន​សន្យា​ទិញ​ផលិតផល​អា​មេ​រិ​ក​ផ្សេង​ទៀត រួម​ទាំង​យន្តហោះ Boeing និង​ឧស្ម័ន​ធម្មជាតិ​រាវ​ផង​ដែរ ព្រមទាំង​បាន​សន្យា​នឹង​បង្ក្រាប​ការ​ក្លែងបន្លំ និង​ការ​លួច​ចម្លង​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល បន្ទាប់​ពី​សហរដ្ឋអាមេរិក​បាន​ចោទប្រកាន់​ប្រទេស​អាស៊ាន​មួយ​នេះ​ថា គឺជា​មជ្ឈមណ្ឌល​ដ៏​សំខាន់​សម្រាប់​សកម្មភាព​ខុសច្បាប់​អស់ទាំង​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ