អន្តរជាតិ ៖ តម្លៃមាសអន្តរជាតិនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ បានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជិតពីរខែ ហើយអាចបន្តកើនឡើងបន្ថែមទៀតនៅសប្តាហ៍នេះ បន្ទាប់ពីការវាយប្រហារដោយយោធាអ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់បានជំរុញឱ្យតម្រូវទ្រព្យសម្បត្តិដ៏មានសុវត្ថិភាពមួយនេះកើនឡើងខ្លាំង។
គិតត្រឹមម៉ោង១:៤៥នាទីរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ តម្លៃមាសអន្តរជាតិបានកើនឡើង ១.៣% នៅក្នុងតម្លៃ៣ ៤២៥ក្នុង១អោន ឬស្មើនឹង ៤ ០០៦ដុល្លារក្នុង១តម្លឹង បន្ទាប់ពីភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយកំពុងតែឡើងកម្តៅ ក្រោយអ៊ីស្រាអែលបានកំណត់គោលដៅវាយប្រហារលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ កាលពីយប់ថ្ងៃទី១២ ខែមិថុនា កន្លងទៅ ចំពេលតានតឹងកើនឡើងជុំវិញកិច្ចខិតខំប្រឹងប្រែងរបស់អាមេរិកក្នុងការបញ្ឈប់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ អ៊ីស្រាអែលក្រោយមកបានប្រកាសភាពអាសន្ន ដោយលើកឡើងពីការវាយប្រហារដោយមីស៊ីល និងដ្រូនពីអឺរ៉ង់ ហើយយោធាអាមេរិកកំពុងធ្វើសកម្មភាពផ្សេងៗនៅមជ្ឈិមបូព៌ា រួមទាំងជំនួយក្នុងការជម្លៀសជនស៊ីវិលអាមេរិកផងដែរ។
នៅក្នុងថ្ងៃជាមួយគ្នានេះ តម្លៃប្រេងបានកើនឡើងច្រើនជាង៤ដុល្លារក្នុង១បារ៉ែល ដោយឈានដល់តម្លៃខ្ពស់បំផុតក្នុងរយៈពេលជិត៥ខែ បន្ទាប់ពីអ៊ីស្រាអែលបានវាយប្រហារលើអ៊ីរ៉ង់ ដែលបង្កើនភាពតានតឹងយ៉ាងខ្លាំងនៅតំបន់មជ្ឈិមបូព៌ា និងបង្កើនការព្រួយបារម្ភអំពីការរំខានការផ្គត់ផ្គង់ប្រេងជាសកល។ ប្រេងឆៅអនាគតម៉ាក Brent បានកើនឡើងដល់ ៤,៦០ដុល្លារ ឬ ៦,៦៣% នៅក្នុងតម្លៃ ៧៣,៩៦ក្នុង១បារ៉ែល បន្ទាប់ពីឡើងដល់កម្រិតខ្ពស់បំផុត ៧៨,៥០ដុល្លារក្នុង១បារ៉ែល ចាប់តាំងពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥។
ចំពេលតម្លៃមាស និងប្រេងឆៅកើនឡើង ងាកទៅទីផ្សារភាគហ៊ុនធំៗជាច្រើនបានធ្លាក់ចុះ។ ជាក់ស្តែង សន្ទស្សន៍ S&P E-mini នាពេលអនាគតរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ ១,៦% ហើយ Nasdaq បានធ្លាក់ចុះ ១,៧% ស្របពេលសន្ទស្សន៍នៅអឺរ៉ុប Pan-European STOXX 50 បានធ្លាក់ចុះ ១,៧% ។ Nikkei ជប៉ុនធ្លាក់ចុះ ១,១% ចំណែក KOSPI របស់កូរ៉េខាងត្បូង ធ្លាក់ចុះ ១,៣% និង Hang Seng របស់ហុងកុងក៏ធ្លាក់ចុះ ១% ផងដែរ៕ ប្រភព ៖ Reuters



ចែករំលែកព័តមាននេះ