ក្រុមហ៊ុនមី MAMA ថៃ បង្ហាញពីការធ្លាក់ចុះទាំងប្រាក់ចំណូល និងចំណេញ កាលពីឆ្នាំមុន
ទីក្រុងបាងកក ៖ ក្រុមហ៊ុនមី MAMA ថៃ បង្ហាញការធ្លាក់ចុះប្រាក់ចំណេញ ១៧% នៅក្នុងឆ្នាំ ២០២៥ ដោយសារវិបត្តិសេដ្ឋកិច្ចពិភពលោក…
ទីក្រុងបាងកក ៖ ក្រុមហ៊ុនមី MAMA ថៃ បង្ហាញការធ្លាក់ចុះប្រាក់ចំណេញ ១៧% នៅក្នុងឆ្នាំ ២០២៥ ដោយសារវិបត្តិសេដ្ឋកិច្ចពិភពលោក…
ទីក្រុងបាងកក ៖ ក្រុមហ៊ុនមី MAMA ថៃ បង្ហាញការធ្លាក់ចុះប្រាក់ចំណេញ ១៧% នៅក្នុងឆ្នាំ ២០២៥ ដោយសារវិបត្តិសេដ្ឋកិច្ចពិភពលោក និងការកើនឡើងនៃថ្លៃដើម។ ក្រុមហ៊ុនក៏បានបង្ហាញផែនការឆ្នាំ ២០២៦ របស់ខ្លួន កំណត់គោលដៅទីផ្សារលំដាប់ខ្ពស់ ដើម្បីប្រកួតប្រជែងក្នុងទីផ្សារមីកញ្ចប់ដែលមានតម្លៃរាប់ពាន់លានដុល្លារ។ នេះបើ តាមប្រភពពីសារព័ត៌មានថៃ The Nation និង Thaiger ចេញផ្សាយកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦។
ក្រុមហ៊ុន Thai President Foods Public Company Limited (TFMAMA) ដែលជាក្រុមហ៊ុនផលិតមីកញ្ចប់ MAMA បានបង្ហាញលទ្ធផលប្រតិបត្តិការឆ្នាំ ២០២៥ របស់ខ្លួន ចំពេលមានបញ្ហាប្រឈមពីស្ថានភាពសេដ្ឋកិច្ចសកលប្រែប្រួល និងថ្លៃដើមវត្ថុធាតុដើម។
សេចក្តីសង្ខេបនៃលទ្ធផលហិរញ្ញវត្ថុសម្រាប់ឆ្នាំ ២០២៥ របស់ក្រុមហ៊ុនបង្ហាញថា ប្រាក់ចំណូលសរុបចំនួន ២៧,៦៤ ពានលានបាត ឬ ៨៩០ លានដុល្លារ ធ្លាក់ចុះ ៦,៦១% ធៀបនឹងឆ្នាំ ២០២៤ ខណៈប្រាក់ចំណេញសុទ្ធចំនួន ៣,៧ ពាន់លានបាត ឬ ១១៩ លានដុល្លារ ធ្លាក់ចុះ ១៧,២៧% ឬខាតបង់ជាង ៧៧៤ លានបាត ស្មើនឹង ២៥ លានដុល្លារ មូលហេតុចម្បងមកពីការលក់ក្រៅប្រទេសធ្លាក់ចុះ ដោយសារតែបញ្ហាភូមិសាស្ត្រនយោបាយ និងការប្រែប្រួលសេដ្ឋកិច្ចពិភពលោក រួមផ្សំជាមួយនឹងថ្លៃនៃវត្ថុធាតុដើមខ្ពស់ និងការប្រកួតប្រជែងខ្លាំងនៅក្នុងប្រភេទផលិតផលមួយចំនួន។
ទោះបីជាមានការធ្លាក់ចុះជារួមនៃប្រាក់ចំណេញក៏ដោយ ក៏ក្រុមហ៊ុន Mama មើលឃើញសញ្ញានៃការងើបឡើងវិញនៃអំណាចទិញក្នុងស្រុក។ ជាមួយគ្នានោះ ក្រុមហ៊ុន «ម៉ាម៉ា» ព្យាករណ៍ថាទីផ្សារមីកញ្ចប់នឹងកើនឡើងប្រហែល ២,៣ ទៅ ៣,៣% នៅឆ្នាំនេះ ជាមួយនឹងយុទ្ធសាស្ត្រដើម្បីគ្រប់គ្រងហានិភ័យវត្ថុធាតុដើម រួមទាំង ការរៀបចំខ្លួនដើម្បីទប់ទល់នឹងតម្លៃម្សៅស្រូវសាលីដែលអាចនឹងកើនឡើងដោយសារតែគ្រោះរាំងស្ងួត និងការឡើងកំដៅផែនដីនៅក្នុងប្រទេសអូស្ត្រាលី និងកាណាដា ក៏ដូចជាពន្លឿនការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ដើម្បីស្វែងរកវត្ថុធាតុដើមជំនួស។
ការអនុវត្តបែបថ្មី និងផលិតផលមានតម្លៃខ្ពស់ ដោយបន្តអភិវឌ្ឍផលិតផលថ្មីៗ បំពេញតម្រូវការ និងផ្តោតទៅលើផលិតផលលំដាប់ខ្ពស់ដែលបង្កើតប្រាក់ចំណេញខ្ពស់។ ជាពិសេស ភ្ជាប់យុទ្ធសាស្ត្រអាជីវកម្មទៅនឹងទំនួលខុសត្រូវបរិស្ថាន និងសង្គមនៅទូទាំងខ្សែសង្វាក់ផ្គត់ផ្គង់ ដើម្បីកសាងទំនុកចិត្តរបស់វិនិយោគិន និងធានាសុវត្ថិភាពវត្ថុធាតុដើមរយៈពេលវែង៕



ចែករំលែកព័តមាននេះ