ទីក្រុងគូឡាឡាំពួ ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀងរបស់ប្រទេសម៉ាឡេស៊ី បានលើកឡើងថា ផ្លែទុរេនពូជ Musang King គឺជាកម្មសិទ្ធិរបស់ម៉ាឡេស៊ី ហើយមិនអាចដាក់លក់ក្រោមឈ្មោះដូចគ្នាដោយប្រទេសដទៃទៀតបានទេ។ នេះបើតាមប្រភពពីសារព័ត៌មាន VnExpress ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦។
យោងតាមកាសែតម៉ាឡេស៊ី The Star បានរាយការណ៍ថា លោក Mohamed Sabu រដ្ឋមន្ត្រីក្រសួងកសិកម្មម៉ាឡេស៊ីបានថ្លែងនៅក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ថា ផ្លែទុរេន Musang King ត្រូវបានការពារក្រោមការចុះបញ្ជីសម្គាល់ភូមិសាស្ត្រ (GI) របស់ម៉ាឡេស៊ី។ លោកលើកឡើងថា «ទុរេន Musang King ជាកម្មសិទ្ធិរបស់ម៉ាឡេស៊ី។ ប្រទេសដទៃមិនអាចហៅទុរេនពួកគេថា Musang King បានទេ។ ពួកវាអាចមើលទៅស្រដៀងគ្នា ប៉ុន្តែយើងទាំងអស់គ្នាដឹងហើយថារសជាតិគឺខុសគ្នា»។
លោកបានបន្តថា ប្រទេសម៉ាឡេស៊ីកំពុងធ្វើការពិភាក្សាជាបន្តបន្ទាប់ជាមួយរដ្ឋបាលគយទូទៅប្រទេសចិន ដើម្បីការពារការនាំចេញទុរេន Musang King របស់ម៉ាឡេស៊ី។ លោកបន្ថែមថា អាជ្ញាធរទីផ្សារកសិកម្មសហព័ន្ធធានាថា ទុរេន Musang King ត្រូវបានបិទភ្ជាប់ជាមួយស្លាកផ្លូវការ។
លោកបានកត់សម្គាល់ដូច្នេះថា «នៅពេលណាខ្ញុំទៅលេងប្រទេសចិន មិនថាអាជីវកម្មផ្លូវការ ឬឯកជនទេ ខ្ញុំតែងសង្កេតមើលទុរេននៅទីនោះ។ ពេលខ្លះពួកវាត្រូវបានបិទស្លាកថា Musang King ប៉ុន្តែរសជាតិមិនដូចគ្នាទេ។ នោះហើយជាមូលហេតុដែលអាជ្ញាធររបស់យើងនឹងបន្តធ្វើការជាមួយរដ្ឋបាលគយទូទៅប្រទេសចិនជុំវិញរឿងនេះ»។
លោក Mohamed Sabu ក៏បានគូសបញ្ជាក់ពីតម្រូវការក្នុងការអប់រំអ្នកប្រើប្រាស់នៅក្នុងប្រទេសចិនថាមានតែផ្លែទុរេន Musang King ដែលត្រូវបានអនុម័តមានត្រា MyBest ប៉ុណ្ណោះ ដែលជាការនាំចេញពិតប្រាកដរបស់ម៉ាឡេស៊ី។ លោកបានរំលេចថា «យើងត្រូវតែការពារម៉ាកយីហោនេះ។ ការនាំចេញផ្លែទុរេនរបស់យើងទៅកាន់ប្រទេសចិនមានតម្លៃខ្ពស់ និងផ្តល់នូវប្រភពចំណូលថ្មីដ៏សំខាន់សម្រាប់កសិករក្នុងស្រុក»៕

ចែករំលែកព័តមាននេះ