តាមកំណត់ត្រានៃកិច្ចខិតខំប្រឹងប្រែងសហការគ្នាអភិរក្សនិងការពារ ចាប់ពីឆ្នាំ២០២២ រហូតដល់ពេលបច្ចុប្បន្ននេះ នៅទន្លេមេគង្គកម្ពុជា អាចមានប្រភេទត្រីយក្សដែលគេស្គាល់ថា ត្រីរាជលើសពី៥៨ក្បាល ។
អង្គការ Wonders of the Mekong បានអះអាងថា នេះ គឺជាចំនួនត្រីរាជ ដែលត្រូវបានគេចាប់ និងបំពាក់ស្លាក ហើយលែងចូលទៅក្នុងទីជម្រកធម្មជាតិនៅទន្លេមេគង្គ តាំងពីឆ្នាំ២០២២ ដោយរួមទាំងត្រីនេះ១០ក្បាល ដែលគេបំពាក់ស្លាក និងដោះលែង ក្នុងខែមករា និងខែកុម្ភៈ ឆ្នាំ២០២៦ថ្មីៗនេះ។
ត្រីរាជ មានឈ្មោះថា Pangasianodon gigas ជាកំណប់ដ៏មានតម្លៃដែលមានតែនៅក្នុងទន្លេមេគង្គ ។ ជាច្រើនទស្សវត្សមកហើយ ត្រីរាជបានធ្វើចរាចរពីទន្លេមេគង្គទៅបឹងទន្លេសាប ដែលជាបេះដូងនៃប្រទេសកម្ពុជា ក្នុងរដូវវាស្សា ដើម្បីរកចំណី និងធំលូតលាស់ ។ ក្នុងនោះក៏មានត្រីរាជខ្លះបានធ្វើចរាចរចុះទៅតំបន់វាលទំនាបលិចទឹកនៃតំបន់ដីសណ្តរមេគង្គ ក្នុងខេត្តព្រៃវែងផងដែរ ។
ត្រីនេះ គឺជាអំបូរត្រីធំហើយអាចលូតលាស់ដល់ប្រវែង៣ម៉ែត្រ និងទម្ងន់ដល់ទៅ៣៥០គីឡូក្រាមឯណោះ ប៉ុន្តែតែវាមិនបង្កគ្រោះថ្នាក់ដល់មនុស្ស សត្វ និងត្រីដទៃឯទៀតឡើយ។ ពេលនៅតូច ត្រីរាជ ពុំមានព្រុយពុកមាត់ និងមានធ្មេញតូចៗ ។ ប៉ុន្តែពេលវាធំឡើង ព្រុយពុកមាត់ និងឆ្នូត ក៏ចាប់ផ្តើមរលុបបាត់អស់នៅពេលវាមានប្រវែងដល់៣០ទៅ៥០សង់ទីម៉ែត្រ ។ ពេលនៅតូច ភ្នែកត្រីរាជ ស្ថិតនៅតាមបណ្តោយរង្វះមាត់ ។ ពេលធំពេញវ័យ ភ្នែករបស់វាធ្លាក់មកនៅក្រោមរង្វះមាត់ ។ កូនត្រីរាជ និងកូនត្រីប្រា មានលក្ខណៈស្រដៀងគ្នាដែលជាហេតុធ្វើឱ្យមានការច្រឡំ និងត្រូវចាប់វាយកទៅលក់លាយឡំនឹងត្រីប្រា ។
ត្រីរាជ រស់នៅក្នុងទន្លេធម្មជាតិ ហើយក៏អាចរស់នៅក្នុងស្រះចិញ្ចឹមត្រីបានផងដែរ ។ មិនដូចជា ត្រីប្រម៉ាញ់ឯទៀត ត្រីរាជស៊ីពពួកស្លែ ប្លង់តុង វារីជាតិ និងមមោកនៅបាតទន្លេធម្មជាតិ តែបើនៅក្នុងស្រះចិញ្ចឹមត្រី វាស៊ីកាកសំណល់ដែលសល់ពីត្រីផ្សេងៗ ។ ត្រីរាជបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាតុល្យភាពប្រព័ន្ធអេកូឡូស៊ីនៅក្នុងទន្លេមេគង្គ។
តាមការកត់ត្រារបស់អ្នកស្រាវជ្រាវវិទ្យាសាស្ត្របានអះអាងថា កាលពីអតីតកាលត្រីរាជ ជាប្រភេទត្រី ធ្វើចរាចរណ៍ផ្លូវឆ្ងាយដែលអាចលាតសន្ធឹងរហូតដល់ជាង៤០០០គីឡូម៉ែត្រ ពាសពេញដងទន្លេមេគង្គ ចាប់ពីខេត្តយូណាន ប្រទេសចិន ទៅដល់តំបន់ដីសណ្តមេគង្គ ក្នុងប្រទេសវៀតណាម ។
នាពេលបច្ចុប្បន្ននេះ ដោយសារបាត់បង់ទីជម្រក ការនេសាទហួសកម្រិត ដូច្នេះ វាមិនអាចរស់នៅពាសពេញ ឬធ្វើចរាចរផ្លាស់ទីដោយសេរីពាសពេញដែនទឹកទន្លេមេគង្គ ដូចមុនទៀតឡើយ ។ ចំនួនត្រីរាជ បានធ្លាក់ចុះយ៉ាងគំហុក ៕
ចែករំលែកព័តមាននេះ