ប្រទេសអូស្ត្រាលី ៖ ប្រទេសអូស្ត្រាលីកំពុងជួបប្រទះវិបត្តិលំនៅដ្ឋានធ្ងន់ធ្ងរ ដោយតម្លៃផ្ទះជាមធ្យមក្នុងប្រទេសធំបំផុតនៅទ្វីបអូសេអានីមួយនេះ បានកើនលើសពី១លានដុល្លារអូស្ត្រាលី ឬ ៦៥២ ០០០ដុល្លារអាមេរិកជាលើកដំបូង។ នេះបើតាមប្រភពពីសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥។
យោងតាមតួលេខដែលបានចេញផ្សាយដោយការិយាល័យស្ថិតិអូស្ត្រាលី ហៅកាត់ថា ABS សប្តាហ៍នេះប៉ាន់ប្រមាណថា ផ្ទះជាមធ្យមមានតម្លៃ ១,០០២,៥០០ដុល្លារអូស្ត្រាលី ឬ ៦៥២ ៨៣៥ដុល្លារអាមេរិកក្នុងត្រីមាសទី១ ត្រឹមខែមិនា ឆ្នាំនេះ កើនឡើង ០.៧% បើធៀបនឹងត្រីមាសមុន។ កត្តានេះនាំឱ្យប្រជាជនអូស្ត្រាលីជាច្រើនកំពុងតែជួបវិបត្តិលទ្ធភាពទិញផ្ទះ។ ស្របពេលដែលបណ្តាអ្នកជំនាញលើកឡើងថា វិបត្តិកំពុងត្រូវបានជំរុញដោយកង្វះផ្ទះសម្បែង ការកើនឡើងចំនួនប្រជាជន ការលើកទឹកចិត្តពន្ធសម្រាប់អ្នកវិនិយោគអចលនទ្រព្យ និងការវិនិយោគមិនគ្រប់គ្រាន់ក្នុងវិស័យលំនៅដ្ឋាន។
របាយការណ៍ ABS ក៏បានបង្ហាញថា រដ្ឋញូសោតវែលស៍ (New South Wales) ដែលមានប្រជាជនច្រើនជាងគេបំផុតរបស់ប្រទេសអូស្ត្រាលី នៅតែបន្តមានផ្ទះលក់ក្នុងតម្លៃ ជាមធ្យម១.២លានដុល្លារអូស្ត្រាលី ឬ៧៨១ ៥៦៦ដុល្លារអាមេរិក បន្ទាប់មករដ្ឋឃ្វីនស៍លែន (Queensland) តម្លៃ៩៤៥ ០០០ដុល្លារអូស្ត្រាលី ឬ៦១៥ ៦២៣ដុល្លារអាមេរិក។តួរលេខនេះគិតលើលំនៅដ្ឋានចំនួន១១,៣លាន ដោយរាប់បញ្ចូលគ្រប់ទំហំនៃប្រភេទផ្ទះ ចាប់ពីផ្ទះទីធ្លា រហូតដល់ផ្ទះល្វែង និងអាផាតមិន។
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese ដែលបានឈ្នះអាណត្តិទីពីរកាលពីខែមុន អំឡុងពេលដែលវិស័យលំនៅដ្ឋាន គឺជាបញ្ហាកំពូលមួយរបស់ប្រទេសអូស្ត្រាលីនោះ កាលពីថ្ងៃអង្គារបានថ្លែងថា រដ្ឋាភិបាលរបស់លោកកំពុងស្វែងរកការកាត់បន្ថយបន្ថែមទៀត សម្រាប់អ្នកអភិវឌ្ឍន៍ ស្របពេលដែលពួកគេបានត្អូញត្អែរជាយូរមកហើយថាច្បាប់បានរៀបចំផែនការរារាំងពួកគេមិនឱ្យសាងសង់ផ្ទះគ្រប់គ្រាន់៕


ចែករំលែកព័តមាននេះ