ទីក្រុងឡុងដ៍ ៖ សហរដ្ឋអាមេរិក និងប្រទេសចិនបានព្រមព្រៀងគ្នាជាគោលការណ៍លើក្របខណ្ឌមួយ ដើម្បីកាត់បន្ថយភាពតានតឹងពាណិជ្ជកម្ម និងរក្សាការផ្អាកសង្គ្រាមពន្ធរវាងប្រទេសមានទំហំសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោក ព្រមទាំងលុបចោលការរឹតបន្តឹងការនាំចេញរ៉ែកម្ររបស់ចិន ប៉ុន្តែលទ្ធផលការចរចាហាក់ផ្តល់សញ្ញាតិចតួចប៉ុណ្ណោះ ចំពោះដំណោះស្រាយភាពតានតឹងពាណិជ្ជកម្មយូរអង្វែងរវាងភាគីទាំងពីរ។ នេះបើតាមប្រភពពីទីភ្នាក់សារព័ត៌មាន Reuters និង BBC បានចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥។
នៅចុងបញ្ចប់ការចរចារយៈពេលពីរថ្ងៃនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោក Howard Lutnick បានប្រាប់បណ្តាអ្នកយកព័ត៌មានថា កិច្ចព្រមព្រៀងក្របខណ្ឌបានបំពេញបន្ថែមលើកិច្ចព្រមព្រៀង ដែលសម្រេចបានកាលពីខែមុន នៅឯទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីបន្ធូរបន្ថយអត្រាពន្ធគយ៣ខ្ទង់សងសឹករវាងភាគីទាំងពីរ។
ទោះយ៉ាងណា កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវស្ទើរតែបាត់បង់ទៅហើយ ដោយសារការបន្តទប់ស្កាត់របស់ប្រទេសចិនលើការនាំចេញសារធាតុរ៉ែសំខាន់ៗទៅសហរដ្ឋអាមេរិក ដែលជំរុញឱ្យរដ្ឋបាលលោក ត្រាំ ឆ្លើយតបជាមួយការទប់ស្គាត់ការនាំចេញវត្ថុធាតុដើមសម្រាប់ផលិតបន្ទះឈីបហ្សាញ ការនាំចេញយន្តហោះ និងទំនិញផ្សេងទៀតទៅកាន់ប្រទេសចិន។
លោក Lutnick បានបន្តទៀតថា កិច្ចព្រមព្រៀងដែលកើតឡើងនៅទីក្រុងឡុងដ៍ នឹងលុបចោលការរឹតបន្តឹងលើការនាំចេញរ៉ែកម្ររបស់ចិន ក៏ដូចជាការរឹតបន្តឹងការនាំចេញរបស់សហរដ្ឋអាមេរិកនាពេលថ្មីៗនេះផងដែរ។ ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិតនោះទេ ដោយលោកបញ្ជាក់ថា «យើងព្រមព្រៀងក្របខណ្ឌមួយ ដើម្បីអនុវត្តការឯកភាពពីកិច្ចព្រមព្រៀងនៅទីក្រុងហ្សឺណែវ ព្រមទាំងការអំពាវនាវពីប្រធានាធិបតីនៃប្រទេសទាំងពីរ (ដែលបានសន្ទានតាមទូរស័ព្ទកាលពីថ្មីៗនេះ)។ ហើយប្រសិនបើវាត្រូវបានអនុម័តនោះ យើងនឹងអនុវត្តតាមក្របខណ្ឌដែលបានព្រមព្រៀងគ្នានេះតែម្តង»។
នៅក្នុងបទសម្ភាសន៍ដាច់ដោយឡែក អនុរដ្ឋមន្ត្រីពាណិជ្ជកម្មចិន លោក Li Chenggang ក៏បានថ្លែងថា ក្របខណ្ឌពាណិជ្ជកម្មត្រូវបានព្រមព្រៀងជាគោលការណ៍ ដែលនឹងត្រូវយកត្រឡប់ទៅឆ្លងមេដឹកនាំអាមេរិក និងចិនវិញ។
អ្នកវិភាគមើលឃើញថា កិច្ចព្រមព្រៀងនេះ អាចរក្សាកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ ពាក់ព័ន្ធនឹងការដោះស្រាយលើការគ្រប់គ្រងការនាំចេញតែប៉ុណ្ណោះ ប៉ុន្តែហាក់ដូចជាហុចផលតិចតួចដើម្បីដោះស្រាយភាពខុសគ្នាលើពន្ធឯកតោភាគីរបស់លោក ត្រាំ និងការត្អូញត្អែររបស់សហរដ្ឋអាមេរិកជាយូរមកហើយអំពីគំរូសេដ្ឋកិច្ច ដែលដឹកនាំដោយប្រទេសចិន។
គួរបញ្ជាក់ជូនថា សហរដ្ឋអាមេរិក និងប្រទេសចិនមានពេលត្រឹមថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ដើម្បីចរចាកិច្ចព្រមព្រៀងបន្ថែមទៀត ដើម្បីបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្ម ឬអត្រាពន្ធគយដែលបានទម្លាក់ពី ១៤៥% មកនៅត្រឹម ៣០% ដែលអាមេរិកបានដាក់លើចិន និងអត្រា ១២៥% មកនៅត្រឹម ១០% ដែលចិនបានដាក់លើអាមេរិក៕

ចែករំលែកព័តមាននេះ