រោងចក្រផលិតសម្លៀកបំពាក់ និងស្បែកជើងនៅកម្ពុជា កំពុងសម្រុកនាំចេញទៅកាន់អាមេរិក ដើម្បីកាត់បន្ថយហានិភ័យដែលអាចកើតមានពីបញ្ហាពន្ធ ខណ:ការចរចាពីរជុំជាមួយអាមេរិក មិនទាន់ឈានដល់ការព្រមព្រៀងគ្នានៅឡើយ។

តាមស្ថិតិពីការិយាល័យស្ថិតិសហរដ្ឋអាមេរិក បានឲ្យដឹងថា ៤ខែដើមឆ្នាំ២០២៥ នេះ កម្ពុជានាំចេញទៅកាន់ទីផ្សារអាមេរិក មានតម្លៃដល់ទៅជាង៤ពាន់លានដុល្លារ ហើយនាំចូលមកវិញប្រមាណជា១០៧លានដុល្លារ ។
ចំណែកស្ថិតិដែលមន្ត្រីក្រសួងពាណិជ្ជកម្មបានបង្ហាញនៅក្នុងរង្វង់៤ខែ ដើមឆ្នាំ២០២៥នេះ កម្ពុជាបាន កំពុងតែបង្កើនការនាំចេញសម្លៀកបំពាក់ដល់ទៅ ជាង ៣,១៤ ពាន់លានដុល្លារ កើនឡើងប្រមាណជា២១ភាគរយ ។ ទំនិញសម្រាប់ធ្វើដំណើរ និងកាបូប មានតម្លៃប្រមាណជា៥៦២លានដុល្លារជាមួយនឹងកំណើន១៣ភាគរយ ។ ស្បែកជើង គឺមានតម្លៃជិត៤៥៤ លានដុល្លារ ជាមួយនឹងកំណើនជាង៣៧ភាគរយ ហើយវាយនភ័ណ្ឌ គឺមានតម្លៃជាង១៥១ លានដុល្លារជាមួយនឹងកំណើន១៩ភាគរយ ។

ពាក់ព័ន្ធនឹងកំណើននេះ មន្ត្រីសហជីពមួយរូបបានឲ្យដឹងថា កំណើននេះ អាចស្ទុះខ្លាំងដោយសារតែទីផ្សារនៅសហរដ្ឋអាមេរិក ។
លោកបានបង្ហើបថា «អ្នកបញ្ជាទិញពីទីផ្សារអាមេរិក គឺសម្រុកខ្លាំង នៅខែ៤និងខែ៥ ព្រមទាំងខែ៦នេះ ដោយសារតែពួកគេខ្លាចរបាំងពន្ធដែលលោកត្រាំបានប្រកាស កាលពីថ្ងៃទី០២ ខែមេសា កន្លងទៅ»។
លោកបានអះអាងថា រាល់ការបញ្ជាទិញផលិតផលសម្លៀកបំពាក់ វាយនភ័ណ្ឌ ស្បែកជើង ទំនិញធ្វើដំណើរ និងកាបូប ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក គឺភាគច្រើនកំពុងតែសម្រុកបញ្ចប់កុងត្រា បញ្ជាទិញពេញមួយឆ្នាំតែម្តង ពីព្រោះខ្លាចរបាំងពន្ធ៤៩ភាគរយ ៕
ចែករំលែកព័តមាននេះ