រាជធានីភ្នំពេញ ៖ «ពហុកីឡដ្ឋានជាតិមរតកតេជោ»ជិតស្ថាបនាហើយ ដោយស្នាដៃក្រុមហ៊ុនរបស់សេដ្ឋីក្នុងស្រុកម្នាក់ គឺលោក
ឧកញ៉ា លី យ៉ុងផាត់ បច្ចុប្បន្នជាសមាជិកព្រឹទ្ធសភា មកពីគណបក្សប្រជាជនកម្ពុជា ។
ព្រឹកថ្ងៃទី១៩ កញ្ញា ឆ្នាំ២០១២ លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោកកែប ជុតិមា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងជាអភិបាលរាជធានីភ្នំពេញ ឧកញ៉ាលី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា រួមជាមួយនិងមន្ត្រីសាលារាជធានីភ្នំពេញ ច្រើនរូបដោយមានអ្នកសារព័ត៌មានជាតិជាច្រើនរូបទៀត បានទៅចូលរួមយកព័ត៌មាន ពេលអស់លោកអញ្ជើញទៅពិនិត្យមើលទីតាំងដែលត្រូវសាងសង់ពហុកីឡដ្ឋានថ្មីស្ថិតនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌឫស្សីកែវ លើផ្ទៃដីប្រមាណ៨៣ហិកតា ស្ថិតនៅក្នុងតំបន់អភិវឌ្ឍរបស់ឧកញ៉ាលី យ៉ុងផាត់ ។
លោកវ៉ាត់ ចំរើន អគ្គលេខា គណកម្មាធិការជាតិអូឡាំពិកកម្ពុជាបានអះអាងថា នៅមុនឆ្នាំ២០២០កម្ពុជានឹងមានពហុកីឡដ្ឋានដ៏ទំនើបមិនធ្លាប់មាននៅព្រះរាជាណាចក្រកម្ពុជា ដែលជាលើកដំបូងគំរូនៅក្នុងប្រទេស ព្រមទាំងនៅក្នុងតំបន់ ដែលជាពហុកីឡដ្ឋានបម្រើឱ្យពហុវិស័យកីឡា និងអាចទទួលធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាSEA GAME នៅឆ្នាំ២០២០ខាងមុខ ក៏ដូចជាទទួលរៀបចំការប្រកួតកីឡាក្នុងព្រឹត្តការណ៍ធំៗទៀតផងដែរ ។
លោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា ស្របពេលដែលកំណើនសេដ្ឋកិច្ចនិងកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង វិស័យកីឡាជាមុខព្រួញមួយចាំបាច់ មានការអភិវឌ្ឍន៍ក្រោមចក្ខុវិស័យដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។ លោកអភិបាលរាជធានីនិយាយថា ពហុកីឡដ្ឋានដែលត្រូវសាងសង់នាពេលនេះមានឈ្មោះថា«ពហុកីឡដ្ឋានជាតិមរតកតេជោ»សាងសង់លើតំបន់អភិវឌ្ឍរបស់លោក ឧកញ៉ាលី យ៉ុងផាត់ ដែលមានហេដ្ឋារចនាសម្ព័ន្ធស្រាប់ ហើយទីតាំងនេះលែងនៅឆ្ងាយពីរាជធានីភ្នំពេញហើយ។ ពហុកីឡដ្ឋាននេះនឹងចាប់ផ្តើមសាងសង់នៅពេលឆាប់ៗនេះ តែលោកមិនបានបញ្ជាក់កាលបរិច្ឆេទនោះទេ ។ ក្នុងរយៈពេលកន្លងមក និងទៅថ្ងៃមុខ នឹងប្រែក្លាយជាតំបន់ទេសចរណ៍ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការកម្សាន្ត ។ ល។ ដ៏ទំនើបមួយ។ លោកបញ្ជាក់ថា ជាក់ស្តែងពេលនេះលោកឧកញ៉ាលី យ៉ុងផាត់ មានរៀបចំទីលានវាយកូនគោលយ៉ាងទំនើបមិនធ្លាប់មានដែលមាន៣៦រន្ធបានស្ថាបនាជិតរួចរាល់១០០%ហើយ ។
លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកឡើងថា ដើម្បីប្រែក្លាយតំបន់នោះឱ្យទទួលបានការចាប់អារម្មណ៍និងទាក់ទាញអ្នកទេសចរណ៍ក៏ដូចជាប្រជាពលរដ្ឋ ចាំបាច់ត្រូវតែប្រមូលផ្តុំ ដោយហេដ្ឋារចនាសម្ព័ន្ធមានលក្ខណៈទំនើបទាន់សម័យ មានកន្លែងវាយកូនហ្គោល សណ្ឋាគារ មជ្ឈមណ្ឌលពាណិជ្ជកម្ម បុរីលំនៅឋាន សួនសត្វជាដើម និងប្រែក្លាយឱ្យទៅជាទីក្រុងរណប១ទាន់សម័យនៅអាស៊ីអាគ្នេយ៍ផងដែរ ។
គួរបញ្ជាក់ផងដែរថា ទីលានវាយកូនហ្គោលដ៏ធំនោះមាន៣៦រន្ធ កំពុងដំណើរការសាងសង់ ដែររហូតមកដល់ពេលនេះ ជិតរួចរាល់ហើយ មានទីតាំងនៅជាប់បរិវេណពហុកីឡដ្ឋានថ្មីនេះដែរ គ្រោងនឹងបើកសម្ពោធជាផ្លូវការនៅក្នុងពេលឆាប់ៗខាងមុខ ។ ចំណែកឯពហុកីឡដ្ឋានជាតិមរតកតេជោគ្រោងនឹងបើកការដ្ឋានស្ថាបនា នាចុងឆ្នាំ២០១២ នេះដែលសាងសង់ដោយក្រុមហ៊ុនលោកឧកញ៉ា លី យ៉ុងផាត់ ។
លោកកែប ជុតិមា បានថ្លែងប្រាប់អ្នកកាសែតថា ពិតជាគួរឱ្យមោទនៈភាពណាស់សម្រាប់ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋទាំងមូល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាអ្នកដឹកនាំប្រទេសជាតិប្រកបដោយគតិបណ្ឌិតឈ្លាសវៃ បានប្រែក្លាយប្រទេសជាតិទាំងមូល ដែលទើបងើបផុតពីគំនរសំរាមក្នុងរយៈពេលតែប៉ុន្មានឆ្នាំកន្លងមកនេះ សម្តេចបានធ្វើឱ្យមានភាពរីកចម្រើនល្បីរន្ទឺនៅលើឆាកអន្តរជាតិ គ្រប់ផ្នែក គ្រប់វិស័យ ជាពិសេសកម្រិតជីវភាពប្រជាពលរដ្ឋតែម្តង ។ លោកកែប ជុតិមា និយាយថា ជាក់ស្តែងពេលនេះព្រះរាជាណាចក្រកម្ពុជាពិតជាមានភាពល្បីល្បាញ។ ឯប្រជាពលរដ្ឋមានការកែប្រែមុខមាត់ថ្មី ជីវភាពកាន់តែធូរធារទៅៗ ក៏ដោយសារការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ដូចពាក្យមួយឃ្លាថា «បើរើសអ្នកដឹកនាំត្រូវ ប្រទេសជាតិរីកចម្រើន តែបើរើសអ្នកដឹកនាំខុស ប្រទេសជាតិនឹងលិចលង់ដូចជំនាន់ប៉ុល ពត ជាដើម »។ ហើយអ្វីដែលជាការកត់សម្គាល់ទៀតនោះ នៅពេលឆាប់ៗខាងមុខនេះព្រះរាជាណាចក្រកម្ពុជានឹងមានពហុកីឡដ្ឋានដ៏ទំនើប ដែលមិនធ្លាប់មានពីមុនមក ហើយនិងធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតកីឡាSEA GAME នៅឆ្នាំ២០២០ខាងមុខទៀតផង ៕
ចែករំលែកព័តមាននេះ