រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១៩ កញ្ញា តុលាការកំពូលបានបើកសវនាការជំនុំជម្រះរឿងក្ដីភរិយាលោកឧកញ៉ា ខូវ ជឺលី និងអ្នកបម្រើ៣នាក់ ពាក់ព័ន្ធជាប់ចោទករណីប៉ុនប៉ងធ្វើមនុស្សឃាតលើភរិយាលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ។ សវនាការបានធ្វើឡើងតាមបណ្ដឹងសាទុក្ខរបស់ជនជាប់ចោទ និងមេធាវីដែលតុលាការថ្នាក់ក្រោមផ្ដន្ទាទោសម្នាក់ពី១៨ទៅ២០ឆ្នាំ មកហើយ។
អង្គសវនាការមានលោក ឃឹម ប៉ុន ប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងមានការចូលរួមពីសំណាក់ភាគីចុងបណ្ដឹង លោកស៊ុន ចាន់ថុលទេសរដ្ឋមន្រ្តី អមដោយលោកប៉ាល់ ច័ន្ទតារា មេធាវី ។ ចំណែកដើមបណ្ដឹងទាស់វិញមាន ជនត្រូវចោទលោកស្រី សេង ចន្ទដា ស្រ្តីឈ្មោះនាង ស៊ីណាត ចាន់ សុខា និងបុរសឈ្មោះ សុខ ឡាក់ ព្រមទាំងមេធាវីការពារក្ដី៤រូបមានលោកកា សាវុធ លោកលឹម វណ្ណា លោកធុយ សាគុណ និងលោកយិន វេងកា ។ មានការចូលរួមពីលោកឧកញ៉ា ខូវ ជឺលី និងក្រុមគ្រួសារជាច្រើននាក់សុទ្ធសឹងជាកូនបង្កើតនិងកូនប្រសា ញាតិមិត្តដែលត្រូវជាសាច់ឈាមនៅក្នុងស្រុកខ្មែរ និងមកពីប្រទេសបារាំងផង ដែរ។ អង្គសវនាការនេះគឺជាអង្គសវនាការសាកសួរដេញដោលទៅលើអង្គច្បាប់ ដើម្បីឈានទៅសម្រេចលើអង្គសេចក្ដីដែលតុលាការថ្នាក់ក្រោម និងថ្នាក់កណ្ដាលបានសម្រេចកន្លងមក ។
ការសាកសួរដេញដោលទៅលើអង្គច្បាប់បានធ្វើឡើងពេញមួយព្រឹក រហូតដល់ម៉ោង ១២ និង៣០នាទីទើបត្រូវបញ្ចប់ ប៉ុន្តែប្រធានក្រុមប្រឹក្សាបានប្រកាសបន្តទៅថ្ងៃទី២១ កញ្ញា ទៀត ដែលថ្ងៃនោះគឺជាថ្ងៃដែលត្រូវធ្វើការសន្និដ្ឋានរបស់មេធាវីទាំងសងខាង និងតំណាងមហាអយ្យការនិងឈានដល់សំណូមពរចុងក្រោយរបស់ជនជាប់ចោទដើម្បីឱ្យប្រធានក្រុមប្រឹក្សាធ្វើការពិចារណាសម្រេចលើការចោទប្រកាន់និងប្រកាសសាលដីកា ។
ទោះជាយ៉ាងណាក្ដីអ្នកស្រីសេង ចន្ទដា ភរិយាលោកឧកញ៉ា ខូវ ជឺលីបានសម្ដែងក្ដីក្រៀមក្រំក្រែងលែង។នៅពេលរៀបឡើងរថយន្តសមត្ថកិច្ចទៅកាន់ពន្ធនាគារព្រៃសវិញបាននិយាយថា លោកស្រីមានជំនឿយ៉ាងមុតមាំលើតុលាការកំពូលពិតជាផ្ដល់យុត្តិធម៌ដល់លោកស្រីនិងមនុស្ស៣នាក់ទៀតដែលគ្មានកំហុស ។ ចំណែក លោកឧកញ៉ា ខូវ ជឺលី ក៏យ៉ាងដូច្នេះដែរមុនពេលភរិយាឡើងរថយន្តបែកគ្នាទៅ បានប្រមូលកូន កូនប្រសា និងសាច់ញាតិមកពីប្រទេសបារាំងថតរូបរួមគ្នា នេះបញ្ជាក់ឱ្យឃើញថា ពួកគាត់ពិតជាមានភក្ដីភាពរវាងគ្រួសារត្រកូលខូវតែមួយ ។ លោកឧកញ៉ាខូវ ជឺលី បានសម្ដែងការសាទរចំពោះលោកប្រធានក្រុមប្រឹក្សាអង្គជំនុំជម្រះតុលាការកំពូលថា ពិតជានឹងផ្ដល់ភាពយុត្តិធម៌ដ៏បរិសុទ្ធមកលើភរិយានិងក្រុមគ្រួសាររបស់លោក ។ លោកនិយាយថា មានតែតុលាការកំពូលនោះហើយ ដែជាស្ថាប័នយុត្តិធម៌បំផុតសម្រាប់រកយុត្តិធម៌ជូនជនរួមជាតិមិនលម្អៀង ពោលគឺភរិយារបស់លោកឧកញ៉ា និងស្រ្តី៣នាក់នោះ មិនបានធ្វើអ្វីខុសទេ ។
ចំណែកលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដែលជាស្វាមីដើមបណ្ដឹងលើសំណុំរឿងប៉ុនប៉ងមនុស្សឃាត ពេលចេញពីបន្ទប់សវនាការវិញលោកបានជួបជាមួយអ្នកកាសែតដ៏ច្រើនកុះ ករនេះដោយថែ្លងទាំងទឹកមុខមុតមាំថា សុំឱ្យអ្នកកាសែតសរសេរឱ្យបានត្រឹមត្រូវ ។
ខុសពីលោកមេធាវីប៉ាល់ ច័ន្ទតារា ដែលពោរពេញទៅដោយច្បាប់ពេញខ្លួន ក្រោយពីបិទសវ នាការ លោកបានឱបឯកសារឡើងរថយន្តទៅទទួលទានអាហារថ្ងៃត្រង់បាត់ទៅ រកតែអ្នកកា សែតសួរបន្តិចមិនទាន់ ។ គេបានសង្កេតឃើញថា សវនាការនៅតុលាការកំពូលពឹ្រកថ្ងៃទី ១៩ កញ្ញា សាច់ញាតិ និងក្រុមគ្រួសារដែលមានកូន កូនប្រសា របស់លោកឧកញ៉ាខូវ ជឺលី មកច្រើននាក់ទាំងនៅក្នុងស្រុកនិងក្រៅស្រុកសម្ដែងការគាំទ្រ ស្រឡាញ់និងអាណិតអាសូរភរិយាលោកឧកញ៉ាខូវ ជឺលី ។ ក្រោយពីបានស្ដាប់អង្គសវនាការនៅតុលាការកំពូលនោះ ពួកគេម្នាក់ៗសម្ដែងទឹកចិត្តមានសង្ឃឹមថា ពិតជាទទួលបានយុត្តិធម៌មកវិញ ៕
ចែករំលែកព័តមាននេះ