ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាសែតមួយ​នៅ​ប្រទេស​ឈី​លី​ត្រូវ​តុលាការ​តម្រូវ​ឱ្យ​សងអ្នក​អាន​របស់​ខ្លួន​125.000​ ដុល្លារ

12 ឆ្នាំ មុន

តុលាការ​​ជាន់​ខ្ពស់ប្រទេស​ឈី​លី​(អាមេរិក​ឡាទីន​)ទើប​តែ​ចេញ​សាលដី​កា​បង្គាប់​ឱ្យ​កា​សែត​ប្រចាំ​ថ្ងៃ​ La Tercera ដែល​មាន​ទី​ស្នាក់​ការ​នៅ​រដ្ឋ​ធានី​សង់ត្យាហ្គោ ត្រូវ​តែ​សង​ជំងឺ​ចិត្ត​ចំនួន​​១២៥.០០០​ដុល្លារ​អាមេរិក​ ដល់​មិត្ត​អ្នក​អាន​របស់​ខ្លួន​ដែល​រង​គ្រោះ​​ដោយ​សារ​ធ្វើ​តាម​របៀប​ណែ​នាំ​ក្នុង​កាសែត​ពី​ការ​រៀន​ធ្វើ​នំ​ចៀន​churros ដែល​មនុស​្ស​ជា​ច្រើន​និយម​ហូប​ ។

តុលាការ​​ជាន់​ខ្ពស់ប្រទេស​ឈី​លី​(អាមេរិក​ឡាទីន​)ទើប​តែ​ចេញ​សាលដី​កា​បង្គាប់​ឱ្យ​កា​សែត​ប្រចាំ​ថ្ងៃ​ La Tercera ដែល​មាន​ទី​ស្នាក់​ការ​នៅ​រដ្ឋ​ធានី​សង់ត្យាហ្គោ ត្រូវ​តែ​សង​ជំងឺ​ចិត្ត​ចំនួន​​១២៥.០០០​ដុល្លារ​អាមេរិក​ ដល់​មិត្ត​អ្នក​អាន​របស់​ខ្លួន​ដែល​រង​គ្រោះ​​ដោយ​សារ​ធ្វើ​តាម​របៀប​ណែ​នាំ​ក្នុង​កាសែត​ពី​ការ​រៀន​ធ្វើ​នំ​ចៀន​churros ដែល​មនុស​្ស​ជា​ច្រើន​និយម​ហូប​ ។

តាម​ឯក​សារ​ចោទ​ប្រកាន់​របស់​រដ្ឋ​អាជ្ញា គឺ​កាលពី​ឆ្នាំ​២០០៤ កាសែត ​La Tercera បាន​ចុះ​ផ្សាយ​​រូបមន្ត​ធ្វើ​នំ​ចៀន​ churros តាម​របៀប​អេស្ប៉ាញ​ ដែលប្រជា​ជន​ឈី​​លី​ក៏​ដូច​ជា​ប្រទេស​នានា​តំបន់​អាមេរិក​ឡាទីន​ចូល​ចិត្ត​ហូប​រាប់​រយ​ឆ្នាំមក​ហើយ​ ។​ ប៉ុន្មានថ្ងៃ​ក្រោយ​បន្ទាប់​ពី​កាសែត​ចុះ​ផ្សាយ​រូប​មន្ត​ធ្វើ​នំ​នោះ​ មាន​អ្នក​អាន​១៣​​នាក់​​ត្រូវ​ចូល​ពេទ្យ​ទទួលការ​សង្គ្រោះ​បន្ទាន់​ព្រោះតែ​រលាក​ខ្លួន​ធ្ងន់​ ដោយ​សារ​នំ​ក្នុង​ប្រេង​កំពុង​ពុះ​​ផ្ទុះ​ខ្ទាត​លើ​ខ្លួន​ប្រាណ ។ ប៉ូលិស​បើក​ការ​ស៊ីប​អង្កេត​​រក​ឃើញ​ វា​មក​ពី​របៀប​ណែ​នាំ​របស់​កា​សែត​និយាយរួមៗ​មិន​ច្បាស់​លាស់​ធ្វើ​ឱ្យ​អ្នកអាន​ធ្វើ​នំ​ churros មិន​បាន​ត្រឹម​ត្រូវ​​ ឈាន​ដល់​រង​គ្រោះ​ដោយ​ចៃដន្យ​ ខ្លះ​ធ្ងន់​ ខ្លះ​ស្រាល​បង្គួរ​ ។​

អ្នកឯក​ទេស​ខាង​ធ្វើ​នំ​ដែល​ប៉ូលិស​សុំ​ឱ្យ​ពន្យល់​​ពី​ហេតុ​ផល​នេះ​និយាយ​ថា​មក​ពី​កា​សែត ​La Tercera ខ្លួន​ឯង​អត់​យល់​ច្បាស់​របៀប​ធ្វើនំ​ churros ម៉្លោះហើយ​និយាយ​អត់​លះ​ច្បាស់​លាស់​ទើប​មាន​រឿង​អីុ​ចឹង​កើត​ឡើង​ ។ ត្រូវ​ចាក់​នំ​ churros ចូល​ខ្ទះ​មុន​ពេល​ប្រេង​ពុះ បើ​ចាំ​ដល់​ប្រេង​ពុះ​ក្តៅ​ខ្លាំង​ទើប​ចាក់​នំ​ចូល វា​មុខ​ជា​ផ្ទុះខ្ទាត​ព្រោងព្រាត​បង្កគ្រោះថ្នាក់ធ្ងន់​ ករណី​ផ្ទុះចំ​ភ្នែក​ត្រូវ​ខ្វាក់ភ្នែកខានមើលទូរទស្សន៍ ។ ជនរងគ្រោះទាំង១៣នាក់ ក្នុងនោះស្រី១១​នាក់​ប្រុស២នាក់ រៀនធ្វើនំ churros តាមការ​ណែ​នាំរបស់កាសែតដើម្បីហូបក្នុងគ្រួសារ។ ​ស្ត្រី​ឈ្មោះ Lucrecia Sepulveda ដែលរងគ្រោះ​ធ្ងន់ជាងគេ និយាយរំលឹកថា «ពេលខ្ញុំចាក់នំ​churros ចូល​ខ្ទះ​ដែល​ប្រេង​កំពុងពុះខ្លាំង ស្រាប់​តែវា​ផ្ទុះ​ប៉ើងព្រោងព្រាត ខ្លះប៉ើង​ឡើង​លើ​បុក​ដល់​ពិតាន​ផ្ទះបាយ​ ខ្លះប៉ើងទៅលិច​ទៅកើត​ហើយ​មួយ​ចំនួន​ទៀតប៉ើងមកលើមុខនិងខ្លួន​ប្រាណ​ខ្ញុំ» ។

ទីបំផុត​ពាក់​កណ្តាល​ឆ្នាំ​២០០៤ ជនរង គ្រោះ​ទាំង​១៣​នាក់​រួម​គ្នា​ប្តឹង​ឡើង​តុលា​ការទាម​ទារឲ្យកាសែត​ La  Tercera សងជំងឺចិត្ត យ៉ាង​ហោចក៏ឲ្យបានរួចថ្លៃព្យាបាលដែរ នេះ​មិនទាន់​គិតពីការឈឺចាប់ទាំងរាងកាយ ទាំង​ស្មារតី​ដែល​មិនគួរកើតមានផង។ ប៉ុន្តែឆ្លង​កាត់សវនាការទាំង​បឋម ទាំងឧទ្ធរណ៍ កាសែត La Tercera នៅតែ​បដិសេធទំនួល​ខុស​ត្រូវ​ក្នុងរឿងនេះ ទម្រាំតែ​ឈាន​ដល់ការ​សម្រេច​របស់តុលាការកំពូល​ដែលជាការ​សម្រេច​ចុង​ក្រោយ​បង្អស់​ ហេតុការ​ណ៍​បាន​អូស​បន្លាយ​ពេលថែម៧ឆ្នាំទៀត។​សេចក្តី​សម្រេច​របស់​តុលាការកំពូលតម្រូវឲ្យ​កា​សែត La Tercera សងជំងឺចិត្ត១១០លាន​pesosត្រូវជា​១២៥. ០០០ដុល្លារ​អាមេរិកឲ្យជន​រង​គ្រោះទាំង១៣នាក់ ក្នុងនោះអ្នករងរបួសធ្ងន់​ជាងគេបាន៤៨.០០០ ដុល្លារអាមេរិក ​អ្នករង គ្រោះស្រាលជាងគេបាន ទទួល២៩០​ដុល្លារអា​មេរិក។

លោក ​Mathias Valdivieso មេធាវី​ខាង​ដើមចោទ​ និយាយ​ខ្លាំង​ៗ​ដាក់​តំណាង​កាសែត​ La Tercera ក្នុង​តុលា​ការ​ថា « កាសែត​ La Tercera ​ជាកាសែត​ធំឈរ​លំដាប់​ទី​ពីរ​នៅ​ប្រទេស​ឈី​លី​ ចេញ​ផ្សាយ​១០០.០០០​​ច្បាប់​សម្រាប់​ថ្ងៃ​ធម្មតា​ ចំណែក​ថ្ងៃ​ចុង​សប្តាហ៍ចេញ​ផ្សាយ​​​ច្រើន​ជាង​នេះ​ទ្វេដង​ ។ ហេតុ​នេះ​កាសែត​ត្រូវ​​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​មុន​ចុះ​ផ្សាយ​អត្ថ​បទ​ប្រភេទ​ណា​ក៏​ដោយ​ដើម្បី​រក្សា​កេរ្តិ៍​ឈ្មោះ​របស់​ខ្លួន​ ។​ សង្ឃឹម​នៅ​ថ្ងៃ​​ក្រោយ​មិន​មាន​បាតុ​ភាព​បែប​នេះ​ម្តង​ទៀត» ។អ្នក​ស្រី​Lucrecia Sepulveda ក៏​និយាយ​ថែមថា​ «សំណាង​ណាស់​ដែល​តុលាការ​ជាន់​ខ្ពស់​ផ្តល់​យុត្តិ​​ធម៌ដល់​ពួក​ខ្ញុំ ថ្វី​បើ​យូរ​បន្តិច​ក៏​ពិត​មែន​។ មុន​នេះ​ពួក​​ខ្ញុំ​ទាំ​ង​១៣នាក់​អស់​សង្ឃឹម​រលីង​ទៅ ហើយ ​ព្រោះ​អ្វី​ៗចេះ​តែ​ស្ងាត់​ទៅ​ៗ​​ជិត​១​ទស​​វត្ស​»។

ប្រវត្តិ​សាស្ត្រ​សម័យ​ថ្មី​ បាន​កត់​សម្គាល់​រឿង​ប្តឹងប្តល់​ចម្លែក​កាលពី​ឆ្នាំ​១៩៩៤​ ពេល​លោក​យាយ​ជន​ជាតិ​អាមេរិក​ម្នាក់​ឈ្មោះ Stella liebeck អាយុ​៧៩​ឆ្នាំ​​ រស់​នៅ​ក្រុង​ Albuquer-​que​​​ ដែល​ជា​ក្រុង​ធំ​ជាង​គេ​ក្នុងរដ្ឋ​ញូវម៉ិចស៊ីកូ ប្តឹង​ក្រុម​ហ៊ុន​ McDonald’s ដែល​ជា​ក្រុម​ហ៊ុន​ផលិត​អាហារ​រហ័ស​ ។ កាលពី​២​ឆ្នាំ​មុន​លោក​យាយ​ Stella liebeck ទិញ​កាហ្វេ​មួយ​កែវ​ពី​ហាង​ McDonald’s នៅ​ក្បែរ​ផ្ទះ ហើយ​ត្រូវ​កា ហ្វេ​ក្នុង​កែវ​ដែល​កំពុង​មាន​កម្តៅ៨៨​អង្សា បាញ់​ជះ​លើ​ខ្លួន​​ពេល​បើក​គម្រក​ចេញ​​បណ្តាល​ឱ្យ​រលាក​​ធ្ងន់​​ចូល​ពេទ្យ​សឹង​មិន​ទាន់​ ។​ គាត់​ត្រូវ​ដេក​ពេទ្យ​ជិត​មួយ​​ឆ្នាំ​ទម្រា​ជាសះ​ស្បើយ​ ។

ទី​បំផុត​តុលាការ​សម្រេច​ឱ្យ​ក្រុម​ហ៊ុន McDonald’s សង​ជំងឺ​ចិត្ត​លោក​យាយ​រង​គ្រោះ​ចំនួន​២,៧លាន​ដុល្លារ​ ។ ក្រោយ​ហេតុ​​ការណ៍​នេះ​ ក្រុមហ៊ុន ​McDonald’s បោះ​ពុម្ព​អក្សរ​លើ​គម្រប​កែវ​កាហ្វេ​ឆុង​ស្រាប់​ដាក់​ថា​«​ប្រយ័ត្ន​!​ ទឹក​ក្តៅ» ៕