មហាសេដ្ឋីកូរ៉េខាងត្បូងខាងព័ត៌មានវិទ្យាលោកAHN CHEOL-SOO ប្រកាសកាលពីថ្ងៃទី១៩ កញ្ញា នូវបេក្ខភាពរបស់លោកក្នុងការបោះឆ្នោតប្រធានាធិបតីនាខែធ្នូខាងមុខនេះនៅកូរ៉េខាងត្បូង ដែលប្រការនោះអាចញុំាងឱ្យមានការផ្លាស់ប្តូរក្នុងការបោះឆ្នោតនោះដែលរហូតមកទល់ពេលនេះគេកំណត់ឃើញថា បេក្ខនារីអភិរក្សនិយមលោកស្រីPARK GEUN-HYEអាចជាអ្នកឈ្នះនោះ ។
លោកAHN CHEOL -SOO អាយុ៥០ឆ្នាំ ជាស្ថាបនិកនៃក្រុមហ៊ុនព័ត៌មានវិទ្យាប្រឆាំងវីរុស AHNLAB ។ លោកគ្មានបទពិសោធន៍ខាងនយោបាយឡើយ ក៏ប៉ុន្តែលោកត្រូវចាត់ទុកថាជាគូប្រជែងសំខាន់តទល់គ្នា ជាមួយកូនស្រីមេដឹកនាំផ្តាច់ការកូរ៉េខាងត្បូងលោកបា៉កជុងហ៊ី ។ ក្នុងការស្ទាបស្ទង់មតិនានាបេក្ខជនទាំង២មានអ្នកគាំទ្រប្រហាក់ប្រហែលគ្នា ។ បេក្ខជនអ្នកជំនួញរូបនេះចង់ឱ្យមានការឧបត្ថម្ភសង្គមសម្រាប់ពលរដ្ឋនិងមានការគោរពច្បាប់កាន់តែខ្លាំងរបស់បណ្តាសហគ្រាសធំៗ ដែលចាត់ទុកនិយោជិតរបស់ខ្លួនដូចសត្វនៅក្នុងទ្រុង ។ លោកក៏ជាមនុស្សប្រកាន់នយោបាយម៉ឺងម៉ាត់ចំពោះកូរ៉េខាងជើងដែរ ៕
ចែករំលែកព័តមាននេះ