អយ្យការអេហ្ស៊ីបរាយការណ៍កាលពីថ្ងៃទី១៨ កញ្ញាថាអេហ្ស៊ីបនឹងកាត់ទោសពីបទប្រមាថសាសនាអ៊ិស្លាមប្រឆាំងគ្រឹស្តសាសនិកអេហ្ស៊ីប៧នាក់ដែលរស់នៅក្រៅប្រទេសនិងគ្រូប្រដៅសាសនាគ្រឹស្តអាមេរិកលោកTERRY JONESមកពីការចូលរួមរបស់ពួកអ្នកទាំងនេះក្នុងការផ្សាយខ្សែភាពយន្តដែលចំអកចំពោះព្រះមហាមា៉ត់ ។
អយ្យការអេហ្ស៊ីបបន្តទៀតថា ជនជាប់ចោទទាំងនេះអាចមានទោសប្រហារជីវិតហើយអេហ្ស៊ីបទាមទារធ្វើបត្យាប័នពួកគេ ។ អយ្យការនោះពុំបានបញ្ជាក់ថាតើជនជាតិអេហ្ស៊ីបទាំង៧នាក់ដែលត្រូវចោទប្រកាន់នោះរស់នៅទីណាឡើយ ក៏ប៉ុន្តែក្នុងចំណោមអ្នកទាំងនោះមានលោកម័ររីស សាដេក រស់នៅសហរដ្ឋអាមេរិកដែលជននេះប្រកាសថាបានចូលរួមក្នុងការថតខ្សែភាពយន្តរឿង«ភាពស្លូតត្រង់របស់ពួកអ៊ិស្លាម»នោះ។ លោកពឺលីយ៉ា បានសឺឡី ដែលគេស្គាល់ក្រោមឈ្មោះណាគូឡា បាសឺឡី ណាគូឡា ក៏នឹងត្រូវកាត់ទោសដែរ ។
ប្រភពតុលាការឱ្យដឹងថា កាលបរិច្ឆេទនៃសវនាការកាត់ទោស ពួកអ្នកទាំងនេះ នឹងកំណត់នាពេលក្រោយ ។ដោយថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះខ្សែភាពយន្តនេះរដ្ឋាភិបាលអាមេរិកនិយាយថា ខ្លួនមិនអាចរារាំងការចាក់ផ្សាយខ្សែភាពយន្តនេះ ព្រោះតែដោយសារគោលការណ៍នៃសេរីភាពបញ្ចេញមតិ ។ជនជាប់ចោទទាំង៨នោះក៏នឹងត្រូវកាត់ទោសផងដែរ ពីបទអុជអាលឱ្យមានការបំបែកសង្គមអេហ្ស៊ីប ៕
ចែករំលែកព័តមាននេះ